ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ពលរដ្ឋទៅ​ព្យាបាល​ក្រៅប្រទេស ​សូម​មក​ព្យា​បាល​ក្នុងស្រុក​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​តែងតែ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ងាក​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នានា​ក្នុង​ប្រទេស​វិញ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​តែងតែ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ងាក​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នានា​ក្នុង​ប្រទេស​វិញ ។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៩ ។

លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង បាន​លើក​ឡើងថា កន្លង​មក​ក្រសួងសុខាភិបាល​តែងតែ​ជំរុញលើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ទទួល​សេវាសាធារណៈ​នានា​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ព្រោះថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មន្ទីរពេទ្យ​ឯកទេស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង ជា​បន្តបន្ទាប់ សម្រាប់​បម្រើ​សេវាកម្ម​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​ស្តង់ដារ​ខ្ពស់ អាច​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​បាន ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ពង្រីក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​តាម​រយៈ​ការ​សាងសង់​អគារ​ព្យាបាល​ជំងឺ​ថ្មី​ៗ​ជា​បន្តបន្ទាប់ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ដែល​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ។ លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ថា មន្ទីរពេទ្យ​កាល់​ម៉ែ​ត​គឺជា​មន្ទីរពេទ្យ​លំដាប់​កំពូលមួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​បច្ចេកទេស​ខ្ពស់ មាន​គ្រប់​ឯកទេស​សម្រាប់​ព្យាបាល និង​ជា​កន្លែង​បណ្តុះបណ្តាល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​ជឿជាក់​ថា អគារ​ម​ជ្ឈមណ្ឌល​ពហុ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នឹង​ធ្វើការ​សាងសង់​ក៏​ដូច​ជា​បំពាក់​គ្រឿង​បរិក្ខារ​បច្ចេកទេស​ទំនើប តាម​បច្ចេកវិទ្យា​ថ្មី​ៗ​ក្នុង​ការ​ព្យាបាល​ជំងឺ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០២២ ដើម្បី​បម្រើ​ការ​ព្យាបាល​ជំងឺ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា បច្ចុប្បន្ន​រាជរ​ដ្ឋាភិ​បាល​កម្ពុជា បាន​សាងសង់​មណ្ឌល​សុខភាព​នានា​នៅ​តាម​តំបន់​ជនបទ​នៃ​បណ្តា​ខេត្ត​នានា​ជាង៦០​កន្លែង ដែល​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ដ៏​ម៉ត់ចត់ ចំពោះ​សុខ​ភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ការ​បង្ខិត​សេវា​សុខាភិ​បាល​ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គឺជា​អគារ​ដែល​មានបំពាក់​នូវ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ឈានមុខ ស្របតាម​បទដ្ឋាន​បច្ចេកទេស​ពី​អន្តរជាតិ ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ឯកទេស​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ​សំខាន់​ៗ​គ្រប់​ឯកទេស រួម​ទាំង​ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម ពហុ​ឯកទេស​ទំនើប ។

អគារ​នេះ​មាន​ផ្ទៃក្រឡា​សរុប​ជាង​៤២.០០០​ម៉ែត្រការ៉េ មាន​កម្ពស់​១២​ជាន់ និង​អាច​ផ្ទុក​គ្រែ​បាន​រហូត​ដល់​៣២៨ សាងសង់​ឡើង​ក្នុង​ថវិកា​វិនិយោគ​ប្រមាណ​៤០​លាន​ដុលា​រអា​មេ​រិ​កដែល​បាន​មក​ពី​ការ​ជួយ​ជ្រោមជ្រែង​ឧ​ប​ត្ថ​ម​ពី​ក្រសួង​សុខាភិបាល និង​បណ្ដា​អង្គការ​ក្នុង​និង​ក្រៅ​ស្រុក​នានា ជា​ពិសេស​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ៕​

អត្ថបទសរសេរ ដោយ