ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ខ្លាំង​! ក្រោយ​ឃើញ​អគារ​ភ្លោះ​កម្ពស់​៦​ជាន់​មាន​ស្នាម​ប្រេះ​រកកល​ស្រុត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សំណង់​អគារ​ភ្លោះ​កម្ពស់​៦​ជាន់​មាន​ស្នាម​ប្រេះ​ធ្នឹម រកកល​ស្រុតរ​លំបាក់ ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ជម្លៀស​កម្មករ​សំណង់​ចេញពី​ការដ្ឋាន​មួយ​នេះ ព្រមទាំង​ផ្អាក​ការ​សាងសង់ និង​ពិនិត្យ​ផ្នែក​បច្ចេកទេស​ឡើង​វិញ​ផង​ដែរ ។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​៥…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សំណង់​អគារ​ភ្លោះ​កម្ពស់​៦​ជាន់​មាន​ស្នាម​ប្រេះ​ធ្នឹម រកកល​ស្រុតរ​លំបាក់ ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ធ្វើការ​ជម្លៀស​កម្មករ​សំណង់​ចេញពី​ការដ្ឋាន​មួយ​នេះ ព្រមទាំង​ផ្អាក​ការ​សាងសង់ និង​ពិនិត្យ​ផ្នែក​បច្ចេកទេស​ឡើង​វិញ​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​អគារ​ភ្លោះ​កម្ពស់​៦​ជាន់ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​អូរ​២ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​កើតហេតុ​ខាងលើ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង គឺ​ដោយសារ​តែ​កម្មករ​សំណង់​ដែល​កំពុងធ្វើការ​សាងសង់​អគារ​ភ្លោះ​មាន​កម្ពស់​៦​ជាន់​ទៅ​ហើយ ស្រាប់តែ​ឃើញ​មាន​ស្នាម​ប្រេះ​បែក​នៅ​តាម​ធ្នឹម​អគារ ធ្វើ​ឱ្យ​ក្រុម​កម្មករ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​អ៊ី សុខ​ឡេ​ង អភិបាលក្រុង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ដោយ​ផ្ទាល់ ដើម្បី​មាន​វិធានការ​ការពារ​ហានិភ័យ ក្រែង​មានការ​បា​ក់រលំបាក់​អគារ​ភ្លោះ​ខាងលើ​នេះ​។

បើ​តាម​លោក​គួ​ច ចំរើន អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ជំហាន​ដំបូង​គឺជា​ការ​ចាំបាច់​ត្រូវ​ជម្លៀស​កម្មករ​សំណង់​ចេញពី​ការដ្ឋាន និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​អគារ​ខាងលើ​នេះ​ចេញ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទុក​ពេល​អោយ​មន្ត្រី​ជំនាញ​ដោះស្រាយ​។

បើ​តាម​ការ​ពិនិត្យ​បឋម​ពី​មន្ត្រី​ផ្នែក​បច្ចេកទេស​សំណង់​បាន​សន្និដ្ឋាន​ថា អគារ​ភ្លោះ​ខាងលើ​ដែល​មាន​ស្នាម​ប្រេះ និង​រកកល​ស្រុត​នេះ គឺ​ដោយសារ​ខាង​សាងសង់​ជីក​កាយ​គ្រឹះ​នៅ​ផ្នែក​ខាងក្រោយ​អគារ​ជ្រៅ​ពេក​។ ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ជំនាញ​កំពុង​កោះហៅ​ម្ចាស់​សំណង់​មក​ធ្វើការ​សាកសួរ​បន្ថែម​ទៀត​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ