រាជធានីភ្នំពេញ ៖ ថ្វីបើការធ្វើពិធីនានានៅថ្ងៃទី១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ ជាការជម្នះធ្វើលើសនឹងបម្រាមអាជ្ញាធរក្តី ក៏មិនមានហេតុការណ៍អាក្រក់ធំណាមួយកើតឡើងគួរឱ្យកត់សម្គាល់ដែរ ។ បុ៉ន្តែនៅវេលាចុងក្រោយ ក៏កើតមានការសៅហ្មងខ្លះៗបន្ទាប់ពីក្រុមសណ្តាប់ធ្នាប់ដែលពាក់មួកសុវត្ថិភាពពណ៌ខ្មៅបិទបាំងអត្តសញ្ញាណ បានបើកការវាយបំបែកក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាពិសេសនៅលើស្ពាននាគបណ្តាលឱ្យមនុស្ស៤នាក់រងរបួសស្រាល តែខ្លះថា ៥នាក់ ។
ការបើកឆាកវាយបំបែកហ្វូងអ្នកហែក្បួនគណបក្សសង្គ្រោះជាតិនោះ ត្រូវបានក្រុមអ្នកបិទមុខដោយពាក់មួកសុវត្ថិភាពអះអាងថា ដោយសារតែក្រុមអ្នកទាំងនោះបានជេរប្រមាថហួសហេតុពេកមកលើសមត្ថកិច្ចដែលការពារទីលានប្រជាធិបតេយ្យ និងជាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ។ គណបក្សសង្គ្រោះជាតិប្រកាសធ្វើបាតុកម្មសាជាថ្មីសមាជិកគណបក្សសង្គ្រោះជាតិប្រមាណជា២០០នាក់បុ៉ណ្ណោះ តាំងពីព្រឹកព្រលឹមស្រាងៗថ្ងៃទី១ ឧសភា បាននាំគ្នាប្រមូលផ្តុំក្នុងចេតនាចូលទៅក្នុងបរិវេណទីលានប្រជាធិបតេយ្យ ដែលអាជ្ញាធរហាមឃាត់ និងមានការរាយបន្លាលួស រថយន្ត របាំងដែក និងរនាំងដែកស្កេកស្កះ ក្នុងបំណងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១២៨ ។
បុ៉ន្តែការបុ៉នប៉ងនេះមិនបានសម្រេចដូចបំណងឡើយ ពោលគឺទីលានប្រជាធិបតេយ្យទាំងមូលត្រូវបានយាមកាមយ៉ាងតឹងរឹុងដោយកងកម្លាំងនគរបាលប្រឆាំងបាតុកម្ម និងហ៊ុមព័ទ្ធដោយរបងបន្លាលួស ។ ទោះបីមិនបានចូលទៅកាន់ទីលានប្រជាធិបតេយ្យក៏ដោយ ក៏សមាជិកគណបក្សសង្គ្រោះជាតិ អមដោយអ្នកគាំទ្រជាច្រើននាក់ផងនោះបាននាំគ្នាទៅប្រមូលផ្តុំសម្តែងមតិនៅលើសួនច្បារស្ពាននាគ ។ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹក ស្ថានភាពហាក់តានតឹងបន្តិចរវាងក្រុមអ្នកតវ៉ា និងកម្លាំងសមត្ថកិច្ច ។ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បន្តក្រាញននៀលឈរលើស្ពាននាគដើម្បីបញ្ចេញមតិរបស់ខ្លួន រីឯកងកម្លាំងសមត្ថកិច្ចអំពាវនាវឱ្យពួកគេដកថយ ។
នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ឧសភា លោកសម រង្ស៊ី និងលោកកឹម សុខា បន្ទាប់ពីបានដឹកនាំសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់នៅលើផ្លូវវ៉េងស្រេង ខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងអំពើហិង្សាកាលពីថ្ងៃទី៣ មករា កន្លងមកបានដឹកនាំការដង្ហែក្បួនដោយរថយន្ត និងម៉ូតូឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យដែលពួកគេបានគ្រោងជួបជុំគ្នាដ៏ធំមួយនៅទីនោះដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ។ ជាមួយនឹងការប្រមូលផ្តុំគ្នានៅលើកំណាត់មហាវិថីព្រះនរោត្តម ចំណុចសួនច្បារស្ពាននាគ ដោយបិទចរាចរណ៍នៅទីនោះផង ។ លោកសម រង្ស៊ី បានប្រកាសពីការគ្រោងធ្វើបាតុកម្មជាថ្មីដើម្បីទាមទារឱ្យមានការដោះលែងមនុស្ស២១នាក់ដែលត្រូវចាប់ខ្លួន និងកំពុងស្ថិតក្នុងយុត្តាធិការបស់តុលាការនាពេលនេះ ។ បុ៉ន្តែលោកមិនបានបញ្ជាក់អំពីពេលវេលានៃការធ្វើបាតុកម្មនោះនៅឡើយទេ ។ ជាមួយគ្នានេះ ក៏បាននិយាយថា គណបក្សសង្គ្រោះជាតិនឹងស្វែងរកជនឧក្រិដ្ឋ និងអ្នកនៅពីក្រោយការបាញ់សម្លាប់កម្មករដើម្បីយកទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។
លោកសម រង្ស៊ី បានជំរុញឱ្យក្រុមគ្រួសារជនរងគ្រោះរៀបចំពាក្យបណ្តឹងដាក់ទៅ ICC ។ ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានសន្យាចំពោះមុខកម្មករ កម្មការិនីថា គណបក្សរបស់លោកនឹងវែកមុខអ្នកនៅពីក្រោយការបញ្ជាឱ្យបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង កាលពីខែមករា កន្លងមក ។ មានការកត់សម្គាល់មួយ គឺនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែល មានស្ត្រីម្នាក់អាយុជាង៤០ឆ្នាំ ពាក់អាវក្រហម ស្លៀកសំពត់ផ្កា និងពាក់មួកពណ៌ស ដើរមកក្បែររថយន្តដែលលោកសម រង្ស៊ី លោកកឹម សុខា និងលោកស្រីមូរ សុខហួរ កំពុងនិយាយទៅកាន់សកម្មជនរបស់ខ្លួន ។ ស្ត្រីរូបនេះស្រែកឡើងថា នាំគ្នាធ្វើបាតុកម្មអីតែឯង ហើយគេមិនចេះធ្វើទេឬ ? ភ្លាមៗនោះ គេឃើញអង្គរក្សរបស់គណបក្សសង្គ្រោះជាតិ ស្ទុះមកទាញដៃស្ត្រីនោះទាំងកំហឹងឱ្យដើរចេញទៅទិសខាងត្បូងបាត់ទៅ ។
លុះនៅវេលាម៉ោង៩និង៤០នាទី ស្រាប់តែមានស្ត្រីម្នាក់ទៀត បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-1914 តាមមហាវិថីព្រះនរោត្តម ត្រង់ចំណុចពេទ្យព្រះអង្គឌួង ឆ្ពោះសំដៅទៅរមណីយដ្ឋានវត្តភ្នំ ដែលជាទីតាំងនៃការជួបជុំរបស់ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដោយបើកសំដៅទៅរកហ្វូងមនុស្សនោះ ។ ស្ត្រីដែលបើករថយន្តនោះ បានចុចស៊ីផ្លេរយ៉ាងរន្ថើនដើម្បីបើកផ្លូវ ព្រោះ មនុស្សឈរពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកជួបជុំ ។ ភ្លាមៗនោះ ក្រុមមនុស្សដែលកំពុងជួបជុំបានសម្រុកមកចោមរោមរថយន្តនេះ ។ ទន្ទឹមនឹងនេះដែរ នគរបាលចរាចរក៏បានចូលទៅជួយអន្តរាគមន៍ភ្លាមៗដែរ ដោយបារម្ភខ្លាចមានអំពើហិង្សាកើតឡើង ។ ស្ត្រីនោះមិនចេញពីរថយន្តទេ ហើយគេក៏មិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណស្ត្រីនេះនៅឡើយដែរ រួចសមត្ថកិច្ចបានស្ទូចយករថយន្តនោះទៅស្នងការដ្ឋាននគរបាលរាជធានី ។
មន្ត្រីនគរបាលដែលឃ្លាំមើលសកម្មភាពនៅសួនច្បារស្ពាននាគនិយាយថា នៅថ្ងៃដដែលវេលាម៉ោង១០ព្រឹក កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ពាក់មួកសុវត្ថិភាពបានបើកប្រតិបត្តិការវាយបំបែកការជួបជុំ ដែលភាគច្រើនជាសកម្មជនរបស់គណបក្សប្រឆាំង ខណៈពួកគេឈរស្រែករិះគន់កម្លាំងសមត្ថកិច្ច ដែលរារាំងនៅទីលានប្រជាធិបតេយ្យ នៅចំណុចសួនច្បារស្ពាននាគ ។ ប្រតិបត្តិការបំបែកការជួបជុំនេះធ្វើឡើង ខណៈលោកសម រង្ស៊ី និងលោកកឹម សុខា ចាកចេញ និងនាំអ្នកគាំទ្រមួយចំនួនហែក្បួនតាមដងផ្លូវ ។ ក្នុងការបំបែកការជួបជុំនេះ មានមនុស្សយ៉ាងតិច៤នាក់រងរបួស តែមិនធ្ងន់ធ្ងរនោះទេ ។
គណបក្សប្រជាជន ប្រកាសប្រឆាំងរាល់ការយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្វើជាខែលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១ ឧសភា ចំទិវាពលកម្មអន្តរជាតិ ប្រកាសប្រឆាំងចំពោះរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅធ្វើជាមធ្យោបាយដើម្បីធ្វើអាជីវកម្មរកចំណេញខាងនយោបាយ ។ ការចេញសេចក្តីថ្លែងការណ៍នេះធ្វើឡើង ខណៈអាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃនោះដែរបានរារាំងមិនឱ្យក្រុមសហជីព កម្មករ សកម្មជនដីធ្លី និងគណបក្សសង្គ្រោះជាតិ មានការប្រមូលផ្តុំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិនៅទីលានប្រជាធិបតេយ្យនៅមុខរដ្ឋសភា និងទីលានសាធារណៈមួយចំនួនទៀត ដោយលើកហេតុផលថា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តអនុវត្តគោលនយោបាយការពារ និងលើកស្ទួយសេរីភាព គ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងកតិកា និងអនុសញ្ញាអន្តរជាតិនានាស្តីពីសិទ្ធិមនុស្ស រួមមានសិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានជាដើម ។ សេចក្តីថ្លែងការណ៍ដដែលបន្តថា គណបក្សប្រជាជនកម្ពុជាកំណត់ច្បាស់ថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវស្ថិតនៅក្នុងក្របខណ្ឌច្បាប់ មានការគោរពច្បាប់ ទើបធានាឱ្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្សស្ថិតស្ថេរ និងរីកចម្រើន ដែលក្នុងន័យនេះគណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណា ទោះចេញពីប្រភពណាក្តី ដែលបុ៉នប៉ងយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅធ្វើជាមធ្យោបាយដើម្បីធ្វើអាជីវកម្មយកចំណេញខាងនយោបាយ។
ក្រុមសហជីព សមាគម រួមគ្នាដង្ហែដាក់ញត្តិតវ៉ានៅវេលាព្រឹកថ្ងៃដដែលនោះដែរ ក្រុមសហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតចម្រុះមានចំនួនជាង៣០០នាក់ ក៏បានដើរដង្ហែជាក្បួនយកញ្ញត្តិទៅដាក់នៅរដ្ឋសភា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សទាំងពីរមានអាសនៈនៅក្នុងរដ្ឋសភាដើម្បីឱ្យចូលរួមដោះស្រាយបញ្ហាជាបន្ទាន់មួយចំនួនដែលមិនទាន់បានដោះស្រាយចំនួន១៦ចំណុច ។
ការយកញត្តិទៅដាក់នៅរដ្ឋសភារបស់ក្រុមអ្នកតំណាងសហជីពនាព្រឹកនោះ មិនត្រូវបានអនុញ្ញាតឱ្យចូលទេ គឺបានត្រឹមតែឈរកាន់បដា និងនិយាយតាមមេក្រូពីចម្ងាយតែប៉ុណ្ណោះ ដោយត្រូវកម្លាំងនគរបាលដាក់បារា៉ស់រារាំងមិនឱ្យចូលទៅជិតឡើយ ។ បន្ទាប់ពីមានការរាំងដោយមានការដាក់បារ៉ាស់ពីកម្លាំងនគរបាលមិនឱ្យចូលទៅដល់មុខរដ្ឋសភាបាន អស់រយៈពេលជាច្រើនម៉ោង រហូតដល់ម៉ោង៩ព្រឹក ទើបក្រុមអ្នកតំណាងទាំងនោះនាំគ្នាដង្ហែជាក្បួនដើរចេញទៅដាក់ញត្តិនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជាបន្តទៀត ។
បន្ទាប់ពីប្រគល់ញត្តិជូនដល់អ្នកតំណាងរបស់គណបក្សប្រជាជនកម្ពុជាបានទទួលរួចហើយ ក្បួនក៏បានបន្តដំណើរយកញត្តិទៅដាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែជាបន្តទៀត ។ ញត្តិដដែលបានលើកឡើងពីបញ្ហាចំនួន១៦ចំណុចដែលស្នើឱ្យគណបក្សនយោបាយទាំងពីរដោះស្រាយរួមមាន ៖
១-ស្នើឱ្យតុលាការដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ការចោទប្រកាន់ទាំង២៣នាក់ទាំងស្រុង ។
២-ស្នើឱ្យមានការសម្របសម្រួលភាគីសហជីព និងនិយោជក ឱ្យមានការចរចាដំឡើងប្រាក់ឈ្មួលគោល១៦០ដុល្លារក្នុង១ខែឡើងវិញ ។
៣-ស្នើឱ្យតុលាការវែកមុខជនល្មើសដែលបានប្រើអំពើហិង្សា និងសម្លាប់កម្មករមកផ្ដន្ទាទោសតាមច្បាប់ ព្រមទាំងផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង ។
៤-ស្នើឱ្យមានការដកបម្រាមនៃការជួបជុំសាធារណៈរបស់ប្រជាពលរដ្ឋចេញវិញ ។
៥-ស្នើនិយោជកដកពាក្យបណ្ដឹងដែលប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព និងកម្មករនយោជិតទាំងអស់ក្នុងអំឡុងពេលធ្វើកូដកម្មទាមទារប្រាក់ឈ្នួល និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីប្រឆាំងសេរីភាព សហជីព និងសមាគម ។
៦-ស្នើនិយោជកត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារក្នុងអំឡុងពេលធ្វើកូដកម្មទាមទារប្រាក់ឈ្នួលឱ្យចូលធ្វើការវិញ ព្រមទាំងបង់ប្រាក់រំលឹកដល់ពួកគាត់ឱ្យបានគ្រប់ៗគ្នា ។
៧-និយោជកណាដែលបានកាត់ប្រាក់ឈ្នួលនិងរង្វាន់ទៀងទាត់ក្នុងអំឡុងពេលធ្វើកូដកម្មកន្លងមកត្រូវផ្ដល់ជូនកម្មករវិញ ។
៨-កំណត់ប្រាក់ឈ្នួលអប្បបរមាថ្នាក់ជាតិមួយឱ្យមានកម្រិតសមរម្យនៅគ្រប់វិស័យ ។
៩-លុបបំបាត់ការប្រើកិច្ចសន្យាការងារខ្លី ។
១០-រាជរដ្ឋាភិបាលត្រូវកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យសេវាកម្ម វិស័យសំណង់ និងសេចក្ដីប្រកាសស្ដីពីសុខភាព និងសុវត្ថិភាពការងារសម្រាប់វិស័យសំណង់ ។
១១-រៀបចំកន្លែងសម្រាប់អ្នកប្រកបមុខរបរលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានសមរម្យ ។
១២-ផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ១៨៣ និងលេខ១៨៩ សម្រាប់់លក្ខខណ្ឌកម្មករ និយោជិតជាស្ត្រី ។
១៣-កំណត់ប្រាក់បៀវត្សអប្បបរមាសម្រាប់មន្ត្រីរាជការចំនួន១លានរៀល ។
១៤-ចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើសឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មករកន្លងមក ។
១៥-ធានាឱ្យបាននូវការស្វែងរកទីផ្សារសម្រាប់កសិករ ។
១៦-ស្នើឱ្យនិយោជកអនុវត្តអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ (ILO) គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីកែប្រែលក្ខខណ្ឌការងារ ។
ក្បួនកម្មករខ្លះត្រូវបានទប់ស្កាត់នៅជាយក្រុងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមកម្មករ-កម្មការិនី បានជួបជុំគ្នានៅមុខរោងចក្រកាត់ដេរហុងធិក មានទីតាំងស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មក ដោយមានការដឹកនាំពីសម្ព័ន្ធសហជីពចលនាកម្មករ ពួកគេបាននាំគ្នាជិះរថយន្ដកូរ៉េចំនួន៩គ្រឿងចេញពីទីនោះក្នុងគោលបំណងចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយលោកសម រង្សុី ហើយគោលបំណងគឺទាមទារលក្ខខណ្ឌការងារចំនួន៨០ចំណុច ក្នុងនោះមាន២ចំណុចសំខាន់ គឺទាមទារឱ្យដោះលែងលោកវន់ ពៅ និងអ្នកឯទៀតសរុប២១នាក់ និងទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលសម្រាប់កម្មករ-កម្មការិនីដល់១៦០ដុល្លារក្នុងមួយខែ ៕
ចែករំលែកព័តមាននេះ