របាយការណ៍ពី Driving.ca ដកស្រង់ការស្រាវជ្រាវពីក្រុមហ៊ុន JD Power ដែលបញ្ជាក់ថាការលក់រថយន្តអគ្គិសនីឥឡូវនេះមានចំនួនលើសការលក់រថយន្តលេខដៃនៅអាមេរិក។ បើយើងស្តាប់ទៅ ហាក់បីដូចជារថយន្តលេខដៃកំពុងតែដើរទៅកាន់ទីបញ្ចប់ហើយ។ តែសម្រាប់អ្នកស្រឡាញ់រថយន្ត គេនៅតែប្រើប្រាស់រថយន្តលេខដៃ។ នាពេលនេះ សូម្បីតែរថយន្ត Corvette ដែលល្បីខាងប្រើប្រាស់ម៉ាស៊ីនលេខដៃ ក៏មានតែជម្រើសអូតូដែរ។
នោះក៏ព្រោះតែម៉ូឌែល C8 Corvette ថ្មីត្រូវបានបង្កើតឡើងសម្រាប់ការប្រណាំង ហើយមិនសូវមានតម្រូវការលេខដៃនោះទេ។ គេទិញវាដោយសារតែល្បឿន មិនមែនដោយសារចង្កឹះលេខឡើយ។ ដូចជារថយន្តស្ព័រផ្សេងៗទៀត ដូចជា McLaren ឬ Ferrari ឬ Lamborghini ភាគច្រើនជាប្រភេទរថយន្តអូតូ ដែលមានទីបតូនិច (Pedal Shift) ជាប់នឹងចង្កូត សម្រាប់ជម្រើសដាក់លេខចុះឡើង ស្រួលជាងការប្រើប្រាស់លេខដៃធម្មតា។

រថយន្តលេខដៃ កំពុងតែដើរត្រឡប់ក្រោយ ដោយសារតែក្រុមហ៊ុនរថយន្តធំៗជាច្រើន កំពុងតែផលិតវាសម្រាប់តែអ្នកស្រឡាញ់វក់នឹងរថយន្តលេខដៃប៉ុណ្ណោះ។ អ្នកទាំងនោះ សុទ្ធតែជាអ្នកចូលចិត្តភាពលំបាក ក្នុងការអបអំប្រ៊ីយ៉ា ពេលដែលស្ទះផ្លូវ។ ពួកគេគិតថា ការពិបាកគឺជាអ្វីដែលឡូយ។
សម្រាប់ក្រុមហ៊ុនមួយចំនួន ដូចជា Honda នៅតែសប្បាយក្នុងការផលិតរថយន្តលេខដៃ Accord Sport, Civiv Si និង Type R។ Mazda ក៏មាន Mazda MX5 ដែរ ដែលជាលេខដៃ។ ក្រុមហ៊ុន Porsche ក៏ដាក់ជម្រើសលេខដៃនៅលើរថយន្តស្ព័រ 911 ឆ្នាំ២០២០ ដែរ។ Mustang, Camaro និង Challenger សុទ្ធតែមានជម្រើសលេខដៃ។ និយាយទៅរថយន្តលេខដៃចុះប្រជាប្រិយភាពមែន តែវាសម្បូរនៅក្នុងពិភពរថយន្តស្ព័រ។
រថយន្តអគ្គិសនីគឺជាចំណែកមួយនៃទីផ្សារទាំងមូលនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាមានការកើនឡើងជាលំដាប់ដូចការព្យាករណ៍។ ទន្ទឹមនឹងនេះដែរ បច្ចុប្បន្នរថយន្តស្ព័រមានជម្រើសទាំងលេខដៃនិងអូតូ ហើយដល់ថ្នាក់ថារថយន្តស្ព័រខ្លះទៀតប្រើអគ្គិសនីទៀត។ វាមិនដូចកាលពីមុន ដែលរថយន្តស្ព័រសុទ្ធតែប្រើលេខដៃនោះទេ៕
ចែករំលែកព័តមាននេះ