សំបុត្រមួយច្បាប់ដែលបន្សល់ទុកដោយអ្នកដំណើរតាមនាវាទីតានិក ក្នុងឆ្នាំ១៩១២ ត្រូវគេដាក់លក់ដេញថ្លៃ២០០.០០០ដុល្លារ ក្នុងពិធីដាក់ដេញថ្លៃក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០១៤ ។
អត្ថន័យទាំងមូលក្នុងសំបុត្រនោះ បានរៀបរាប់ពីសោភ័ណភាព និងភាពល្អឥតខ្ចោះរបស់នាវាកម្សាន្តយក្សទីតានិក ដែលអ្នកស្រី Esther Hart និងកូនរបស់គាត់ Eva បានស្នាក់នៅលើនាវានោះ ។ មិនត្រឹមតែប៉ុណ្ណោះ សំបុត្រនោះបានពិពណ៌នាពីប្រផ្នូល អាក្រក់ៗដូចជា នាវាយក្សមួយស្ថិតនៅក្រោមផ្ទៃពពកខ្មៅខ្មួល រងការបក់បោកពីព្យុះកំណាច និងដំណើរជាអវសានរបស់មនុស្សរាប់រយនាក់ ដែលបានផ្ញើជីវិតលើនាវានោះ ។ ពាក្យពេចន៍ទាំងអស់នេះ សរសេរឡើងបន្ទាប់ពីនាវាប៉ះទង្គិចយ៉ាងខ្លាំងជាមួយផ្ទាំងទឹកកកដ៏ធំ ស្ថិតក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ។
យោងតាមអ្នកដេញថ្លៃជាច្រើនរូប ឱ្យដឹងថា សំបុត្រមួយនោះ ត្រូវជនអនាមិកម្នាក់ដេញថ្លៃក្នុងតម្លៃ១៥៧.៩២៩,៤០ដុល្លារ តែតម្លៃនេះបានហក់ឡើងជាបន្តបន្ទាប់ រហូតដល់២០០.០០០ដុល្លារ ។ លោក Andrew Aldridge មកពីស្ថាប័ន Henry Aldridge & Son Auctioneers ក្នុងតំបន់ Devizes ភាគខាងត្បូងឆៀងខាងលិចប្រទេសអង់គ្លេស ដែលជាតំបន់ សំបុត្រនោះដាក់ដេញថ្លៃនិយាយថា សំបុត្រដ៏មានអត្ថន័យនេះ បានធ្វើឱ្យមនុស្សម្នាជាច្រើនរូប នឹកស្រមៃពីរូបភាពមួយចំនួនដែលកើតឡើងលើនាវាកម្សាន្តទីតានិក ។
នាវាកម្សាន្តទីតានិក បានលិចនៅថ្ងៃទី១៥ មេសា ឆ្នាំ១៩១២ ពេលធ្វើដំណើរពីទីក្រុង Southampton ទៅកាន់ទីក្រុងញូវយ៉ក ដោយប៉ះទង្គិចជាមួយផ្ទាំងទឹកកកដ៏ធំ ។ គ្រោះមហន្តរាយនេះ ធ្វើឱ្យមនុស្សប្រមាណ១.៥០០នាក់ បាត់បង់ជីវិត និងមាសពេជ្រ ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ បានលិចក្នុងមហាសមុទ្រអាត្លង់ទិក ៕
ចែករំលែកព័តមាននេះ