ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ចេះ​តែ​ប្រវាស់​បាន តែ​ចុង​ក្រោយ​ខាត​ទាំង​ចុង​ទាំង​ដើម

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​ប្រវាស់​» គឺ​ការ​ចូល​ហ៊ុន​គ្នា​រកស៊ី​បាន​ប្រយោជន៍​ចែក​គ្នា​ដោយ​ភាគី​ម្ខាង​មាន​របស់ ម្ខាង​ទៀត​ជា​អ្នកកាន់ការ ។ ឧទាហរណ៍ ៖ ខ្ញុំ​មាន​ស្រែ​ច្រើន​ណាស់ ឆ្នាំ​នេះ​ធ្វើ​មិន​ទាន់​ទេ…

ខេត្តកំពង់ឆ្នាំង ៖ «​ប្រវាស់​» គឺ​ការ​ចូល​ហ៊ុន​គ្នា​រកស៊ី​បាន​ប្រយោជន៍​ចែក​គ្នា​ដោយ​ភាគី​ម្ខាង​មាន​របស់ ម្ខាង​ទៀត​ជា​អ្នកកាន់ការ ។ ឧទាហរណ៍ ៖ ខ្ញុំ​មាន​ស្រែ​ច្រើន​ណាស់ ឆ្នាំ​នេះ​ធ្វើ​មិន​ទាន់​ទេ ខ្ញុំ​បាន​ប្រវាស់​ស្រែ​ខ្លះទៅ​ឲ្យ​គេ ។ ក្រៅពី​ប្រវាស់​ស្រែ គឺ​នៅ​មានការ​ប្រវាស់​ជា​ច្រើន​ទៀត​ដូច​ជា ប្រវាស់​គោ ប្រវាស់​ជ្រូក និង​ប្រវាស់ដៃ​ជាដើម ។

ការ​ប្រវាស់​ទាំងអស់​ខាងលើ គឺជា​កិច្ចព្រមព្រាង​គ្នា​រវាង​២​ភាគី ឬ​ច្រើន​ជាង​នេះ​ដោយ​សន្យា​នៅ​ពេល​បាន​ផល​មក តើ​ត្រូវ​ចែក​ដោយ​របៀប​ណា ? បច្ចុប្បន្ន​មុខរបរ​ប្រវាស់​នេះ ស្ទើរ​បាត់​អស់​ទៅ​ហើយ​ព្រោះតែ​ការ​រកស៊ី​ប្រវាស់​មិនសូវ​កាក់កប​ឡើយ ពេល​ខ្លះ​ភាគី​ម្ខាង​ក្បត់​ភាគី​ម្ខាង​ទៀត​ធ្វើ​ភាគី​ដែល​ជា​ម្ចាស់ទ្រព្យ​បាន​ខាតបង់​ធនធាន​របស់​ខ្លួន ។

ជាក់ស្តែង​កោះសន្តិភាព សូម​លើកយក​បុរស​ម្នាក់​ជា​អ្នក​រស់នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​ប្រវាស់​មេគោ​ចំនួន​៤​ក្បាល​ទៅ​ឲ្យ​២​គ្រួសារ នៅ​ជនបទ​ចិញ្ចឹម ដើម្បី​បានកូន​គោ​ចែក​គ្នា​តែ​លទ្ធផល​អស់ទាំង​មេគោ អស់ទាំង​កូន​គោ​មិន​បាន​អ្វី​មក​វិញ​សោះ ។

លោក ថា រិ​ទ្ធ អាយុ​៦០​ឆ្នាំ ជា​អ្នក​រស់នៅ​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០៦ គាត់​បាន​ទិញ​គោ​ញី​៤​ក្បាល ក្នុង​១​ក្បាល​តម្លៃ​ជាង​១​លាន​រៀល (​កាល​ណោះ​លុយ​ខ្មែរ​នៅ​ថ្លៃ​ណាស់​) ។ បន្ទាប់​មក​គាត់​បាន​ប្រវាស់​ទៅ​ឲ្យ​បុរស​២​នាក់ ជា​អ្នក​ចិញ្ចឹម ។ បុរស​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ផ្លុ​ង សំអាត និង​ម្នាក់​ទៀត​ឈ្មោះ តែម ថុ​ល ពួក​គាត់​ទាំង​២​នាក់​ជា​កសិករ​រស់នៅ​ភូមិ​ចោ​ង​ម៉ោង ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​ក្នុង​ម្នាក់​ៗ​ពួក​គាត់​ទទួល​ច​ញ្ចឹ​ម​គោ​ញី​២​ក្បាល ។ ក្នុង​កិច្ចព្រមព្រាង​កូន​គោ​កើតមក​ទី​មួយ ត្រូវ​បាន​ទៅ​លើ​អ្នក​ទទួល​ប្រវាស់ គឺជា​អ្នក​ដែល​ចិញ្ចឹម​គោ​ដោយ​ផ្ទាល់ ។ ចំណែក​កូន​ទី​២ ត្រូវ​បាន​ម្ចាស់​គោ គឺ​លោក ថា រិ​ទ្ធ និង​កូន​បន្តបន្ទាប់​មក​ទៀត​ត្រូវ​ចែក​ឲ្យ​គ្នា​ម្តងម្នាក់​ៗ​ត​រហូត​ទៅ ។

ក្រោយមក​នៅ​ឆ្នាំ​២០០៩ គឺ​៣​ឆ្នាំ​ក្រោយមក​គាត់​ទទួល​បានកូន​គោ​ចំនួន​៤​ក្បាល (៣​ឆ្នាំ​មេគោ​១​ក្បាល កើតកូន​២​ដង​) ពី​អ្នក​ទទួល​ប្រវាស់​ម្នាក់ ដូ​ច្ចេះ​គាត់​ទទួល​បានកូន​គោ សរុប​ពី​កសិករ​ទាំង​២​នាក់ ចំនួន​សរុប​៨​ក្បាល ក្នុង​នោះ​កូន​គោ​៤​ក្បាល ជា​ចំណែក​អ្នក​ចិញ្ចឹម និង​៤​ក្បាល​ទៀត ជា​ចំណែក​របស់​គាត់ ។

លោក ថា​រិ​ទ្ធ បាន​បន្ត​ថា ៣​ឆ្នាំ​ក្រោយមក​ទៀត គឺ​នៅ​ឆ្នាំ​២០១២ មេគោ​របស់​គាត់​បាន​កើតកូន ក្នុង​មេគោ​១​បាន​២​ក្បាល​ទៀត សរុប​រយៈពេល​៦​ឆ្នាំ កូន​គោ​ដែល​បាន​កើត​មាន​ចំនួន​១៦​ក្បាល ចំណែក​គាត់​ត្រូវ​ទទួល​បានកូន​សរុប​៨​ក្បាល និង​អ្នក​ចិញ្ចឹម​បាន​ម្នាក់​៨​ក្បាល ។ ប៉ុន្តែ​ស្រាប់តែ​នៅ​ឆ្នាំ​២០១៥ ពេល​គាត់​ទៅ​មើល​គោ​ជា​លើក​ទី​៣ អ្នក​ចិ​ញ្ជឹ​ម​ប្រាប់​ថា ដោយសារ​បញ្ហា​ជីវភាព​ពួក​គេ​បាន​លក់​គោ​ទាំង​មេ​ទាំង​កូន​ឲ្យ​គេ​យក​ប្រាក់​មក​ដោះ​ទាល់​មួយ​គ្រា​សិន នឹង​ទិញ​មេគោ​មក​សង​ជំនួស​វិញ គាត់​ហួសចិត្ត​ខ្លាំង​ណាស់ គិត​ថា ចង់​ប្តឹង​ទៅ​តុលាការ​ដែរ តែ​គាត់​អាណិត ព្រោះ​អ្នក​ចិញ្ចឹម​ក៏​ជា​សាច់ញាតិ​ដែរ ។

ម្ចាស់​គោ​បាន​បន្ត​ថា គាត់​ចាំ​ការ​ដោះស្រាយ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ មិនឃើញ​អ្នក​ទទួល​ប្រវាស់​នោះ​សង​ប្រាក់​មក​គាត់​វិញ​សោះ លេខ​ទូរស័ព្ទ​ខ​ល​លែង​ចូល​គាត់​ទៅ​តាម​ដល់​ផ្ទះ​មិន​ដែល​ជួប ប្រពន្ធ​កូន​ប្រាប់​ថា បាន​ឡើង​ភ្នំ​កាប់​ឈើ​១០​ថ្ងៃ ឬ​កន្លះ​ខែ​ទើប​មក​ម្តង ។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៧ គាត់​បាន​ប្តឹង​ផ្ទាល់មាត់​ទៅ​អធិការ​នគរបាល​ស្រុក​ទឹកផុស ដើម្បី​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កោះហៅ​អ្នក​ប្រវាស់​ទាំង​២​នាក់​មក​សាកសួរ ហើយ​ពួក​គេ​ទទួលស្គាល់​ថា ពិតជា​បាន​ប្រវាស់​គោ​ញី​ម្នាក់​២​ក្បាល​ពិតមែន និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​ឈ្មោះ ផ្លុ​ង សំអាត ព្រម​សង​ចំនួន​៤​លាន​រៀល និង​ឈ្មោះ តែម ថុ​ល ព្រម​សង​ចំនួន​៨​លាន​រៀល ហើយ​សុំ​សង​ត្រឹម​១​ខែ​១​លាន​រៀល​រហូត​អស់ ។ គាត់​យល់ព្រម​បាន​ប៉ុណ្ណោះ​ក៏​យក​ដែរ ខាត​ប៉ុណ្ណា​ក៏​ខាត​ទៅ ។ ប៉ុន្តែ​តាំងពី​ធ្វើ​កិច្ចសន្យា​មក គឺ​ពួក​គាត់​សង​បាន​តែ​ម្នាក់​១​លាន​រៀល​ទេ ហើយ​បាត់​ដល់​បច្ចុប្បន្ន ។

លោក​ថា រិ​ទ្ធ​បាន​បញ្ជាក់​ថា បើសិន​ពួក​គេ​កុំ​ក្បត់​គាត់​រយៈពេល​ច​ញ្ចឹ​ម​មក​ដល់​ពេល​នេះ​គាត់​បាន​គោ​ជាង​១០​ក្បាល អាច​បាន​ប្រាក់​ជាង​១០​លាន​ដែរ នេះ​នៅ​មិន​ទាន់​គិត​មេគោ​៤​ក្បាល​របស់​គាត់​ផង ។ ទាំងអស់​ខាងលើ​គ្រាន់តែ​លើក​ឡើង​ពី​ការ​ប្រវាស់​មេគោ ដែល​ម្ចាស់​គោ​ជា​អ្នក​ខាតបង់ ដោយ​ភាព​មិន​ស្មោះត្រង់​ពី​អ្នក​ទទួល​ចិញ្ចឹម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ