ខេត្តសៀមរាប ៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែងតែរួមគ្នាប្រារព្ធ «ពិធីបុណ្យឡើងមាឃ» ឬ «ឡើងអ្នកតា» យ៉ាងខ្ជាប់ខ្ជួនតាមទំនៀមទម្លាប់ពីបុរាណកាលមក។
នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានប្រកាសនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា ៖ រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរតែងប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល ។ ពិធីនេះធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបន្តថា អ្នកស្រុកនៅភូមិនគរក្រៅ រៀបចំពិធីនេះនៅទួលអ្នកតាគង់ ។ រីឯនៅប្រាសាទអង្គរវត្ត រៀបចំចំពោះតារាជ នៅបរិវេណទល់មុខគុកតារាជ ។ ចំពោះប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធកិច្ចពិធីនេះនៅទីតាំងបីផ្សេងគ្នា ទី១នៅលើប្រាសាទ ទី២នៅទួលដូនប៉ុក និងទី៣នៅទួលតាមឿង។
គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូច ឬធំ ទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខម្ហូបដែលគេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។
សូមជម្រាបថា កិច្ចពិធីឡើងមាឃមានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថា វដ្ដរដូវកសិកម្មបានបញ្ចប់ហើយ ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់ ៕







ចែករំលែកព័តមាននេះ