ខេត្តស្វាយរៀង ៖ អ្នកប្រកបមុខរបរផលិតអំបុក ហៅដាល់អំបុកជាង១០០គ្រួសារ នៅក្នុងស្រុកស្វាយជ្រំ រីករាយនៅពេលខែអកអំបុកជិតមកដល់ ជាពិសេសត្រៀមអកអំបុកថ្ងៃ៩ វិច្ឆិកាខាងមុខនេះមានអ្នកកុម្មង់អំបុកច្រើនដោយគ្មានកំណត់ គឺមានប៉ុន្មានគេទិញយកទាំងអស់ ។មានអ្នកផលិតអំបុកនៅតាមដងផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីងចំនួន២៦គ្រួសារ ភូមិគោកកណ្តោល៤៦គ្រួសារ ភូមិធ្លកនិងភូមិក្រោលគោ ឃុំក្រោលគោ៣៩គ្រួសារ ផលិតអំបុកយ៉ាងកក្រើក ទាំងយប់ទាំងថ្ងៃ ព្រោះឱ្យទាន់ពេលដែលកំពុងមានទីផ្សារនិងឱ្យទាន់អ្នកកុម្ម៉ង់ទិញ ។
តាមការសាកសួរដោយផ្ទាល់ក្នុង១ថ្ងៃ១គ្រួសារផលិតបាន៤០០ទៅ៥០០កំប៉ុងដែលជាការផលិតដោយក្រុមគ្រួសារតូចៗ ។ ចំពោះការលក់ គឺអំបុក១គីឡូក្រាមថ្លៃ១ម៉ឺនរៀលដូចៗគ្នា ។ គាត់ថា បើគិតជាកំប៉ុងមួយកំប៉ុងថ្លៃមួយពាន់រៀល ហើយ១០កំប៉ុងស្មើមួយគីឡូក្រាម ។ បើតាមអ្នកផលិតអំបុកឈ្មោះ ម៉ៅ ផា ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃអកអំបុកមានអ្នកកុម្ម៉ង់ទិញរួចហើយខ្លះ២ពាន់កំប៉ុង ហើយនៅថ្ងទី២ វិច្ឆិកាលោកជំទាវ ម៉ែន សំអន ប្រមូលទិញអំបុក២៦គ្រួសារ ក្នុង១គ្រួសារធានាទិញអំបុក១៨០កំប៉ុង សម្រាប់អកថ្ងៃ៩ វិច្ឆិកា ២០១៩ ។ គាត់ថា ធានាផលិតឱ្យទាន់តាមតម្រូវការ ។
ចំពោះស្រូវដាល់អំបុកគឺទិញស្រូវសែនក្រអូបក្នុង១គីឡូក្រាមតម្លៃ១៥០០រៀលជាស្រូវមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដោយមានឈ្មួញនៅភូមិកអណ្តើកជាអ្នកប្រមូលទិញស្រូវយកមកផ្គត់ផ្គង់រាល់ថ្ងៃទាំង១២ខែ អត់ឱ្យខ្វះទេ ។ អ្នកដាល់អំបុកដដែលនិយាយថា នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានកុម្ម៉ង់ទិញ៦០០កំប៉ុងនិងអ្នករាជធានីភ្នំពេញមួយក្រុមជាមន្ត្រីកុម្ម៉ង់ទិញអំបុកអកនៅថ្ងៃ៩ វិច្ឆិកាដែរ គឺ១ម៉ឺនកំប៉ុង ស្មើនឹងមួយតោនអំបុក ។
អ្នកផលិតនិយាយថា ក្នុងមួយគ្រួសារ ត្បាល់១ ប្រើកម្លាំង២នាក់ផលិតអំបុកក្នុង១ថ្ងៃ៥តៅស្រូវឬស្មើអំបុក៤០០ទៅ៥០០កំប៉ុង ។ ចំណែកនៅឃុំក្រោលគោក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រោលគោ ក៏បានកុម្ម៉ង់ទិញអំបុក៤ពាន់កំប៉ុង សម្រាប់ចែកឲ្យប្រជាពលរដ្ឋឃុំក្រោលគោអកថ្ងៃ៩ វិច្ឆិកា ។ តាមការកត់សម្គាល់គេផលិតអំបុកសព្វថ្ងៃមិនប្រើកម្លាំងបុកទេ ច្រើនតែប្រើដោយម៉ាស៊ីនស្វ័យប្រវត្តិជំនួសកម្លាំងមនុស្ស ។ ចំណែកម៉ាស៊ីននិងត្បាល់សម្រាប់ដាល់អំបុកស្វ័យប្រវត្តិផលិតរួចជាស្រេច១គ្រឿងតម្លៃ១២០០ដុល្លារ ។
អ្នកផលិតអំបុកនិយាយថា តាមមន្ទីរនានាក្នុងខេត្តក៏មានការកុម្ម៉ង់អំបុកច្រើនដែរដូច្នេះនៅថ្ងៃ៩ វិច្ឆិកា គឺមានពិធីអកអំបុកដើម្បីសន្តិភាពច្រើនណាស់គ្រប់មន្ទីរនិងគ្រប់ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋទូទៅ មិនថាគណបក្សណាទេត្រៀមអកអំបុកសាមគ្គីទាំងអស់គ្នាដើម្បីឆ្លើយតបការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលដែលប្រកាសយកថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិជាទិវាអកអំបុកទូទាំងប្រទេស ក្នុងន័យការពារជាតិ សាសនា ព្រះមហាក្សត្រ ។ ដូច្នេះខេត្តស្វាយរៀងពិតជាគាំទ្រអំបុកខ្មែរ ជាពិសេសគាំទ្រការទទូលទានអំបុកទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ