ខេត្តប៉ៃលិន ៖ ទាហានកម្ពុជា១៨នាក់ ដែលត្រូវបានយោធាថៃចាប់ខ្លួនកន្លងមក នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ត្រូវបានភាគីថៃបញ្ចូនមកវិញដូចជាការគ្រោងទុក ។
នៅទីបំផុត វីរៈកងទ័ពកម្ពជាទាំង១៨នាក់ត្រូវបានភាគីថៃ សម្រេចយល់ព្រមដោះលែងហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។ ការបញ្ចូនទាហានកម្ពុជាទាំង ១៨នាក់ មកវិញក្រោមការតាមដានយ៉ាងម៉ឹងម៉ាត់ពីសាធារណជាតិ និងអន្តរជាតិ ។ ពោល គឺបន្ទាប់ពីកិច្ចប្រជុំពិសេសត្រីភាគី រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន និងថៃ កាលពីថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ដែលភាគីចិនជាអ្នកសម្របសម្រួល ។
គិតចាប់ពីយោធាថៃ ចាប់ខ្លួនទាហានកម្ពុជា១៨នាក់ គិតមកត្រឹម ថ្ងៃទី៣១ ធ្នូ ជាថ្ងៃទី១៥៥ហើយ ដែលវីរកងទ័ពកម្ពុជាត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រង់កថា ខណ្ឌទី៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរព និងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ តែងតប្រកាសថាមិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕



ចែករំលែកព័តមាននេះ