ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនតិចនោះទេ! គាស់ទូដែករោងចក្រ​ជិត​៥ម៉ឺនដុល្លារ​(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​លួច​ចូល​អគារ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ​«​ហ្គ្រី​ន ហ្វៀ​ល ខេ​ម​បូ​ឌា អ៊ិ​ន​ដាស់​ស្ទ្រី​ល ឯ​. ក​» ហើយ​ឡើង​ទៅ​លើ​ជាន់​ទី​១ និង​គាស់​ទូដែក​លួច​យក​លុយ​អស់​ជិត​៥​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​លួច​ចូល​អគារ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ​«​ហ្គ្រី​ន ហ្វៀ​ល ខេ​ម​បូ​ឌា អ៊ិ​ន​ដាស់​ស្ទ្រី​ល ឯ​. ក​» ហើយ​ឡើង​ទៅ​លើ​ជាន់​ទី​១ និង​គាស់​ទូដែក​លួច​យក​លុយ​អស់​ជិត​៥​ម៉ឺន​ដុល្លារ បន្ទាប់​មក​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ខាងលើ មាន​ទីតាំង​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ LI QIANG ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ជនជាតិ​ចិន ស្រុក​កំណើត​នៅ​ប្រទេស​ចិន កាន់​លិខិតឆ្លងដែន​លេខ G52007632 ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១១ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​អគារ​រោងចក្រ ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​លុយ​ដែល​បាត់បង់​នោះ​មាន​ចំនួន​៤៩.០០០​ដុល្លារ​(​បួន​ម៉ឺន​ប្រាំបួន​ពាន់​ដុល្លារ​)​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទូដែក​ខាងលើ​នោះ​ត្រូវ​បាន​ទុកដាក់​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១​ដែល​ជា​បន្ទប់ធ្វើការ​របស់​ជន​រង​គ្រោះ​ស្ថិត​នៅ​ទល់មុខ​អគារ​សង្វា​ក់​ផលិតកម្ម​របស់​រោងចក្រ ។ ដោយឡែក​កាលពី​ថ្ងៃ​ទី​១០ ខែតុលា គឺ​មាន​រយៈពេល​១២​ថ្ងៃមុន​ពេល​កើតហេតុ​ខាងលើ បុរស​ជនជាតិ​ចិន​រង​គ្រោះ​ម្នាក់​ខាងលើ​បាន​យក​លុយ​ចំនួន​៨​ម៉ឺន​ដុល្លារ​ទៅ​ទុក​នៅ​ក្នុង​ទូដែក​មួយ​នោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២១ ខែតុលា គឺ​មុន​ពេល​កើតហេតុ​១​ថ្ងៃ បុរស​រង​គ្រោះ​បាន​ដក​លុយ​ចំនួន​៣១.០០០​ដុល្លារ​ពី​ទូដែក​នេះ​វិញ ដើម្បី​យក​ទៅ​ចំណាយ​លើ​កិច្ច​ការងារ​ផ្សេង​ៗ​របស់​ខ្លួន ។ ម្យ៉ាងទៀត​រោងចក្រ​នេះ​ទើបនឹង​បើក​ដំណើរការ​ថ្មី​ៗ​ប៉ុណ្ណោះ ហើយ​បន្ទប់ធ្វើការ​ដែល​ដាក់​ទូដែក​នោះ​គ្មាន​នរណា​ចេញ​-​ចូល​បាន​ក្រៅពី​បុគ្គលិក​រោងចក្រ​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ចំណែក​លុយ​ដែល​នៅ​សល់​មាន​ចំនួន​៤៩.០០០​ដុល្លារ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទូដែក​នោះ​វិញ ហើយ​បុរស​រង​គ្រោះ​បាន​ចាក់សោ​ទុកដាក់​នៅ​កន្លែង​ដើម​យ៉ាង​ត្រឹមត្រូវ មិន​មានការ​ធ្វេសប្រហែស​នោះ​ឡើយ​។ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ខណៈ​ពេល​បុរស​រង​គ្រោះ​ចូល​ទៅ​ដល់​ក្នុង​បន្ទប់ធ្វើការ ស្រាប់តែ​ឃើញ​អីវ៉ាន់​រប៉ាត់រប៉ាយ ហើយ​ទូដែក​មាន​ស្នាម​គាស់​និង​បាត់​លុយ​អស់​គ្មាន​សល់​មួយ​រៀល ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ។ បន្ទាប់​មក​បុរស​រង​គ្រោះ​បាន​ហៅ​ប្រធាន​រដ្ឋបាល​រោងចក្រ​ឲ្យ​ទៅ​ជួយ​មើល ព្រមទាំង​នាំ​បុរស​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កន្ទោក ដើម្បី​ជួយ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនសង្ស័យ​ខាងលើ​នោះ​យក​មក​ផ្តន្ទាទោសតាមច្បាប់​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ