ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រែក​ផ្លែ​ឈើ​លើ​ស្មា​ជាង​២០​ឆ្នាំ មិន​ឱ្យ​ជីវ​ភាព​ល្អ​ប្រសើរ បែរ​ប្រឈម​ជំងឺ​ទៀត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ខ្ញុំ​រែក​ផ្លែ​ឈើ​លក់​ជាង​២០​ឆ្នាំ​ហើយ តែ​មុខរបរ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​ខ្ញុំ​បាន​ល្អ​ប្រសើរ​ទេ​ ។ មិនតែប៉ុណ្ណោះ ពេល​នេះ ​ខ្ញុំ​កំពុង​ប្រឈម​នឹង​ជំងឺ​ទៀត ដោយសារ​តែ​ខ្ញុំ​ប្រឹង​រែក​ផ្លែ​ឈើ​ដើរ​លក់​​រាប់​សិប​គីឡូម៉ែត្រ…

ខេត្តបាត់ដំបង ៖ «​ខ្ញុំ​រែក​ផ្លែ​ឈើ​លក់​ជាង​២០​ឆ្នាំ​ហើយ តែ​មុខរបរ​នេះ​ មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​ខ្ញុំ​បាន​ល្អ​ប្រសើរ​ទេ​ ។ មិនតែប៉ុណ្ណោះ ពេល​នេះ ​ខ្ញុំ​កំពុង​ប្រឈម​នឹង​ជំងឺ​ទៀត ដោយសារ​តែ​ខ្ញុំ​ប្រឹង​រែក​ផ្លែ​ឈើ​ដើរ​លក់​​រាប់​សិប​គីឡូម៉ែត្រ និង​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ»​។ នេះ​ជា​ការ​ត្អូញត្អែរ​ដ៏​គួរ​ឱ្យខ្លោចចិត្ត​បំផុត​របស់​ស្ត្រី​វ័យ​៤០​ផ្លា​យ​ឆ្នាំ​ម្នាក់ ដែល​ក្រុម​គ្រួសារ​របស់​គាត់ រស់​ពឹង​លើ​ផ្លែ​ឈើ​មួយ​អ​ម្រែ​ក​នៅ​លើ​ស្មា​រាល់ថ្ងៃ ឆ្លង​កាត់​តាម​ដង​វិ​ថី​នានា ពាសពេញ​ក្រុង​បាត់ដំបង ដើម្បី​ស្វែងរក​អតិថិជន​ ។

អ្នកស្រី ញិ​ល សារស់ អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។ អ្នកស្រីបាន​ផ្ដល់​បទ​សម្ភាស​ន៍​ក្នុង​រយៈ​ខ្លី​អំពី​ប្រវត្តិនៃ​ការ​តស៊ូ​ក្នុង​មុខរបរ​រែក​ផ្លែ​ឈើ​លក់ និងអំពី​ជីវភាព​ដ៏​លំបាកលំបិន​រហូត​ដល់​សព្វ​ថ្ងៃនេះជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ខណៈ​ដែល​អ្នកស្រីកំពុង​ថ្លឹងផ្លែ​ឈើ​លក់​ឲ្យ​អតិថិជននៅ​ក្នុង​អាហារ​ដ្ឋា​ន​មួយ​កន្លែង ក្នុង​ក្រុង​បាត់ដំបង​ ។

អតិថិជន​បាន​កាក់​គាត់​ឱ្យដាក់អម្រែក​ចុះ ហើយ​ទិញ​ផ្លែ​ត្របែក​គាត់ ពេល​ដែល​គាត់​រែក​ដើរ​ឆ្លងកាត់​ចំ​កណ្ដាល​​អាហារ​ដ្ឋា​ន ដែល​ភ្ញៀវ​នានា​កំពុង​ទ​ទូល​ទាន​អាហារ​ពេល​ព្រឹក​។ ជា​ធម្មតា​ផ្លែ​ឈើ​ខ្លះ​ គាត់​វិច​ខ្ចប់​ឲ្យ​អតិថិជន តែ​ផ្លែ​ឈើ​ខ្លះ​គាត់​ចិត​ឲ្យ​អតិថិជន​ទ​ទូល​ទាន​ភ្លាម​ៗ តាម​ការ​កុម្ម៉ង់​ទិញ​ ។ ដៃ​របស់​គាត់​ចិត​ផ្លែ​ត្របែក តែ​មាត់​របស់​គាត់​ហាក់​មិន​ភ្លេច​អួតសរសើរ​អំពី​គុណភាព នៃ​ផ្លែ​ត្របែក​ ឬ​ផ្លែ​ឈើ​ដទៃ​ទៀត​ប្រាប់​អតិថិជន​ឡើយ ហើយ​ថែម​ទាំង​លើក​បង្ហាញ​ទៀត​ផង​ ។

អ្នកស្រី​ ញិ​ល សារស់ បាន​និយាយ​ថា «​ផ្លែ​ត្របែក​ស្រស់​ៗ​ទាំងនោះ គឺ​ខ្ញុំ​ទិញ​ពី​តាម​ចំការ​អ្នក​ភូមិ​នានា នៅ​ក្នុង​មូលដ្ឋាន តែ​ផ្លែ​ឈើ​ខ្លះ​ទៀត​ដែល​អ្នក​ភូមិ​គ្មាន ខ្ញុំ​ក៏​ទៅ​ទិញ​ពី​ផ្សារ​យក​មក​រែក​លក់​ដែរ​»​។ គាត់​បាន​ប្រាប់​ដូច្នេះ​ទៀត​ថា «​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ត្រូវ​លក់​ឱ្យ​អស់​នូវ​ផ្លែ​ឈើ​ចម្រុះ​មួយ​អ​ម្រែ​ក​ដែល​មាន​ទម្ងន់​ចន្លោះ​ពី​៤០​ទៅ​៥០​គីឡូក្រាម ទើប​អាច​ចំណេញ​បាន​ប្រាក់​ចន្លោះ​ពី​១​ម៉ឺន​រៀល​ ដល់​២​ម៉ឺន​រៀល តែ​យូរ​ៗ​ម្ដង​ក៏​អាច​ចំណេញ​បាន​ដល់​២៥,០០០​រៀល​ដែរ​»​។

ជា​រៀង​រាល់​ព្រឹក​ គេ​តែង​ប្រទះ​ឃើញ​អ្នកស្រី ញិ​ល សារស់ រែក​ផ្លែ​ឈើ​ដើរ​ឆ្លង​ការ​ស្ពានថ្ម​ចាស់ នៃ​ដងស្ទឹង​សង្កែ និង តាម​ដង​វិ​ថី​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ស្វែងរក​អតិថិជន នៅ​តាម​ទី​សាធារណៈ​ទីប្រជុំ ជន និង​នៅ​តាម​បណ្ដា​អាហារ​ដ្ឋា​ន ឬ​ភោជនីយដ្ឋាន​ធំ​ៗ​ដែល​សំបូរ​ទៅ​ដោយ​ភ្ញៀវ​កកកុញ​ ។ អ្នកស្រី​ត្រូវធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូម៉ែត្រ និង​ស្ទើរ​ពេញ​មួយ​ថ្ងៃ ទម្រាំ​លក់​ផ្លែ​ឈើ​មួយ​អ​ម្រែ​ក​នោះ​អស់ ទើប​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​។

នៅ​ពេល​ផ្ដល់​បទ​សម្ភាស​ន៍ អ្នកស្រី​ញិ​ល សារស់ បាន​រៀបរាប់​ថា «​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ត្រូវ​ងើប​ពី​ព្រលឹម ដើម្បី​រែក​ផ្លែ​ឈើ​លក់​។ ខ្ញុំ​ត្រូវ​រែក​ផ្លែ​ឈើ​ដើរ​លក់​លើ​ចម្ងាយ​ផ្លូវ​យ៉ាងតិច​៣០​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​ចាប់តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល​យ៉ាងតិច ទើប​លក់​ផ្លែ​ឈើ​អស់​»​។ អ្នកស្រី​បាន​រំលឹក​អំពី​ប្រវត្តិ​រែក​ផ្លែ​ឈើ​លក់​យ៉ាង​ដូច្នេះ​ថា «អ​ម្រែ​ក​ផ្លែ​ឈើ​នេះ ស្ថិត​នៅ​លើ​ស្មា​ខ្ញុំ​ចាប់តាំងពី​ឆ្នាំ​១៩៩៨ រហូត​ដល់​សព្វ​ថ្ងៃនេះ​..! តែ​មុខរបរ​នេះ ហាក់​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ បាន​ល្អ​ប្រសើរ​ទេ គឺ​លក់​មួយ​ថ្ងៃ​សម្រាប់​ដោះស្រាយ​មួយ​ថ្ងៃ​ប៉ុណ្ណោះ តែ​ពេល​នេះ ​ខ្ញុំ​មាន​សុខភាព​មិនល្អ​ទៀត​»​។

អ្នកស្រី​ហាក់​អ៊ួល​ដើម​ក នៅ​ពេល​និយាយ​រៀបរាប់​អំពី​ប្រវត្តិ​រែក​ផ្លែ​ឈើ​លក់​ជាង​២០​ឆ្នាំ​កន្លង​ទៅ និង អំពី​ជីវភាព​ដ៏​លំបាកលំបិន​រហូត​ដល់​ថ្ងៃនេះ ​។ ស្ថិត​ក្នុង​ទឹកមុខ​ដ៏​ក្រៀមក្រោះ អ្នកស្រី​សារស់ បាន​លើក​ឡើង​ថា សព្វថ្ងៃ​គាត់​ត្រូវ​ទ​ទូល​ចិញ្ចឹម​ចៅ​ចំនួន​៣​នាក់ និង​កូនប្រសារ​ស្រី​ម្នាក់ ខណៈ​ស្វាមី​នាង ដែល​ជា​កូនប្រុស​គាត់​បាន​ចេញ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ បាត់​ដំណឹង​ឈឹង​ជាង​៣​ឆ្នាំ​ហើយ​។ អ្នកស្រី​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ ​បើ​ពឹង​លើ​ប្រាក់​ចំណូល​ពី​ការ​រែក​ផ្លែ​ឈើ​លក់ មិន​អាច​ទប់ទល់​ជីវភាព​គ្រួ​សារបាន​ទេ បើ​គ្មាន​ប្រាក់​ខែ​បន្តិច​ប​ន្តួច​របស់​ស្វាមី​គាត់ ដែល​បំរើ​ការ​នៅ​ស​ណ្ធា​គារ​មួយ​កន្លែង​ជួយ​ជ្រ​ម​ជ្រែង​ផង​នោះ​។ ប៉ុន្តែ​ពេល​នេះ ជំងឺ​កំពុង​យារយី​ពេញ​ខ្លួន​គាត់ ស្ទើរ​មិន​អាច​រែក​ផ្លែ​ឈើ​លក់​ទៀត​បាន​ទេ​។

អ្នកស្រី​ញិ​ល សារស់ បាន​ត្អូញត្អែរ​ថា «​ដោយសារ​ខ្ញុំ​ប្រឹង​រែក​ផ្លែ​ឈើ​ដើរ​លក់​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ពេល​នេះ ​ខ្ញុំ​ហាក់​កំពុង​ទ​ទួល​រង​នូវ​ជំងឺ​គ្រប់​បែប​យ៉ាង ​។ ដូច​ជា​ជំងឺ​ពក​សាច់​ក ជំងឺ​សន្លាក់ និង​ជំងឺ​រោគ​ស្ត្រី​ផង​។ ពេល​ខ្លះ​ខ្ញុំ​មិន​បាន​រែក​ផ្លែ​ឈើ​លក់​ទេ ដោយសារ​ជំងឺ​ទាំងនេះ​ធ្វើទុក្ខ​ ។

ខ្ញុំ​កំពុង​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ជំងឺ​របស់ខ្ញុំ​នៅ​ពេល​ខាង​មុខ​នេះ​..! ព្រោះ​បើ​ឈឺ​ធ្ងន់ ​ខ្ញុំ​គ្មាន​ប្រាក់​ព្យាបាល​ទេ បើ​មុខរបរ​ខ្ញុំរ​កមួយ​ថ្ងៃ​សម្រាប់​ដោះស្រាយ​ជីវភាព​មួយ​ថ្ងៃ​បែប​នេះ​ ។ ដូច្នេះ ​បើ​មាន​ថ្ងៃ​នោះ​មែន (​ធ្លាក់ខ្លួន​ឈឺ​) ខ្ញុំ​មាន​តែ​លើកដៃ​អង្វរ​សប្បុរសជន​តែ​ប៉ុណ្ណោះ​» ។

អត្ថបទសរសេរ ដោយ