ខេត្ត​មួយ​ចំនួន​រៀបចំ​ប្រណាំងទូក​អប​អរ​​ព្រះរាជ​ពិធី​ថ្នាក់​ជាតិ


ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ​រៀបចំ ប្រណាំងទូក នៅ​អាង​ទឹក​វត្ត​ព្រៃ​នប់​ឃុំ ស្រុក​ព្រៃ​នប់ នៅ​​ថ្ងៃ​២ និង​ទី​៣​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ពិធី​បិទ​ការ​អុំ​ប្រណាំងទូក​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​​ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​គួ​ច ចំរើន អភិបាលខេត្ត ។ ក្រោម​ការ​ចូលរួម​កម្សាន្ដ​ពី​មហាជន​ច្រើន​កុះករ នៅ​ពេល​រាត្រី​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​ច្រើន​ទៀត​ដូច​ជា ល្បែង​ប្រជាប្រិយ បង្ហោះគោម បណ្ដែតប្រទីប បាញ់​កាំជ្រួច និង​ការ​ប្រគំ​តន្ត្រីសម័យ​ជាដើម ។ ពិធី​នេះ​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ប្រណាំងទូក​ឲ្យ​ដឹង​ថា មាន​ទូក​ចូលរួម​ប្រណាំង​​ចំនួន​២៤​ទូក ក្នុង​នោះ ទូក​ជ័យ​លា​ភី​លេខ​១​មាន​៣​ទូក ជ​យ័​លា​ភី​លេខ​២​មាន​៣​ទូក ជ​យ័​លា​ភី​លេខ​៣​មាន​៣​ទូក និង​ទូក​មិន​បាន​ទទួល​ជ​យ័​លា​ភី​មាន​១៥​ទូក ។ ក្រៅពី​នេះ​មានការ​អុំទូក​ស្នោ​​ចំនួន​២០​ទូក និង​អុំ​ខ្ទះត្នោត​ចំនួន​២​គូ​ផង​ដែរ ។

ចំពោះ​រង្វាន់​ជ​យ័​លា​ភី​លេខ​១ បាន​ពាន​១ ទង់​លេខ​១​មួយ និង​ថវិកា​២​លាន​រៀល ។ លេខ​២​បាន​ពាន​១​ទង់​មួយ និង​ថវិកា​១​លាន​ប្រាំ​សែន​រៀល ។ លេខ​៣​បាន​ពាន​១ ទង់​មួយ និង​ថវិកា​១​លាន​រៀល ។ ទូក​មិន​បាន​ជ​យ័​លា​ភី បាន​ទង់​អនុស្សាវរីយ៍​១ និង​ថវិកា លើកទឹកចិត្ត​៧៥​ម៉ឺន​រៀល ។ ទូក​ស្នោ នីមួយ​ៗ ទទួល​បាន​ទង់​អនុស្សាវរីយ៍​១ និង​ថវិកា​លើកទឹកចិត្ត​៣០​ម៉ឺន​រៀល ។ អ្នក​អុំ​ខ្ទះត្នោត​២​គូ​(៤​នាក់​) ម្នាក់​ៗ​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​១៥​ម៉ឺន​រៀល​។ គណៈកម្មការ​បច្ចេកទេស​៦៧​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន​១០​ម៉ឺ​ន​រៀល​។ ខេត្ត​ព្រះ​សីហ​នុ​ត្រៀម​នឹង​បញ្ជូន​ទូក​ឈ្មោះ​ព្រះ​សី​ហនុមាន​ជ​យ័​បារមី​ជំទាវ​ម៉ៅ ជា​តំណាង​ទៅ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ពិធី​ប្រណាំង​ទូកង​នៅ​ស្ទឹង​ត្រែង មាន​ទេសចរ​ជាង​៥​ម៉ឺន​នាក់
ខេត្តស្ទឹងត្រែង ៖
ខេត្តស្ទឹងត្រែង បាន​រៀបចំ​ប្រារព្ធ​ពិធី​ប្រណាំង​ទូកង ចំណុះ​២២​នាក់ ចូលរួម​ប្រណាំង​ដោយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ពី​ស្រុក​ទាំង​៥ និង​ក្រុង​១ ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែវិច្ឆិកា នៅ​ទន្លេសេកុង ។ ពិធី​នេះ​ដើម្បី​អបអរសាទ ព្រះរាជ​ពិធីបុណ្យ អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ។

ភ្ញៀវ​ទេសចរ​បាន​ចូល​មក​កម្សាន្ត​សប្បាយ លើស​ពី​ការ​រំពឹង​ទុក ។ មន្ទីរ​ទេសចរណ៍​ខេត្ត ប៉ាន់​ប្រមាណ​ថា នឹង​មាន​អ្នក​មក​ទស្សនា​កម្សាន្ត ត្រឹមតែ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​ផ្ទុយ​ទៅ​វិញ មានការ​កើនឡើង​រហូត​ជាង​៥​ម៉ឺន​នាក់ ។

លោក​សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេ​សាន​បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​ទោះបី​ប្រជា​កសិករ ខ្លះ​មមា​ញឹក​បោក​បែនស្រូវ​យ៉ាងណា​ក៏​ដោយ នៅ​តែ​ឆ្លៀតពេល​ទស្សនា​ពិធី​ប្រណាំងទូក ព្រោះ​ជា​ពិធី​តាម​បែប​ប្រពៃណី​ខ្មែរ ។ ស្រុក​សេ​សាន​មាន​២​ទូក ចូលរួម​ប្រណាំង ។

ស្រុក​បន្ទាយស្រី​ត្រៀម​រៀបចំ​ប្រណាំងទូក​ថ្ងៃ​ទី​៨-៩​វិច្ឆិកា
ខេត្តសៀមរាប ៖
​ស្រុក​បន្ទាយស្រី បាន​រៀបចំ​ពិធី​ក្រុង​ពលី ដង្ហែ​រំកិល​ទូក​ចុះ​ទឹក ដើម្បី​ហ្វឹកហាត់​អុំ នៅ​រមណីយដ្ឋាន​ធម្មជាតិ​សហគមន៍​បឹង​ឈូក កាលពី​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ការ​ហ្វឹកហាត់​នេះ​សម្រាប់​ត្រៀម​ពិធី​អុំទូក​នៅ​ស្រុក​បន្ទាយស្រី នៅ​រសៀល​ថ្ងៃ​ទី​៨ និង​៩ ខែវិច្ឆិកា អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្នាក់​ជាតិ ។

លោក​ថាប់ សា​រ៉​ន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក​ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី ដែល​​បាន​ចូលរួម​ក្នុង​ពិធី​នោះ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ការ​រៀប​ព្រឹត្តិការណ៍​អុំទូក​នៅ​រមណីយ​ដ្ឋាន​ធម្មជាតិ​សហគមន៍​បឹង​ឈូក នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​រួម​ទស្សនា​ប្រាសាទ​ផង និង​បង្ក​លក្ខណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មានចិត្ត​ស្រឡាញ់ និង​​ថែរក្សា​ការ​ប្រ​ណាំ​ទូក​ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​តាំងពី​ដូនតា​ផង ។ នេះ​ចាត់ទុកជា​ការ​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ពី​បុរាណ​ផង ជា​វិស័យ​កីឡា ក្នុង​ការ​ហ្វឹកហាត់​ខ្លួនប្រាណ​ឲ្យ​មាន​សុខភាព​រ៉ឹង​មាំ​ផង​ដែរ ។

ទូក​ដែល​ចូលរួម​ហ្វឹកហាត់ និង​ត្រៀម​អុំ​ប្រណាំង នៅ​រមណីយដ្ឋាន​ធម្មជាតិ​សហគមន៍​បឹង​ឈូក នា​ថ្ងៃ​ខាង​នេះ មាន​ទូក​សរុប​២៣​ទូក មាន​ស្រី​២​ទូក មាន​កីឡាករ​កីឡាការិនី សរុប ២៣០​នាក់ ដោយ​ក្នុង​ទូក នីមួយ​ៗ មាន​ចំណុះ​កីឡាករ​៦​នាក់ ។

ទូក និង​កីឡាករ​ចូល​អុំ​ប្រណាំង​នេះ គឺ ជា​ទូក​ក្នុងស្រុក តាម​ការិយាល័យ​ជុំវិញ​ស្រុក រដ្ឋបាល​ឃុំ​, សហគមន៍​, ផ្ទះសំណាក់ ប្រជា​ការពារ​ភូមិ និង​កងកម្លាំង​ក្នុងស្រុក​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ