រាជធានីភ្នំពេញ៖ បើយោងតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា (GMAC) ដែលតែងតែព្យាយាមតាមដានព័ត៌មានជាប់ជាប្រចាំពីរឿងប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធ (Everything But Arms-EBA) បានឲ្យដឹងថានាពេលបច្ចុប្បន្នសហភាពអឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលនៃការសរសេររបាយការណ៍ស៊ើបអង្កេតពាក់ព័ន្ធនឹងរឿង EBA សម្រាប់កម្ពុជា ។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភមួយទៀតនោះ គឺថាសម្រាប់ការបញ្ជាទិញ ឬការកម្មង់ពីអ្នកបញ្ជាទិញសម្រាប់ឆ្នាំអនុវត្ត២០២០នេះគឺពុំមានសញ្ញាវិជ្ជមានឡើយ ដោយសារតែនៅសល់តែពេលជាង ២ ខែទៀតប៉ុណ្ណោះនឹងដាច់ឆ្នាំ២០១៩ឈានចូលឆ្នាំ២០២០ តែការបញ្ជាទិញគឺមិនទាន់មានឡើយពីអ្នកបញ្ជាទិញពីអឺរ៉ុបនោះ ។
លោក ខេន លូ អគ្គលេខាធិការរបស់ GMAC មានប្រសាសន៍ឱ្យដឹងកាលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ នេះថា កាលពីពេលថ្មីៗនេះតំណាង GMAC បានចូលរួមកិច្ចប្រជុំនៅសហភាពអឺរ៉ុបដោយដឹងថាដំណាក់កាលវិវត្តថ្មីចុងក្រោយនេះ EU កំពុងចាប់ផ្តើមសរសេរបាយការណ៍ស៊ើបអង្កេតពី EBA បន្ទាប់ពីចំណាយស៊ើបអង្កេតប្រមាណ៦ខែកន្លងទៅ។ តំណាងGMAC បានចូលរួមកិច្ចប្រជុំនៅនៅអឺរ៉ុបកន្លងទៅថ្មីៗនេះ «គឺមានគោលបំណងដើម្បីតាមដានព័ត៌មានពី EBA ព្រោះEU គេចប់រយៈពេលវេលានៃការស៊ើបអង្កេត ហើយគេមានរយៈពេល៦ខែដើម្បីសរសេររបាយការណ៍»។
លោកបានបន្តថា «យើងរង់ចាំដល់ឆ្នាំ២០២០ទើបយើងដឹងពីលទ្ធផលចុងក្រោយថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបាត់បង់ ឬកម្ពុជានឹងនៅទទួលបាន» ។ ស្របពេល EU កំពុងចាប់ផ្តើមដំណើរការនៃសរសេររបាយការណ៍ស៊ើបអង្កេតពីបញ្ហា EBA ដែលផ្តល់ជូនកម្ពុជា បើតាមលោក ខេន លូ លើកឡើងថា «ការបញ្ជាទិញពីអឺរ៉ុបនៅឆ្នាំ២០២០ មិនទាន់មានគេកុំម្ម៉ង់នៅឡើយនោះទេ។ តែនៅពេលកន្លងមក ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរនាំចេញទៅអឺរ៉ុបកាលពីឆ្នាំ២០១៨មានទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក ហើយការនាំចេញទៅអឺរ៉ុបនេះមានការកើនឡើងរៀងរាល់ឆ្នាំ»។ លោកខេន លូ បានបន្តថា «រឿង EBA នេះ GMAC នៅតែមានការបារម្ភ ហើយយើងនូវតែធ្វើការតាមដានព័ត៌មានរហូត ។ តែបញ្ហារឿងថាត្រូវដកទុនវិនិយោគ ឬយ៉ាងនៅគ្រាខាងមុខគឺយើងនៅមិនទាន់ដឹងទេ រងចាំមើលព័ត៌មានជាក់ស្តែងនៅឆ្នាំ២០២០មកដល់សិន»។
សូមបញ្ជាក់ថាប្រទេសដែលទទួលបានការអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធ ពីសហភាពអឺរ៉ុបមាន៤៩ប្រទេស ។ ក្នុងនោះបណ្ដាប្រទេសនៅអាហ្វ្រិក មានចំនួនច្រើនជាងគេ។ សម្រាប់ប្រទេសកម្ពុជាគឺទទួលបានប្រយោជន៍ពីកម្មវិធី EBA តាំងពីឆ្នាំ ២០០១ សម្រាប់រោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ( travel goods) ។ ក្នុងករណីសហភាពអឺរ៉ុបសម្រេចជាផ្លូវការដក EBA ពីកម្ពុជានោះ កម្ពុជានឹងប្រឈមនឹងការបង់ពន្ធធ្ងន់ធ្ងរដែលមានក្នុងរង្វង់ ៦០០ ទៅ ៧០០ លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការនាំចូលទំនិញពីកម្ពុជាទៅទីផ្សារអឺរ៉ុប ។
កន្លងមកខាង GMAC ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ជាច្រើនលើកច្រើនសារបង្ហាញនូវកង្វក់ជុំវិញបញ្ហា EBA ហើយខាង GMAC បានស្នើយ៉ាងទទូចទៅដល់សហភាពអឺរ៉ុបឲ្យពិចារណាឲ្យបានដិតដល់កុំធ្វើការដកយក EBA ពីប្រទេសកម្ពុជាព្រោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធនេះនឹងប៉ះពាល់ផ្ទាល់ដល់ជីវភាពកម្មករ ៧៥០.០០០នាក់និងក្រុមគ្រួសាររបស់ពួកគេប្រមាណ៣លាននាក់ផ្សេងទៀតកំពុងស្ថិតក្នុងហានិភ័យ ។ សេចក្ដីប្រកាសព័ត៌មានកន្លងមករបស់ GMAC ក៏បានបញ្ជាក់ថា ដោយសារកម្មវិធីពន្ធអនុគ្រោះ EBA ពលរដ្ឋកម្ពុជារាប់លាននាក់រួចផុតពីភាពក្រីក្រ និងបានរួមចំណេកយ៉ាងខ្លាំងដល់ការអភិវឌ្ឍនសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេស។
កម្មករ-កម្មការិនី ចំនួនប្រមាណជាង ៧៥ម៉ឺននាក់បម្រើការងារនៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌនិងកាត់ដេរ គឺផ្ដល់ការគាំទ្រនូវចំណូលផ្ទាល់និងយ៉ាងសំខាន់ដល់គ្រួសារជាង ២០ភាគរយនៃគ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជា។ ជាង ៨០ភាគរយនៃ កម្មករ-កម្មការិនីរបស់ GMAC គឺជាស្ត្រី ដែលពួកគេភាគច្រើនមានអាយុច្រើនបំផុតក្រោម៣៥ឆ្នាំ។ ដូច្នេះ ជារួម បើ EU សម្រេចដកហូត EBA ពីកម្ពុជានោះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់កម្មករ។
កន្លងមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអះអាងថា ទីផ្សារអឺរ៉ុប នៅតែបើកចំហសម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែមតម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ ហើយបញ្ហានៃការដកហូត EBA គ្រាន់តែជារឿងមុននិងក្រោយតែប៉ុណ្ណោះ ។ កម្ពុជាត្រូវតែខិតខំកសាង អភិវឌ្ឍន៍ខ្លួនឲ្យរួចផុតពីភាពក្រីក្រ ដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ ។ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផលនិងទំនិញនានាមកកាន់ទីផ្សារ EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូនជារៀងរហូតនោះឡើយ ។
សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការផ្អាក ជាបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធ លើមុខ ទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅរកការព្យួរ នាខែកុម្ភៈឆ្នាំ២០២០ ប្រសិនបើរកឃើញថា
កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរកភាពល្អប្រសើរគ្រប់គ្រាន់លើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
លោក អាត់ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាមានប្រសាសន៍ថា «ចំពោះយើងតែងមានការបារម្ភជានិច្ចនៅពេលដែលសហគមន៍អឺរ៉ុបចាប់ផ្តើមដំណើរការនិតីវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា»។ លោកបានលើកឡើងថា «កន្លងមកយើងបានជជែកជាមួយតំណាងក្រុមហ៊ុន តំណាងសហគមន៍អឺរ៉ុប ក៏ដូចជាតំណាងទូតមួយចំនួនផ្សេងទៀត ហើយយើងគិតថាវាមិនទាន់មានភាពច្បាស់លាស់នោះទេ។ ខាងក្រុមហ៊ុនថានៅមានការកុំម្ម៉ងដែរ ប៉ុន្តែការកុំម្ម៉ង់វានៅមានតិចតួចនៅឡើយវាមិនទាន់ច្បាស់លាស់»។
បើតាមប្រធានសហជីពរូបនេះបានឲ្យដឹងថា «បើសិន EBA ដាច់ ខ្ញុំជឿថានឹងមានក្រុមហ៊ុនមួយចំនួននឹងនៅបន្តដំណើរការនៅកម្ពុជា តែប្រាកដណាស់នឹងមានក្រុមហ៊ុនមួយចំនួនផ្សេងទៀតនឹងដក។ តែវាមានចំនួនប៉ុន្មានយើងមិនដឹងទេ។ តែជាការពិតត្រូវតែមានដក ដោយសារការនាំចេញនៅក្នុងប្រទេសកម្ពុជាវាមានឱកាសមិនជាប់ការបង់ពន្ធក្នុងទំហំទឹកប្រាក់ប្រមាណ៧០០ទៅ៨០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ អីចឹងបើការទាមទារអត្ថប្រយោជន៍មួយចំនួនមិនបាន ជាហេតុធ្វើឱ្យក្រុមហ៊ុនខ្លះធ្វើការពិចារណាហើយក្រុមហ៊ុនខ្លះអាចនៅក្នុងលក្ខខណ្ឌផ្សេង»។
លោកបានបន្តថា «ខ្ញុំគិតថាមកដល់ពេលនេះបញ្ហា EBA វាស្ថិតនៅក្នុងក្តីបារម្ភទាំងអស់គ្នា ទាំងសមាគមនិយោជក ខាងកម្មករនិយោជិត ទាំងអស់គ្នានៅទ្រឹងនៅឡើយ នៅរងចាំមើលស្ថានការណ៍នេះ ខាងរាជរដ្ឋាភិបាលកម្ពុជាជាមួយខាងសហគមន៍អឺរ៉ុបអាចបញ្ជៀសពីការដកប្រពន្ធ័អនុគ្រោះពន្ធនេះបានឬអត់ បើមិនអាចទេទាំងអស់គ្នានឹងជួយស្ថានការណ៍ហ្នឹង»។ លោកបានបន្ថែមថា «យើងអត់ទាន់ហ៊ានថាទេមកដល់ពេលនេះ។ មានន័យថា៥០វាអាចដកនិង៥០ទៀតវាអាចបន្ត។ក្នុងករណីខាងរាជរដ្ឋាភិបាលមិនបានឆ្លើយតបអីសោះទៅនឹងការចង់បានខាងសហគមន៍អឺរ៉ុបហើយមិនដកនៅពេលខាងរដ្ឋាភិបាលបានឆ្លើយតបឬអ្វីដែលជាបញ្ហារបស់គេត្រូវបានដោះស្រាយ ខ្ញុំគិតថានឹងមិនដក»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ