ខេត្តបាត់ដំបង ៖ រូបសំណាកព្រះវុស្ណុ ឬព្រះនរាយ ដែលមានអាយុកាលជាង១,៥០០ឆ្នាំ ត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងទឹកប្រឡាយមួយកន្លែង ក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ហើយបានប្រគល់ឱ្យសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៥ តុលា ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ។
មន្ត្រីនគរបាលប៉ុស្ដិ៍អូរដំបង១បានឲ្យដឹងថា រូបសំណាកបុរាណដ៏កម្រនេះ ត្រូវយុវជនឈ្មោះជា រដ្ឋានី អាយុ២១ឆ្នាំ និងឈ្មោះហ៊ាម គឹមផេង អាយុ២១ឆ្នាំ ជាអ្នកប្រទះឃើញនៅក្នុងប្រឡាយទឹកមួយកន្លែងក្បែរផ្លូវរថភ្លើង កាលពីថ្ងៃទី២៤ តុលា នៅក្នុងភូមិ-ឃុំខាងលើ នៅពេលពួកគេដើរដាក់សន្ទូច។
មន្ត្រីដដែលបានប្រាប់ថា ក្រោយពីប្រទះឃើញ យុវជនទាំង២នាក់ក៏បានប្រាប់ទៅអ្នកភូមិឈ្មោះឆង ទង ដើម្បីជួយពិនិត្យនិងដឹកយកមករក្សាទុក ។ លុះនៅរសៀលថ្ងៃទី២៥ តុលា ទើបប្រគល់បន្តទៅឲ្យប៉ុស្ដិ៍រដ្ឋបាលអូរដំបង ដើម្បីរង់ចាំខាងមន្ទីរជំនាញចុះទៅពិនិត្យបន្តនិងយកទៅរក្សាទុកនៅសារមន្ទីរ។ លោកឌី កែវ អនុប្រធានការិយាល័យបេតិកភ័ណ្ឌ ដែលបានចុះពិនិត្យរូបសំណាកបុរាណនោះ ត្រូវបានសមត្ថកិច្ចស្រង់សំដីថា រូបសំណាកបុរាណនេះ មានទម្រង់ជា «ព្រះវិស្ណុ ឬ ព្រះនរាយ»មានដៃ៤ និងមានកំពស់១,៤ម៉ែត្រ ។
សមត្ថកិច្ចបានស្រង់សំដី មន្ត្រីជំនាញរូបនេះទៀតថា រូបបុរាណដ៍កម្រនេះធ្វើអំពីថ្មភក់ នៅក្នុងសតវត្សទី៦ ហើយបើគិតមកដល់ត្រិមសតវត្សទី២១នេះ គឺរូបសំណាកដ៏ចំណាស់នេះ មានអាយុកាលជាង១,៥០០ឆ្នាំហើយ។
ពាក់ព័ន្ធនឹងការប្រទះឃើញរូបសំណាកនេះដែរ បើតាមសន្និដ្ឋានរបស់មន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចបាននិយាយថា រូបសំណាកបុរាណនេះអាចត្រូវឈ្មូញដឹកមកពីកន្លែងផ្សេង និងព្យាយាមនាំយកទៅលក់ដូរ។ ប៉ុន្តែដោយគ្មានទីផ្សារទើបគេទម្លាក់ចោលនៅក្នុងទឹកប្រឡាយនៅចំណុចខាងលើ ក្នុងគោលបំណងលាក់ទុកបណ្ដោះអាសន្ន តែគេមិនដឹងថា គេយកមកទម្លាក់តាំងពីពេលណានោះទេ។
ទោះជាយ៉ាងណា ក្រោយធ្វើការពិនិត្យរួចរាល់ មន្ត្រីជំនាញ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត នាដឹករូបសំណាកបុរាណនេះ យកទៅរក្សាទុកនៅក្នុងសារ:មន្ទីរខេត្តហើយ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ