ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក.ប.ប. បន្តស៊ើបអង្កេត៖ មិន​រកឃើញប្រេងឆាក្លែងក្លាយតាមការប្រកាសរបស់វៀតណាម​នៅតាមខេត្តទេ តែអំពាវនាវដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន

6 ម៉ោង មុន
  • ភ្នំពេញ

កាលពីថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ​២០២៥ នេះ មន្ត្រី​សាខា ក​.​ប​.​ប​.​សាខា​ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ឆ្នាំង…

កាលពីថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ​២០២៥ នេះ មន្ត្រី​សាខា ក​.​ប​.​ប​.​សាខា​ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ  បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ នៅ​តាម​ផ្សារ​រដ្ឋ ផ្សារ​ឯកជន តូប​លក់ទំនិញ ម៉ាត សរុប​ចំនួន ២៤​ទីតាំង ។ នេះបើយោងតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

ការចុះត្រួតពិនិត្យនេះ ក្នុង​គោលបំណង​ធានា​ការពារ​នូវ​សុខុមាលភាព​ជូន​អ្នក​ប្រើប្រាស់ ទប់​ស្កាត់​ផលិតផល​ទំនិញ​មិន​សម​ស្រប ពិសេស​ ផលិតផល​ម្ហូបអាហារ​ដែល​មិន​អនុ​លោម​តាម​លក្ខ​ខ​ណ្ឌ​តម្រូវ​ផ្នែក​បច្ចេកទេស ឬ​មាន​កត្តា​ជា​គ្រោះ​ណាមួយ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ជាយថាហេតុ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ មន្ត្រី​ជំនាញ​ក៏​បាន​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​បន្ត​ចុះ​ពិនិត្យ ស្រាវ​ជ្រាវ​ស្វែង ​ដើម្បី​រក​ផលិតផល​ប្រេងឆា​មិន​មាន​អនុលោម​ផ្នែក​គុណភាព និង​ក្លែងក្លាយ ដែល​​បាន​ប្រកាស​ដោយ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​វៀតណាម​។ សម្រាប់​សកម្មភាព​នៃ​ប្រតិបត្តិការ​នេះ​ផង​ដែរ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ តាម​បណ្ដា​ផ្សារ​រដ្ឋ ផ្សារ​ឯកជន​ តូប​លក់ទំនិញ ម៉ាត នៅ​ក្នុង​បណ្តា​ខេត្ត​គោលដៅ​ខាងលើ ដើម្បី​បង្ការ ការពារ​សុខភាព និង​ផលប្រយោជន៍​របស់​អ្នក​ប្រើប្រាស់​ ។

ជា​លទ្ធផល មន្ត្រី ក​.​ប​.​ប​. មិន​ទាន់​បាន​រក​ឃើញ​ផលិតផល​ប្រេងឆា​ក្លែងក្លាយ​ទាំង៥​ម៉ាក ដែល​ប្រកាស​ដោយ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​វៀតណាម​នៅឡើយ​ ។ ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទិញ លក់ ឬ​ប្រើប្រាស់​ផលិតផល​ប្រេងឆា​ដែល​មាន​ម៉ាក​ខាងលើ និង​ក្នុង​ករណី​ពើបប្រទះ សូម​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ CCF Complaint App, លេខ​ទូរ​សព្ទ ១២៦៦ ដើម្បី​មាន​វិធានការ​តាម​នីតិវិធី ឱ្យ​បាន​ទាន់​ពេលវេលា​។

មន្ត្រី​ជំនាញ ក​.​ប​.​ប​. នឹង​បន្ត​សហការ​ជាមួយ​មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ បន្ត​ស៊ើបអង្កេត ស្រាវជ្រាវ​ស្វែងរក និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ ដើម្បី​ការពារ​សុខភាព និង​ផលប្រយោជន៍​អ្នក​ប្រើប្រាស់​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ