ខេត្តក្រចេះ ៖ ជនប្រមឹកមានចរិតជាសត្វតិរច្ឆានគឺត្រូវប៉ូលិសស្រុកសំបូរ និងប៉ូលិសព្រហ្មទណ្ឌខេត្តចាប់វាយខ្នោះភ្លាមៗ បន្ទាប់ពីជនអគតិរូបនេះស្រវឹងស្រា និងប្រដាប់ដោយដែកជើងជ្រូកប្រវែងជាងកន្លះម៉ែត្រ វាយសម្លាប់លើជនរងគ្រោះជាឪពុកបង្កើតនិងឪពុកមា បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មទាំងពីរនាក់នៅលើផ្ទះ ក្រោយពីកើតមានទំនាស់ពាក្យសម្តីពេលផឹកស៊ី។
អំពើឃាតកម្មវាយសម្លាប់បង្កឡើងដោយជនដៃដល់ជាកូនប្រុសចរិកជាសត្វតិរច្ឆាននេះ គឺបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ មេសា នៅលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
អធិការរងព្រហ្មទណ្ឌស្រុកសំបូរ លោកអនុសេនីយ៏ឯក ឈិន សំបូរ បានឲ្យដឹងថា ជនសង្ស័យដៃដល់រូបនេះឈ្មោះ ឆន សុផៃ អាយុ៣៤ឆ្នាំ គឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ស្រី៣នាក់ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះម្នាក់ឈ្មោះ វ៉ាន់ ឆៃ អាយុ៦២ឆ្នាំ ជាឪពុកបង្កើតជនដៃដល់ និងម្នាក់ទៀតឈ្មោះ វ៉ាន់ ឆាន់ អាយុ៤៥ឆ្នាំ ជាឪពុកមាជនដៃដល់ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅចំណុចកើតហេតុខាងលើ។
បើតាមការឲ្យដឹងពីនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា កាលពីថ្ងៃកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានផឹកស៊ីជាមួយជនដៃដល់ជាកូនបង្កើត និងកូនក្មួយរូបនេះតាំងពីព្រឹក។ បន្ទាប់ពីផឹកស៊ីរហូតដល់វេលាម៉ោង២រសៀល ជនរងគ្រោះឈ្មោះ វ៉ាន់ ឆាន់ ជាឪពុកមា បានកើតទំនាស់ពាក្យសម្តីជាមួយជនដៃដល់ជាកូនក្មួយរូបនេះ និងមានការប្រកែកគ្នាខ្លាំង។ ក្រោយពីមានការប្រកែកគ្នាពីសំណាក់ឪពុកមា និងកូនក្មួយរួចមកបុរសឈ្មោះ វ៉ាន់ ឆៃ បានជេរស្តីបន្ទោសទៅឲ្យជនដៃដល់ជាកូនថានិយាយស្តីមិនមានការគោរពចាស់ទុំ។ ក្រោយពីបុរសជាឪពុកបានស្តីបន្ទោសឲ្យរួចមកជនសង្ស័យជាកូនបានតបទាំងពាក្យគំរោះគំរើយទៅបុរសជាឪពុកវិញថា មិនកាន់ជើងកូនបែរជាកាន់ជើងអ្នកដទៃ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារួចមកជនរងគ្រោះជាឪពុកមានិងឪពុកបង្កើត ក៏បានប្រាស់ខ្លួនដេកនៅលើផ្ទះ។ មួយសន្ទុះក្រោយមក ជនដៃដល់បានឡើងទៅលើផ្ទះនិងបានរើសម្ភារដូចជាដែក កាំបិតនិងពូថៅទម្លាក់ចុះមកក្រោមផ្ទះ រួចក៏បានយកដែកថ្នាំងអំពៅ(ដែកជើកជ្រូក) ប្រវែងជាងកន្លះម៉ែត្រមកវាយសំដៅក្បាលបុរសរងគ្រោះជាឪពុកឈ្មោះវ៉ាន់ឆៃយ៉ាងចាស់ដៃ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់ពីធ្វើសកម្មភាពវាយលើឪពុកពុករហូតដល់ស្លាប់រួចមក ខណៈដែលបុរសជាឪពុកមាដេកក្បែរនោះបានប្រែខ្លួនងាកមើល ជនដៃដល់ក៏បានស្ទុះយកដែកជើងជ្រូកទៅវាយជរងគ្រោះជាឪពុកមាម្នាក់ទៀតរហូតដល់ស្លាប់ជាបន្តបន្ទាប់។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ