សហរដ្ឋអាមេរិក ៖ កងទ័ពអាមេរិកបានលាតត្រដាងកាលពីថ្ងៃទី៣០តុលា រូបភាពដំបូងៗព្រមទាំងវីដេអូពីប្រតិបត្តិការរបស់កងកុំម៉ង់ដូខ្លួន នៅប្រទេសស៊ីរី ដែលឈានទៅតាមសម្លាប់បានប្រមុខក្រុមរដ្ឋអ៊ិស្លាមABOU BAKR AL BAGHDADIនិងសមាជិក៥នាក់ទៀតរបស់ក្រុមជីហាដនោះព្រមទាំងកុមារ២នាក់អាចជាកូនរបស់ AL BAGHDADI។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំគ្រោងចេញផ្សាយតាំងពីថ្ងៃទី២៨តុលាមកម្ល៉េះ វីដេអូពីប្រតិបត្តិ្តការវាយឆ្មក់នោះ ដែលលោកតាមដានជាប់នៅក្នុងសេតវិមាន ដោយសារបណ្ដាកាមេរ៉ាបំពាក់ជាប់នឹងខ្លួនរបស់បណ្ដាសមាជិកកងកុំម៉ង់ដូនៃកងកម្លាំងពិសេសអាមេរិក។
ថ្ងៃទី៣០តុលាក្នុងសន្និសីទសារព័ត៌មានមួយមន្ទីរប៉ង់តាហ្កោន បានផ្សាយរូបភាពជាច្រើននិងសម្រង់វីដេអូ ដែលគេឃើញជាពិសេសទាហានអាមេរិកប្រមាណជា១០នាក់ ចូលទៅកៀកនាយប់ថ្ងៃទី២៦មក២៧តុលា បរិវេណនៃប្លុកមួយដែលជាកន្លែងលាក់ខ្លួនរបស់ប្រមុខក្រុមរដ្ឋអ៊ិស្លាម ក្នុងភូមិមួយនាភាគពាយ័ព្យស៊ីរី។
មន្ទីរប៉ង់តាហ្គោនបានធ្វើការបំភ្លឺមួយចំនួនលើការប្រព្រឹត្តទៅនៃប្រតិបត្តិការ។ តាមការបំភ្លឹនោះថា ពេលAL BAGHDADIបំផ្ទុះគ្រាប់បែកដែលជាប់នឹងខ្លួនគេក្នុងរូងក្រោមដីមួយ ក្រៅពីស្លាប់ខ្លួនគេ កុមារ២នាក់ក៏ត្រូវស្លាប់មិនមែន៣នាក់ដូចអាជ្ញាធរអាមេរិកប្រកាសនាពេលមុនឡើយ។ បន្ថែមលើកុមារទាំង២នាក់ សមាជិកក្រុមរដ្ឋអ៊ិស្លាមសរុប៦នាក់ត្រូវស្លាប់ក្នុងប្រតិបត្តិការនេះ ក្នុងនោះមាននារី៤នាក់និងបុរស២នាក់ដែលមានAL BAGHDADI។
តាមឧត្ដមសេនីយKENNETH MCKENZIE ប្រមុខនៃទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកថា នារីទាំងនោះមានអាការៈកាចសាហាវហើយសុទ្ធតែពាក់គ្រឿងផ្ទុះជាប់ខ្លួន។ លោកអះអាងថាកុមារ១១នាក់ទៀតបានត្រូវការពារដោយកងកម្លាំងវាយលុក ហើយបុរស២នាក់ត្រូវចាប់ខ្លួន។ សម្ភារអេឡិកត្រូនិកនិងឯកសារមួយចំនួនត្រូវប្រមូលបាន។ យុទ្ធជនក្រុមរដ្ឋអ៊ិស្លាមដទៃៗទៀតត្រូវសម្លាប់នៅតំបន់ជុំវិញ ពេលពួកគេបាញ់ទៅលើបណ្ដាឧទ្ធម្ភាគចក្រអាមេរិក។ វីដេអូបង្ហាញពីការវាយប្រហារតាមអាកាសប្រឆាំងក្រុមយុទ្ធជននោះ។
លោកបន្តថាពេលឆ្កែយោធាដែលលោកត្រាំចាត់ទុកជាវីរបុរសម្នាក់របស់អាមេរិក នាំមុខកងទាហានចូលក្នុងរូងក្រោមដី ឆ្កែនោះរងរបួសដោយខ្សែភ្លើងឆក់ ក្រោយខ្សែភ្លើងនោះរបកដោយសារការបំផ្ទុះគ្រាប់បែករបស់ប្រមុខក្រុមរដ្ឋអ៊ិស្លាម តែមិនរបួសធ្ងន់ដោយវាត្រៀមបន្តការងារទៀត។ NDAរបស់AL BAGHDADIត្រូវបានយកក្នុងចំណោមបំណែកនានា ដែលក្រោយមកយកទៅផ្ទឹមគ្នាជាមួយរបស់ជននេះដែលប្រមូលបានក្នុងពេលគេចូលទៅក្នុងពន្ធនាគារមួយនៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៤ ដែលអាចបញ្ជាក់ដោយគ្មានការសង្ស័យសាកសពរបស់AL BAGHDADI។
ពេលប្រតិបត្តិការចប់សព្វគ្រប់ទីតាំងដែលតាមសម្លាប់ប្រមុខក្រុមរដ្ឋអ៊ិស្លាមបាននឹងត្រូវកម្ទេច ដើម្បីចៀសវាងកុំឲ្យគេយកទេនោះជាកន្លែងធ្វើធម្មយាត្រា។ ចំណែកអ្នកដែលបានផ្ដល់បណ្ដាព័ត៌មាននាំទៅដល់ការតាមកម្ទេចបានប្រមុខក្រុមរដ្ឋអ៊ិស្លាមនឹងទទួលបានប្រាក់រង្វាន់ទាំងមូលឬមួយផ្នែកនៃប្រាក់ទាំង២៥លានដុល្លារ ដែលសន្យាឲ្យដល់ជនណាដែលផ្ដល់បណ្ដាព័ត៌មានតាមរកឃើញប្រមុខក្រុមរដ្ឋអ៊ិស្លាមនោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ