ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេចបើកមណ្ឌលជួយ​​ក្មេង​ៗដែល​ត្រូវ​បោះ​​បង់​​ចោល

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​ ៖ លោក នៅ សារ៉ាត់ ជាប្រធានមណ្ឌលកុមារកំព្រាមួយកន្លែង នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ…

​ខេត្តកំពង់ស្ពឺ​ ៖ លោក នៅ សារ៉ាត់ ជាប្រធានមណ្ឌលកុមារកំព្រាមួយកន្លែង នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ​​បានជួយសង្គ្រោះដល់កុមារ និងទារកដែលឪពុកម្ដាយបោះចោល ឬឪពុក​ម្ដាយ មិនមានលទ្ធភាពក្នុងការចិញ្ចឹមបីបាច់ថែរក្សា ដោយ​លោកបាននិយាយទាំងអួលដើមក នៅមុខសប្បុរស ជនដែលបានផ្ដល់អំណោយនិងថវិកា សម្រាប់ដំណើរការមណ្ឌលនេះថា កាលដំបូងឡើយ លោក គឺជា​ព្រះ​សង្ឃដែលបួសនៅវត្តក្នុងភូមិឃុំនោះផ្ទាល់តែម្ដង ។

អំឡុងពេលលោកបួសជាព្រះសង្ឃ លោកបានមើលឃើញនូវអ្វីដែលមិនចង់ឃើញជាច្រើន ជាក់ស្ដែង លោកបានឃើញគេក្មេងៗ មិនទាន់ដឹងក្ដី មកទុកនៅវត្ត ពេលខ្លះក៏ឃើញមានទារកទើប តែកើត​បានពីរ​បីខែ មកដាក់នៅវត្តប្រៀបដូចជាកូនសត្វ ។ ឃើញបែបនេះ លោកក៏បានលាចាកសិក្ខាបទ និងសម្រេច​បង្កើតជាមណ្ឌលមួយ ដើម្បីជួយសង្គ្រោះក្មេងទាំងនោះ ពីព្រោះបើសិន​ជាលោកនៅជាព្រះសង្ឃទៀតនោះ លោកមិនអាចមើលថែពួកគេបានល្អនិងដិតដល់នោះឡើយ ។

លោក​បន្តថា កាលពីបើកដំបូង គឺវេទនាខ្លាំងណាស់ ដោយសារតែតំបន់នោះ ហាក់ឆ្ងាយពីទីប្រជុំផង និង​មិនទាន់មានភ្លើងអគ្គិសនី ទៅដល់នៅឡើយ ។ កាលនោះ ពេលយប់ឡើងក្មេងៗយំដោយសារតែងងិត និង​រងារ ហើយមានមូសទៀត ។ លោកបានប្រមូលស្លឹកឈើ ងាប់ៗមកបង្កាត់ភ្លើងដើម្បីបំភ្លឺអោយពួកគេ ហើយពេលក្មេងឈឺម្ដងៗ ក៏ពិបាកក្នុងការយកទៅពេទ្យដែរ ដោយសារតែនៅឆ្ងាយពីពេទ្យ ដូច្នេះ លោកមានតែទិញថ្នាំណាដែលអាចជួយសម្រួលអោយពួកគេមួយគ្រាប៉ុណ្ណោះ ។

លោកសារ៉ាត់ និយាយទាំងទឹកភ្នែករលីងរលោងដោយឃើញសប្បុរស​ជនជាច្រើនបង្ហាញក្ដីស្រលាញ់​ចំពោះ​ក្មេងៗ​ដែលលោកចាត់ទុកជាកូនរបស់ខ្លួនទៀតថា លោករំភើបនិងរំជួលចិត្តណាស់ ដែលបាន​ឃើញ​សប្បុ​រស​ជនពីភ្នំពេញ បង្ហាញក្ដីស្រលាញ់ដល់កូនៗរបស់លោក ទាំងដែលពួកគេស្ទើរតែអស់​សង្ឃឹម​ក្នុង​ជីវិត ព្រោះតែគ្មានឪពុកម្ដាយនឹងគេ ហើយត្រូវមករស់ជាមួយលោក ។ លោកថា៖« ក្មេងៗក្នុងមណ្ឌលនេះ ពេលទៅរៀន ត្រូវបានក្មេងដទៃទៀតប្រមាថមើលងាយថាជាក្មេងមណ្ឌល ក្មេងគ្មានម៉ែឪជាដើម ដែល​ធ្វើអោយពួកគេហាក់ដូចជាខ្លាចៗគេ និងរៀនមិនសូវជាចេះប៉ុន្មានទេ ។

ដោយឃើញបែបនេះ គ្រូនៅសាលាដែលបង្រៀនពួកគេ បានស្ម័គ្រចិត្តមកបង្រៀនដល់មណ្ឌល ដើម្បីបំប៉នបន្ថែម និងមានវគ្គជាភាសាអង់គ្លេស ចិន ផងដែរ ក្រៅពីមុខវិជ្ជាដែលគេរៀននៅសាលា » ។ សប្បុរសជនជាច្រើនដែលបានឃើញការបង្ហោះក្នុងបណ្ដាញសង្គមពីសំណាក់លោកប្រធានអង្គការ បានយកអំណោយនិងថវិកាទៅផ្គត់ផ្គង់ដល់អង្គការនេះ ដើម្បីអោយក្មេងអាចមានអាហារហូប​ចុកគ្រប់គ្រាន់ និងបានរៀនសូត្រត្រឹមត្រូវផងដែរ ។ ​

លោក​ឧកញ៉ា នួន អក ​ដែល​ជា​សប្បុរសជន​មួយ​រូប ដែល​បានឃើញ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ​ដែរ​បាន​និយាយ​ថា ពេល​លោក​បានឃើញ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម លោក​ក៏​ស្វែង​មក​រក​មណ្ឌល​នេះ ដោយ​ផ្ទាល់ ហើយ​នៅ​ពេល​មក​ដល់​លោក​ពិត​ជាស​ង្វែ​ក​ណាស់ ។ ​ក្មេង​ៗ​នៅ​ក្នុង​មណ្ឌល​នេះ មាន​ទឹកមុខ​ស្លេកស្លាំង ហាក់ដូចជា​ខ្វះ​អាហារូបត្ថម្ភ ឬ​កង្វះ​វីតាមីន ។

ឃើញ​នូវ​ទិដ្ឋភាព​នេះ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​បាន​ប្ដេជ្ញា​និង​សន្យា​ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​ថា​នឹង​ជួយ​ផ្គត់ផ្គង់​ដល់​មជ្ឈមណ្ឌល​នេះ ក្នុង​មួយ​ខែ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​អោយ​ប្រធាន​មណ្ឌល​យក​ថវិកា​ចាត់ចែង​ទៅ​តាម​តម្រូវការ​ចាំបាច់​ដូច​ជា អាហារ​ហូប​ចុក សម្លៀក​បំពាក់ និង​ថ្នាំសង្កូវ​នៅ​ពេល​ពួក​គេ​ឈឺ​ជាដើម ។

លោក​ឧកញ៉ា​បន្ត​ថា ថ្វី​ត្បិត​តែ​លោក​បាន​ឧបត្ថម្ភ​៤​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​មជ្ឈមណ្ឌល​ក៏​ដោយ ក៏​មិនមែន​ថា​លោក​ឧបត្ថម្ភ​ផ្ដាច់មុខ​នោះ​ដែរ ។ សប្បុរសជន​ដទៃ​ទៀត ដែល​មាន​សទ្ធា​អាច​មក​បរិច្ចាគ​ជូន​មជ្ឈមណ្ឌល​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ៗ​ដែល​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​កសាង​ប្រទេស ហើយ​បើសិនជា​យើង​មាន​លទ្ធភាព​ហើយ យើ​មិន​អើពើ​ជួយ​ពួក​គេ សួរ​ថា​១០​ឬ​២០​ឆ្នាំទៅ​មុខ​ទៀត តើ​វាសនា​ពួក​គេ​នឹង​ទៅ​ជា​យ៉ាងណា ហើយ​កូន​ៗ​របស់​ពួក​គេ​នឹង​ក្លាយជា​យ៉ាងណា ។

គួរ​បញ្ជាក់​ថា​មណ្ឌល​នេះ ដំបូង​ឡើយ​មានឈ្មោះ​ថា មជ្ឈមណ្ឌល​កុមារ​កំព្រា ព្រៃ​ជុំ តែ​ក្រោយមក​ប្រធាន​មជ្ឈមណ្ឌល​សម្រេច​ប្តូរ​ឈ្មោះ​ដាក់​ថា មជ្ឈមណ្ឌល​កុមារ​កំព្រា នួន​អក​ព្រៃ​ជុំ ដែល​សព្វថ្ងៃ​មាន​កុមារ​ស្នាក់​នៅ​ទីនោះ ចំនួន​ជិត​៥០​នាក់ ដែល​មាន​អាយុ​ពី​៣​ខែ ដល់​១៦​ឆ្នាំ កំពុង​ត្រូវ​បាន​មើលថែ​ដោយ​មេដោះ និង​បុគ្គលិក​នៅ​ទីនោះ ។ រហូត​មក​ដល់​ពេល​នេះ អតីត​កុមារ​ដែល​ចេញពី​មជ្ឈមណ្ឌល​នេះ ក៏​បាន​និង​កំពុង​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ផង​ដែរ ដោយ​មួយ​ចំនួន​ក៏​កំពុង​បំពេញការងារ ដែល​អាច​ជួយ​ខ្លួន​គេ​បាន​ខ្លះ​ៗ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ