ការរួមមេត្រីភាពផ្លូវភេទគឺជាក្រឹត្យក្រមធម្មជាតិដែលមនុស្សឬសត្វពេលធំពេញវ័យត្រូវឆ្លងកាត់ដោយគោលដៅសំខាន់គឺដើម្បីបន្តពូជពង្សទៅថ្ងៃអនាគត ។ បើទោះវាជាសិទ្ធិស្របច្បាប់ពីធម្មជាតិក្តី ប៉ុន្តែដំណើរការប្រព្រឹត្តទៅនៃមេត្រីភាពនេះត្រូវតែមានបែបបទនិងលក្ខខណ្ឌត្រឹមត្រូវទៅតាមទីកន្លែង ពេលវេលា ។ នេះមានន័យថា ក្នុងនាមជាមនុស្សដែលមានពូជអម្បូរ ភាសា ទំនៀមទម្លាប់ ប្រពៃណីផូរផង់មិនអាចមានមេត្រីភាពបែបនេះតាមចិត្តនឹកឃើញឬនៅទីកន្លែងមិនសមគួរឡើយ ។ យ៉ាងណាក៏ដោយ នេះមិនមែនជាការហាមឃាត់និងបំបិទសិទ្ធិនោះទេ ប៉ុន្តែតាមក្រុមអ្នកជំនាញអះអាងថា ការរួមមេត្រីភាពផ្លូវភេទដែលល្អជាងគេបំផុតគឺបន្ទាប់ពីរៀបការរួច ។ ការអះអាងនេះដោយយោងលើមូលហេតុ៣ចំណុចដូចខាងក្រោម ៖
១- វាជាការល្អក៏ព្រោះតែបន្ទាប់ពីរៀបការរួច អ្នកនិងដៃគូស្គាល់គ្នាកាន់តែច្បាស់ជាងមុន ៖
មួយវិញទៀត ភាពល្អូកល្អិនក៏មានច្រើនជាងមុនផងដែរ ។ រៀបការរួចរស់នៅជាមួយគ្នាយូរនឹងធ្វើឱ្យយល់ចិត្តគ្នា ស្គាល់ពីអ្វីដែលដៃគូខ្លួនពេញចិត្តនិងមិនពេញចិត្ត ។ គេគួរចាំថា ភាពស្រណុកសប្បាយនៃមេត្រីភាពផ្លូវភេទមួយចំណែកគឺបានមកពីដៃគូដែលចេះផ្តល់សេចក្តីសប្បាយឱ្យគ្នាទៅវិញទៅមក ។
២- វាល្អក៏ព្រោះបន្ទាប់ពីរៀបការរួច អ្នកកាន់តែស្និទ្ធស្នាលនិងយល់ចិត្តគ្នា ៖
នៅពេលដែលអ្នករៀបការរួចឬក៏បានរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំ រវាងអ្នកនិងដៃគូគឺពិតជាគ្មានត្រណមច្រើន ខ្លាចចិត្តគ្នាឬខ្មាសអៀនគ្នានោះទេ ។ ក្លាយជាប្តីប្រពន្ធហើយ អាថ៌កំបាំងរាងកាយរបស់អ្នកគឺអាចនឹងគ្មានទៀតទេចំពោះដៃគូ ជាពិសេសគឺអាថ៌កំបាំងរាងកាយស្ត្រីដែលខំបិទបាំងតាំងពីវ័យក្រមុំ ។ ខ្មៅសអាក្រក់ល្អយ៉ាងណាមិនមែនជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ទៀតឡើយ ។ បច្ចុប្បន្នភាពនៃអ្នកទាំង២គឺផ្តល់សេចក្តីសុខឱ្យគ្នាទៅវិញទៅមក ។ ស្ត្រីមួយចំនួនតែងតែនិយាយថា ខ្លួនពិតជាភ័យខ្លាំងពេលវ៉ៃសិចជាមួយបុរសមិនដែលស្គាល់ឬទើបតែស្គាល់ ខណៈមួយចំនួនទៀតនិយាយថា ខ្លួនមានអារម្មណ៍កក់ក្តៅនិងរីករាយពេលវ៉ៃសិចជាមួយស្វាមី ។
៣- វាល្អប្រសើរក៏ព្រោះតែអ្នកមានទំនាក់ទំនងនឹងគ្នាយ៉ាងល្អរួចជាមុន ៖
ភាពស្រណុកសប្បាយនៃការរួមសិចត្រូវការចាំបាច់នូវទំនាក់ទំនងល្អ ។ ប្រសិនជាអ្នកមិនអាចនិយាយចេញនូវអ្វីដែលខ្លួនចង់ធ្វើឬអ្វីដែលខ្លួនមិនចង់ធ្វើ ដូច្នេះអ្នកប្រហែលជាមិនអាចឈានទៅដល់ការរួមសិចមួយដែលប្រកបដោយភាពស្រណុកសប្បាយសុខដុមរមនាបានទេ ។ ឈានដល់ការចូលរោងការជាមួយគ្នាមានន័យថា អ្នកទាំង២ពិតជាបានឆ្លងកាត់ទំនាក់ទំនងគ្នាយ៉ាងល្អជាមិនខាន ហើយសិចដែលប្រកបដោយអត្ថន័យទទួលបានតាមរយៈទំនាក់ទំនងល្អបែបនេះផងដែរ ៕


ចែករំលែកព័តមាននេះ