រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកានេះ កម្ពុជានឹងរងឥទ្ធិពលខ្យល់ព្យុះមានឈ្មោះថា ម៉ាត់ម៉ូ ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយ នៅថ្ងៃទី២៨ តុលានេះ ស្តីពី ស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩) បានឲ្យដឹងថា តាមរយៈនៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជាបង្ហាញ ឲ្យឃើញថា មានសម្ពាធទាបសកម្មមួយ (Active Low Pressure) កំពុងចូលមកដល់ក្នុងសមុទ្រចិនខាងត្បូង ។ សម្ពាធទាបសកម្មនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ដែលអាចមានឈ្មោះ ម៉ាត់ម៉ូ (MATMO) ចូលដល់ភាគខាងត្បូងវៀតណាម នៅថ្ងៃទី៣១ ខែតុលា ។
ក្រសួងបានឲ្យដឹងទៀតថា ព្យុះនេះនឹងបន្ថយឥទ្ធិពលទៅជាសម្ពាធទាបសកម្ម (Active Low) រួចចូលមកកម្ពុជាយើងភាគខាងត្បូង នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ ។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី០១-០៧ ខែវិច្ឆិកា បណ្តារាជធានីខេត្តនានានឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ក្នុងនោះមាន ១- តំបន់វាលទំនាបកណ្ដាល តំបន់មាត់សមុទ្រ និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីបង្គរទៅច្រើន ។ ២- បណ្ដាខេត្តដទៃទៀតនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។
ក្រសួងធនធានទឹកក៏បានអំពាវនាវថា យោងតាមស្ថានភាពធាតុអាកាសដូចបានព្យាករណ៍ខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ