ខេត្តតាកែវ ៖ ជនសង្ស័យជាចោរលួចគោម្នាក់ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចស្រុកត្រាំកក់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ មេសា ២០១៤ នៅចំណុចខាងត្បូងស្ទឹងភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ ខណៈជនសង្ស័យធ្វើសកម្មភាពលួចគោ១ក្បាលបម្រុងដឹកចេញទៅលក់ តែត្រូវម្ចាស់គេទាន់ស្រែកឆោឡោដេញព័ទ្ធចាប់ខ្លួនបានតែម្តង។
លោកយូ អាន នាយផ្នែកព្រហ្មទណ្ឌស្រុកត្រាំកក់បានឱ្យដឹងថា ជនសង្ស័យជាចោរលួចគោឈ្មោះកុយ វណ្ណី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកស្នាក់នៅសង្កាត់ស្រះចក រាជធានីភ្នំពេញ ចំណែកម្ចាស់គោឈ្មោះខឹម រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី៣០ មេសា ២០១៤ ចំណែកគោត្រូវបានប្រគល់ឱ្យម្ចាស់វិញហើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ