គ្រាន់តែ​ឮ​ថា​ប្តូរ​ថៅកែ​ថ្មីភ្លាម កម្មករ​រាប់​រាយ​នាក់​នាំ​គ្នា​តវ៉ាផ្អើល​


រាជធានី​ភ្នំពេញ ៖ បុគ្គលិក​កម្មករ​សំណង់​ប្រុស​ស្រី​រាប់រយ​នាក់​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន Sino Great wall បើក​ប្រាក់ខែ​អោយ​ពួក​គាត់ បន្ទាប់​ពី​លេចឮ​ដំណឹង​ថា​អគារ​ក្រុមហ៊ុន​ខាងលើ​នឹង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ​ជ្ញា​ធរ និង​សមត្ថកិច្ច​ចុះ​ទៅ​សម្របសម្រួល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​អគារ​កំពុង​សាងសង់​របស់​ក្រុមហ៊ុន Sino Great wall ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ ផ្លូវ​ក្រសួងការបរទេស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​តវ៉ា​ខាងលើ​នេះ​កើតឡើង គឺ​កម្មករ​ប្រុស​ស្រី ព្រមទាំង​ជនជាតិ​ចិន​ផង​មាន​ចំនួន​រាប់រយ​នាក់​បាន​នាំ​គ្នា​ធ្វើការ​ដូច​សព្វដង លុះ​ជិត​ដល់​ម៉ោង​ចប់​ការងារ ក៏​ឮ​មេការ​ជា​ជនជាតិ​ចិន​និយាយ​ថា ក្រុមហ៊ុន​ខាងលើ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ថៅកែ​ថ្មី​អោយមក​គ្រប់គ្រង ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​បន្ត​ថា ដោយសារ​ឮ​បែប​នេះ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​ជា​កម្មករ​ប្រុស​ស្រី មាន​ទាំង​ជនជាតិ​ចិន បាន​នាំ​គ្នា​ឈប់​ធ្វើការ និង​ប្រមូលផ្ដុំ​គ្នា តវ៉ា​អោយ​ថៅកែ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​អោយ​ពួក​គាត់ ព្រោះ​មាន​អ្នកខ្លះ​បាន​ធ្វើការ​អស់​រយៈពេល​២​ខែ​ជាង​មិន​ទាន់​បើក​ប្រាក់ខែ និង​មាន​មេការ​ខ្លះ ត្រូវ​បាន​ថៅកែ​ជំពាក់​មិន​ទាន់​បើក​ប្រាក់ខែ​អោយ​គ្រប់​នោះ​ទេ ទើប​ពួក​គាត់​ភ័យ​ខ្លាច​ថៅកែ​ចាស់​រត់គេច​ទៅ​ស្រុក​វិញ​បាត់ ក៏​ប្រមូលផ្ដុំ​គ្នា​តវ៉ា​តែ​ម្ដង​ទៅ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ ក៏​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច នគរបាល និង​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចុះ​ទៅ​សម្របសម្រួល កុំអោយ​មាន​បាតុភាព​ណាមួយ​កើតឡើង​ជាយថាហេតុ ផង​ដែរ​។

ក្នុង​ការ​សម្របសម្រួល​គ្នា​នោះ​ដែរ រហូត​ដល់​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ទើប​តំណាង​ក្រុមហ៊ុន និង​តំណាង​កម្មករ​សម្រួល​គ្នា​ត្រូវ ដោយ​ខាង​ក្រុមហ៊ុន​យល់ព្រម​បើក​ប្រាក់ខែ​អោយ​ពួក​គាត់​ទាំងអស់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា តែ​ការ​បើក​លុយ​នេះ គឺ​អោយ​មេការ​តំណាង​ក្រុម ទៅ​បើក រួច​ហើយ​ទើប​យក​មក​បើក​អោយ​កូនក្រុម​ជា​បន្តបន្ទាប់​ទៀត ទើប​កម្មករ​ប្រុស​ស្រី​ទាំងអស់​យល់ព្រម ហើយ​ក៏​បំបែក​គ្នា​ទៅ​សំរាក​រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ