រាជធានីភ្នំពេញ ៖ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាបានបង្ហាញនូវសុទិដ្ឋនិយមចំពោះវិស័យនេះអាចនឹងប្រសើរឡើងវិញនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ ដោយបណ្ដាក្រុមហ៊ុននិងអ្នកវិនិយោគមួយចំនួនបានបន្តសកម្មភាពរបស់ខ្លួន ជាមួយនឹងក្ដីរំពឹងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។

បើតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងថា ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា លោកជឿថាអាចនឹងមានភាពល្អប្រសើរឡើងវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា « វិបត្តិគ្រប់យ៉ាងនៅក្នុងឆ្នាំ ២០២០នេះ គឺបង្កឡើងដោយជំងឺកូវីដ១៩ ដែលធ្វើអោយវិស័យផ្សេងៗ រួមទាំង

វិស័យអចលនទ្រព្យផងដែរនោះមានបញ្ហានិងធ្វើអោយសកម្មភាពវិនិយោគនានាត្រូវបានថមថយមួយកម្រិត » ។ លោកបានបន្តថា ដោយសារតែ បណ្ដាប្រទេសធំៗមួយចំនួននៅលើពិភពលោកបានប្រកាសពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មិនយូរទេវ៉ាក់សាំងនោះ នឹងអាចប្រើប្រាស់ជាផ្លូវការនៅលើពីភពលោក ដែលជំងឹកូវីដ១៩នោះ នឹងត្រូវរលាយបាត់ពីពិភពលោក ធ្វើអោយសកម្មភាពវិនិយោគ សកម្មភាពក្នុងវិស័យទេសចរណ៍ នឹងងើបឡើងវិញ ហើយកម្ពុជានឹងទទួលបានវិនិយោគិនមកបណ្ដាក់ទុនវិនិយោគឡើងវិញជាក់ជាមិនខាន ។

ជាមួយនឹងក្ដីរំពឹងពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យនេះដែរ វិនិយោគិនក្នុងវិស័យខុនដូជាច្រើន ក៏បាននិងកំពុងបន្តអភិវឌ្ឍន៍គម្រោង និងជំរុញការលក់របស់ខ្លួនអោយកាន់តែខ្លាំងជាងមុនផងដែរ ដោយមើលឃើញពីសក្ដានុពលនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ។

លោក Zhong Jin Jian នាយកគ្រប់គ្រងទៅទូនៃក្រុមហ៊ុនអចលនទ្រព្យ Wangfu Guoji បាននិយាយថា មូលហេតុដែលលោកសម្រេចមកវិនិយោគនៅកម្ពុជា ដោយសារតែចង់អោយប្រជាជនរស់នៅក្នុងប្រទេសកម្ពុជាទទួលនូវការរស់នៅបែបស៊ីវិល័យ ដូចនឹងប្រទេសរីកចម្រើនដែរ ។ ទោះបីជាពេលនេះ កម្ពុជានិងពិភពលោកទទួលរងនូវវិបត្តិយ៉ាងណាក្ដី ក្នុងនាមជាអ្នកវិនិយោគមួយរូប នៅតែបន្តប្រឹងប្រែង អភិវឌ្ឍន៍គម្រោងអោយកាន់តែមានគុណភាព ជាមួយនឹងជំនឿជាក់លើការគាំទ្រពីប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ។

លោកបានបន្តថា បើទោះបីជាស្ថានភាពយ៉ាងក្តី បើសិនជាក្រុមហ៊ុននីមួយៗ មានហិរញ្ញវត្ថុរឹងមាំនោះ វានឹងមិនធ្វើអោយបញ្ហាអ្វីដល់ដំណើរការវិនិយោគនោះទេ។ អ្វីដែលពិសេសការជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍជាខុនដូ និងអចលនទ្រព្យផ្សេងក៏សំខាន់ផងដែរ ដើម្បីទទួលបានការគាំទ្រនិងជោគជ័យ ។

ដោយឡែកអ្នកអភិវឌ្ឍន៍គម្រោងខុនដូមួយទៀតនៅ តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យជាពិសេសខុនដូ ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដោយរំពឹងថាវិនិយោគិនបរទេសនឹងមកកាន់ប្រទេសកម្ពុជាស្វែងរកការវិនិយោគឡើងវិញ និងអាចធ្វើអោយសកម្មភាពវិនិយោគនៅកម្ពុជាមានភាពប្រសើរឡើងវិញ ៕
ចែករំលែកព័តមាននេះ