សារព័ត៌មានបរទេស កាលពីថ្ងៃទី៣០ មេសា ២០១៤ ផ្សាយថា នាងឆារីទី ភៀស អាយុ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ ធាត់បំផុតនៅលើពិភពលោក និងរស់នៅក្នុងរដ្ឋអាយអូវ៉ា សហរដ្ឋអាមេរិក បានប្រកាសសម្រកទម្ងន់ចំនួន១២៧គីឡូក្រាម ដើម្បីរៀបការជាមួយលោកថូនី សៅអ៊័រ អាយុ២២ឆ្នាំ ។បច្ចុប្បន្ន នាងឆារីទី ភៀស មានទម្ងន់៣៤៧គីឡូក្រាម ដូច្នេះទម្ងន់ដែលនាងចង់សម្រក គឺជិតពាក់កណ្តាលនៃទម្ងន់សរុប ។ នាងឆារីទី ភៀស និយាយថា វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យមួយ នៅរដ្ឋតិចសាស់ បានយល់ព្រមវះកាត់សម្រកទម្ងន់ស្របតាមការគ្រោងទុករបស់នាង ។
នាងឆារីទី ភៀស សច្ចាថា នឹងមិនរៀបការជាមួយគូដណ្តឹងនៅក្នុងបន្ទប់ទទួលភ្ញៀវនៅផ្ទះជាដាច់ខាត ដោយនាងសង្ឃឹមថា នឹងស្លៀកឈុតអាពាហ៍ពិពាហ៍ ដើរស្វាគមន៍ភ្ញៀវ ដូចកូនក្រមុំនៃអាពាហ៍ពិពាហ៍ទូទៅ ។ ជាពិសេស នាងនឹងសម្រកទម្ងន់ ដើម្បីពិធីដ៏សំខាន់នៃជីវិតរបស់ខ្លួន ។ ថ្ងៃរៀបការនាងនឹងរាំជាមួយគូដណ្តឹង និងភ្ញៀវដែលចូលរួម ។
នាងឆារីទី ភៀស មានជំងឺធាត់ រហូតក្លាយជាស្ត្រីធាត់បំផុតលើពិភពលោក ដោយបំបែកឯតទគ្គកម្មរបស់នាងប៉ូលីន ផតទ័រ ដែលមានទម្ងន់២៩១គីឡូក្រាម ។ ស្ត្រីធាត់បំផុតរូបនេះ មិនសូវបានចាកចេញទៅណាឆ្ងាយពីផ្ទះទេ តាំងពីឆ្នាំ២០០១ មក ព្រោះតែធាត់ពេក និងបារម្ភថា នាងអាចស្លាប់ដោយជំងឺបេះដូង និងសរសៃឈាមស្ពៀតក្នុងខួរ ក្បាល ។ នាងចង់សម្រកទម្ងន់ឱ្យនៅត្រឹម៨៩គីឡូក្រាម ព្រោះត្រូវការមានជីវិតដូចមនុស្សទូទៅនៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ