ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​ជា​វិជ្ជមាន​លើ​វិស័យ​អចលនទ្រព្យ​បន្ទាប់​ពី​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​នៅ​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រធានបទ​ក្ដៅ សម្រាប់​កម្ពុជា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ចាកចេញ​នេះ ពីព្រោះ​ពួក​គេ​ធ្លាប់តែ​ទទួលផល​ពី​វត្តមាន​ជនជាតិ​ចិន ដូច​ជា​ការ​ជួល​អចលនទ្រព្យ ជួល​យានយន្ត​សម្រាប់​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រធានបទ​ក្ដៅ សម្រាប់​កម្ពុជា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ចាកចេញ​នេះ ពីព្រោះ​ពួក​គេ​ធ្លាប់តែ​ទទួលផល​ពី​វត្តមាន​ជនជាតិ​ចិន ដូច​ជា​ការ​ជួល​អចលនទ្រព្យ ជួល​យានយន្ត​សម្រាប់​ជាដើម ។ តែ​សម្រាប់​អ្នកជំនាញ​អចលនទ្រព្យ​វិញ​បាន​បង្ហាញ​ថា ផល​ប៉ះពាល់​ទាំងនេះ វា​គ្រាន់តែ​ជា​ផល​ប៉ះពាល់​តិចតួច ហើយ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​អចលនទ្រព្យ​ទៅ​វិញ​ទេ ។

បើ​តាម​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ ភាគច្រើន​ជា​ជនជាតិ​ចិន ប្រកប​មុខរបរ​ហ្គេ​ម​អន​ឡាញ ដូច្នេះ​ពួក​គេ​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ ។ ការ​ចាត់វិធានការ​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​ជនជាតិ​ចិន​ទាំងនោះ គឺ​បាន​ធ្វើ​ឡើង​ទាន់​ពេលវេលា ព្រោះ​បើសិនជា​បណ្ដែតបណ្ដោយ​កាន់តែ​យូរ បញ្ហា​ប្រឈម​វា​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ ដូច្នេះ​ហើយ​ការ​ប៉ះពាល់​នៅ​ពេល​នេះ វា​មិន​បាន​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ណា​ដល់​វិស័យ​អចលនទ្រព្យ​នោះ​ទេ ហើយ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ​បន្ត​ដដែល ដោយ​មិន​មានការ​បញ្ឈប់​ការ​សាងសង់​គម្រោង​ធំ​ៗ​ណាមួយ​ឡើយ ។ ម្យ៉ាងទៀត​វិនិយោគិន​បរទេស នៅ​តែ​ចូល​មក​បណ្ដាក់ទុន​ក្នុង​វិស័យ​អចលនទ្រព្យ​ដដែល ។

លោក​បន្ត​ថា អាជីវកម្ម​ល្បែង វា​មិន​បាន​ធ្វើ​អោយ​ប្រទេស​រីក​ចម្រើន​នោះ​ទេ ហើយ​ក៏​មិន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​ធំដុំ​អី​ដែរ ។ ផ្ទុយ​ទៅ​វិញ ល្បែង​វា​នឹង​ធ្វើ​អោយ​ប្រទេស​ជួប​ហានិភ័យ​សេដ្ឋកិច្ច ហើយ​អាច​អូស​បន្លាយ​រយៈពេល​យូរ​ទៀត​ផង ដូច្នេះ​ការ​វះកាត់​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​អាជីវកម្ម​ល្បែង វា​គឺជា​រឿង​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ​ទាំងមូល ។ លោក​ថា​៖ «​ល្បែង​កាន់តែ​រីក​ចម្រើន វា​នឹង​ធ្វើ​អោយ​ការ​វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ និង​អាច​ធ្ងន់ធ្ងរ​នៅ​ពេល​ណាមួយ​» ។

លោក​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​ច្រើន​ណាស់​សម្រាប់​ប្រកប​អាជីវកម្ម ដូច្នេះ​មិន​គួរ​យក​ល្បែង​មក​ធ្វើការ​វិនិយោគ​ធំ​សម្រាប់​កម្ពុជា​នោះ​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​គួរ​ពឹង​លើ​ល្បែង​នេះ សម្រាប់​ជា​ប្រាក់​ចំណូល​របស់​ពួក​គាត់​ដែរ ។ លោក​បញ្ជាក់​ថា​៖ «​លុយ​ដែល​បាន​ពី​ល្បែង ឬ​លុយ​ក្នុង​អាជីវកម្ម​ល្បែង វា​នឹង​មិន​មាន​អ្វី​រីក​ចម្រើន​ទេ គឺ​វា​នៅ​វិល​ជុំ​តែ​លើ​តុ ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដោយ​មិន​មានការ​បណ្ដាក់ទុន​សម្រាប់​អោយ​រីក​ចម្រើន​ក្នុង​សេដ្ឋកិច្ច​ឡើយ ហើយ​សម្រាប់​អ្នក​ចាញ់ល្បែង អាច​ប្រព្រឹត្តិ​នូវ​អំពើ​ចោរកម្ម លួច​ឆក់​ប្លន់​នានា​ជាដើម និង​អំពើ​ធ្វើ​អត្ត​ឃា​ដ​ជាដើម » ។

បើ​តាម​លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មិន​អាច​ប្រកែក​បាន​ទេ​ថា មិន​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ពី​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ខេត្ត​ព្រះ​សីហ​នុ ។ ក៏​ប៉ុន្តែ​ផល​ប៉ះពាល់​នេះ វា​គ្រាន់តែ​រយៈពេល​ខ្លី​មួយ​ប៉ុណ្ណោះ តែ​បើសិនជា​ទុក​បណ្ដែតបណ្ដោយ​អោយ​អាជីវកម្ម​ហ្គេ​ម​អន​ឡាញ​កាន់តែ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ផល​ប៉ះពាល់​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​វិបត្តិ​ផង​ដែរ ។

លោក ម៉ាង ស៊ី​ណេ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ថា រដ្ឋបាល​ខេត្ត​បាន​ជំរុញ​អោយ​ក្រុមការងារ​សាងសង់​ហេ​ដ្ឋា​រចនា​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង អោយ​បាន​រួចរាល់​នៅ​រយៈពេល​តែ ៨​ខែ ពោល​គឺ​ដើម្បី​អោយ​ស្រប​នឹង​កំណើន​អគារ​ក្នុង​ខេត្ត​នេះ ។ បើសិនជា​អគារ​ស្អាត​ល្អ ខ្ពស់​ៗ​មាន​ច្រើន តែ​មិន​មាន​ផ្លូវ​ស្អាត​សម្រាប់​អោយ​ពលរដ្ឋ​ធ្វើ​ដំណើរ​ស្រួល​នោះ​ទេ វា​មិន​អាច​ទាក់ទាញ ទេសចរ​មក​លេង​ខេត្ត​នេះ​បាន​នោះ​ទេ ។ លោក​ថា​ខេត្ត​ព្រះ​សីហ​នុ មាន​សក្ដានុពល​ទាក់ទាញ​ច្រើន​ទាំង​ទេសចរ និង​ការ​វិនិយោគ ជាក់ស្ដែង កំពុង​មាន​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​ភ្នំពេញ មាន​កំពង់​ផែ​ទឹក​ជ្រៅ និង​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​សម្រាប់​ទទួលភ្ញៀវ​អន្តរជាតិ​ពី​គ្រប់​ទិស​ទី និង​កំពុង​ពង្រីក​កា​រត​ភ្ជាប់​ថ្មី​ៗ​បន្ថែម​ទៀត​ផង​ដែរ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ