ខេត្តកំពង់ឆ្នាំង ៖ តបតាមសេចក្តីជូនដំណឹងក្នុងផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង តាមបណ្ដាញសង្គម ក៏ដូចជាការជូនដំណឹងតាមរយៈអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ គេសង្កេតឃើញ យុវជន យុវនារី ជាច្រើនរយនាក់បានសម្រុកចូលមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីទិញពាក្យប្រឡងចូលក្នុងក្របខណ្ឌនគរបាលជាតិ ដោយទឹកចិត្តមុះមុត ។

តាមការបញ្ជាក់របស់ លោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ បានបញ្ជាក់ថា៖ យោងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដែលតម្រូវឲ្យតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវជ្រើសរើសកម្លាំងបំពេញបន្ថែម ក្នុងក្របខណ្ឌនគរបាលជាតិឲ្យបានគ្រប់ចំនួន ទើបពេលនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានធ្វើសេចក្តីជូនដំណឹងនៅលើផេក របស់ខ្លួន ក៏ដូចជាតាមរយៈអាជ្ញាធរមូលដ្ឋានជូនដល់យុវជន យុវនារី ទាំងអស់ដែលមានបំណងចូលបម្រើក្នុងក្របខ័ណ្ឌនគរបាលជាតិ សូមមកទិញពាក្យប្រឡងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ តុលា នេះ យើងឃើញថា មានយុវជន យុវនារីជាច្រើននាក់មកពីបណ្តាភូមិឃុំក្នុងខេត្តបានចូលមកទិញពាក្យប្រឡងចូលក្របខណ្ឌនគរបាលជាតិ ។

លោកស្នងការរងបានបញ្ជាក់ថា កម្លាំងដែលត្រូវជ្រើសរើសបំពេញបន្ថែមក្នុងខេត្តកំពង់ឆ្នាំងនេះ មានចំនួន១០០កន្លែង ដើម្បីបំពេញក្នុងក្របខណ្ឌប៉ុស្តិ៍នគរបាល រដ្ឋបាលចំនួន៥៤ ក្នុងចំណោមប៉ុស្តិ៍រដ្ឋបាល ចំនួន៧២ដែលកំពុងបានការខ្វះខាតកម្លាំង ។ ការជ្រើសរើសនាពេលនេះ គឺធ្វើឡើងដោយយុត្តិធម៌និងត្រឹមត្រូវបំផុត ដោយកម្លាំងដែលបានជ្រើសរើសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាបុរសត្រូវមានកម្ពស់១,៦៥ម៉ែត្រ មានទម្ងន់ពី៥៥ដល់៦៥គីឡូក្រាម ចំណែកនារីត្រូវមានកំពស់ពី១,៥៥ម៉ែត្រឡើងទៅ និងមានទម្ងន់ ពី៤៥ទៅ៥៥គីឡូក្រាម។

លោកស្នងការរងបានបញ្ជាក់បន្តថា ជាងនេះទៅទៀត បេក្ខជនមិនត្រូវមានសាធាតុញៀនក្នុងទឹកនោម និងឈាមជាដាច់ខាត ព្រោះមុនឈានដល់ការលក់ពាក្យអោយបេក្ខជន គឺគណៈកម្មការជ្រើសរើសត្រូវពិនិត្យទឹកនោម និងឈាម របស់បេក្ខជនជាមុនសិន។បេក្ខជនក៍ត្រូវមានកាយសម្បទានគ្រប់គ្រាន់និងត្រូវមានសញ្ញាបត្រទុតិយភូមិផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ