ខេត្តព្រៃវែង ៖ តាមបណ្ដាញសង្គមហ្វេសប៊ុកក៏ដូចជាពលរដ្ឋទូទៅ បានភ្ញាក់ផ្អើល និងមានការចាប់ អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយបង្ហោះពីពិធីហែអង្គកឋិនទាន ចូលវត្តមេសរ
ប្រចាន់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង កាលពីថ្ងៃទី២ វិច្ឆិកាកន្លងទៅ ។
ក្នុងពិធីហែអង្គកឋិននោះ គេឃើញមានពុទ្ធបរិស័ទជាច្រើនរយនាក់បានស្លៀកពាក់ជាសម្លៀកបំពាក់បុរាណសម័យអង្គរ មានសំពត់ចងក្បិនអាវប៉ាក់ ហូលផាមួង ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរ និងមានអ្នកស្លៀកពាក់សម្ដែងជាតួអប្សរាតួអង្គនៅក្នុងសាច់រឿង«ទុំទាវ» និងមានទាំងក្រុមឆៃយ៉ាំ រាំដង្ហែយ៉ាងគគ្រឹកគគ្រេងផងដែរ ដែលអាចចាត់ទុកថា មិនធ្លាប់មានកន្លងមកនោះទេ ហើយក៏ប្រហែលមានតែអង្គកឋិនមួយនេះគត់ដែលបានរៀបចំឡើងបែបនេះ ។
ពិធីហែអង្គកឋិនទានចូលទៅកាន់វត្តមេសរប្រចាន់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ វិច្ឆិកា ដែលជាបុណ្យកឋិនទានសាមគ្គីធ្វើឡើង ដោយពុទ្ធបរិស័ទជិតឆ្ងាយរាប់រយនាក់រួមគ្នាដង្ហែអង្គកឋិនទាន ចូលមកកាន់ក្នុងវត្តមេសរប្រចាន់ ហើយបើតាមការបញ្ជាក់ពីគណៈកម្មការវត្តបានឱ្យដឹងថា បច្ច័យបានពីអង្គកឋិនឆ្នាំនេះ គឺប្រមូលប្រាក់បានប្រមាណ២ម៉ឺន៧ពាន់ដុល្លារអាមេរិក ។
លោកតាគណៈកម្មការអាចារ្យវត្តមេសរប្រចាន់នេះបានឲ្យកោះសន្តិភាពដឹងថា ពិធីដង្ហែអង្គកឋិនទានចូលវត្តមេសរប្រចាន់នេះ គឺប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទម្លាប់ ដូចពិធីបុណ្យកឋិន ដែលធ្វើឡើងនៅតាមបណ្ដាវត្តផ្សេងៗដែរ ខុសប្លែកត្រង់វត្តមេសរប្រចាន់ឆ្នាំនេះ ព្រះតេជគុណព្រះគ្រូចៅអធិការវត្ត បានរៀបចំឲ្យមានជាកម្មវិធីស្លៀកពាក់សម្លៀកបំពាក់បុរាណ បែបប្រពៃណីខ្មែរ នឹងមានជាក្រុមសម្តែងសិល្បៈ ដូចជាក្រុមឆៃយ៉ាំ ក្រុមរបាំបូរាណនិងក្រុមសម្ដែងរឿងផងដែរហើយជាមួយនេះក៏មានការរៀបចំកម្មវិធីសប្បាយៗជាច្រើនទៀត ដែលកម្មវិធីទាំងអស់នេះផ្ដួចផ្ដើមគំនិតធ្វើឡើងដោយព្រះគ្រូចៅអធិការវត្តមេសរប្រចាន់ផ្ទាល់តែម្ដង ។
ព្រះតេជគុណ ស៊ុន ច័ន្ទសុធា ព្រះគ្រូចៅអធិការវត្តមេសរប្រចាន់នេះបានឱ្យកោះសន្តិភាពដឹងថា មូលហេតុដែលព្រះតេជគុណរៀបចំឱ្យមានកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ក្រោយ ឱ្យស្គាល់និងស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាពិសេស គឺសម្លៀកបំពាក់ខ្មែរតាំងពីសម័យបុរាណ ពិសេសសម័យអង្គរដ៏ថ្កុំថ្កើងរបស់ខ្មែរ ។
ជាលទ្ធផលឃើញថា នៅថ្ងៃបុណ្យកឋិនទានវត្តមេសរប្រចាន់នេះ មានពុទ្ធបរិស័ទ និងក្រុមយុវជនរាប់រយនាក់ បានចូលរួមស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ មកចូលរួមនៅក្នុងពិធីហែអង្គកឋិនទាននេះយ៉ាងគ្រឹកគ្រេង ។ ព្រះតេជគុណចៅអធិការបានបញ្ជាក់ផងដែរថា ព្រះតេជគុណគ្រាន់តែជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតឲ្យមានកម្មវិធីនេះប៉ុណ្ណោះ ដោយឡែកក្រុមសិល្បៈឆៃយ៉ាំ ក្រុមរបាំបុរាណ ក្រុមសម្តែងរឿង ក៏ដូចជាសម្លៀកបំពាក់ប្រពៃណីទាំងអស់ គឺពុទ្ធបរិស័ទជាអ្នករៀបចំ និងយកមកដោយខ្លួនឯង ខាងវត្តមានតែក្បិនចំនួន១០៨ក្បិនប៉ុណ្ណោះសម្រាប់ឲ្យពុទ្ធបរិស័ទស្លៀក ។
ព្រះតេជគុណបានបន្តទៀតថា ព្រះតេជគុណបានធ្វើជាចៅអធិការវត្តមេសរប្រចាន់នេះរយៈពេល២០ឆ្នាំមកហើយ រាល់ឆ្នាំព្រះតេជគុណតែងតែរៀបចំជាកម្មវិធីថែរក្សា និងលើកតម្កើងប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ខ្មែរបែបនេះរាល់ៗឆ្នាំ ប៉ុន្តែលក្ខណៈទ្រង់ទ្រាយតូច ទើបតែឆ្នាំនេះដែលបានរៀបចំជាទ្រង់ទ្រាយធំហើយ ជាលទ្ធផលឃើញថាមានការគាំទ្រយ៉ាងខ្លាំងពីពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសក្រុមយុវជនដូច្នេះ ព្រះតេជគុណបានសម្រេចចិត្តថា នៅក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ដែលនឹងចូលមកដល់នៅពេលខាងមុខវត្តមេសរប្រចាន់ នឹងរៀបចំកម្មវិធីធំមួយទៀត ដោយបែកចែកជាកម្មវិធីតូចៗចំនួនបួន
ទី១-គឺបង្កើតឲ្យមានក្រុមកសិករចំនួន៤ក្រុម ដែលក្នុងមួយក្រុមមានគ្នាប្រមាណជា១០០នាក់ ប្រដាប់ទៅដោយឧបករណ៍នេសាទ ឧបករណ៍ធ្វើកសិកម្មនិងស្រែចម្ការ ហើយនាំគ្នាដង្ហែជាក្បួន ចាប់ពីចុងភូមិរហូតដល់ដើមភូមិ រួចទើបវិលចូលមកក្នុងវត្តវិញ ។ ទី២ គឺបង្កើតកម្មវិធីប្រឡងប្រណាំងដាល់អំបុកដណ្ដើមយករង្វាន់ ទី៣ និងទី៤ ធ្វើឡើងនៅពេលយប់ គឺកម្មវិធីបង្ហោះគោម និងបណ្ដែតប្រទីប ហើយនៅពេលនេះ ក្រុមយុវជនស្ម័គ្រចិត្ត បានកាត់និងកែច្នៃធ្វើជាប្រទីបបានជាង១ពាន់ប្រទីបហើយ ទុកសម្រាប់ចែកជូនពុទ្ធបរិស័ទ ដែលមកចូលរួមនៅក្នុងពិធីបណ្ដែតប្រទីបនៅវត្តមេសរប្រចាន់នេះ ៕
ចែករំលែកព័តមាននេះ