ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គេ​បាន​​​លើក​គ្នា​មក​​តវ៉ា​​ក្រែង​​បាន​​ខ្លះ​​នឹង​​គេ ដូច​​រស់​នៅ​ក្រៅ​​ស​ង្គម​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ អ្នក​ភូមិ​បឹង​កក់​​ ភូមិ​ឡពាង​ និង​ភូមិ​សំរោង ឃុំ​តាជេស​​​ ប្រមាណ​៣០​នាក់​​​ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៨​ មេសា បាន​លើក​គ្នា​​​​មក​សាលា​ខេត្ត​កំពង់​ឆ្នាំង​​​ ដើម្បី​សុំ​​ធ្វើ​ការ​តវ៉ា​​​​ទាម​ទារ​ដី​​​ ឬ​ជា​លុយ​កាក់​​​​​ពី​ក្រុម​ហ៊ុន​​​​ K.D.C ដោយ​ចោទ​ប្រកាន់​ថា​​​ មាន​ទំនាស់​ដី​ធ្លី​​​ជាមួយ​គ្នា​​​ជា​យូរ​​យា​ណាស់​​មក​ហើយ​​​ ​និង​បាន​អះ​អាង​​ថា ខាង​គេ​ម៉េច​ក៏បាន​​​ ឯ​ខាង​ខ្លួន​ម៉េច​មិន​បាន​ ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ អ្នក​ភូមិ​បឹង​កក់​​ ភូមិ​ឡពាង​ និង​ភូមិ​សំរោង ឃុំ​តាជេស​​​ ប្រមាណ​៣០​នាក់​​​ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៨​ មេសា បាន​លើក​គ្នា​​​​មក​សាលា​ខេត្ត​កំពង់​ឆ្នាំង​​​ ដើម្បី​សុំ​​ធ្វើ​ការ​តវ៉ា​​​​ទាម​ទារ​ដី​​​ ឬ​ជា​លុយ​កាក់​​​​​ពី​ក្រុម​ហ៊ុន​​​​ K.D.C ដោយ​ចោទ​ប្រកាន់​ថា​​​ មាន​ទំនាស់​ដី​ធ្លី​​​ជាមួយ​គ្នា​​​ជា​យូរ​​យា​ណាស់​​មក​ហើយ​​​ ​និង​បាន​អះ​អាង​​ថា ខាង​គេ​ម៉េច​ក៏បាន​​​ ឯ​ខាង​ខ្លួន​ម៉េច​មិន​បាន​ ។

ប៉ុន្តែ​​​បើ​តាម​​អ្នក​ដែល​បាន​​ដឹង​ពី​ប្រវត្តិ​​​​វិវាទ​នេះ​​​ បាន​និយាយ​ថា​ ក្រុម​នេះ​គ្មាន​​លិខិត​​ស្នាម​​​អ្វី​ដែល​​អាច​បញ្ជាក់​​​ជា​ផ្លូវ​ការ​​​ណា​មួួ​យ​បាន​ឡើយ​​​ ។ ការ​មក​តវ៉ា​នេះ​​​​ ដោយ​សារ​ឃើញ​​​អ្នក​ភូមិ​ឡ​ពាង​​​​​ដែល​គ្មាន​ដី​សោះ​​ក្រាញ​ននៀល​​តវ៉ា​​​ បាន​ទទួល​​​ប្រាក់​គោល​នយោ​បាយ​​​​ពី​ក្រុម​ហ៊ុន​​​ទទេៗ​ ងាយ​ស្រួល​ពេក​ ដូច​ត្រូវ​ឆ្នោត​​ ឬ​ដូច​​ទេវតា​ប្រទាន​​​​ ។ ទើប​លើក​គ្នា​​​មក​តវ៉ា​​​តាម​មេ​ខ្លោង​​ថ្មី​ម្នាក់​ទៀត​​ឈ្មោះ ស្ងួន ញឿន​ ដែល​ត្រូវ​ជា​បង​បង្កើត​របស់​​​ឈ្មោះ ស្ងួន ញេន ហៅ រាជ សីមា ជា​​មេ​ខ្លោង​​​​​ក្រៅ​សង​្គម​​ដែល​តវ៉ា​​មិន​ឈប់​​​​ ។  ទោះ​បី​មាន​​គណៈ​កម្ម​ការ​​ព្យាយាម​សម្រប​សម្រួល​​យ៉ាង​ណា​ក្តី​​​ អាង​​អី​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​​​ពិភាក្សា​របស់​គណៈ​កម្ម​ការ​ ព្រោះ​មេ​ខ្លោង​នេះ​​​​​អត់​មាន​ដី​​​មួយ​ចំអាម​​ណា​ឡើយ​ ប្រឹង​ទាម​ទារ​ដូច​ចោរ​ចាប់​ក្រុម​ហ៊ុន​​ជម្រិត​​យក​ប្រាក់​ ។

​នៅ​ព្រឹក​​នោះ​ ក្រោយ​​ពី​មាន​ការ​អនុញ្ញាត​​​​ គេ​ឃើញ​ឈ្មោះ ស្ងួន ញឿន​ បាន​កាន់​លិខិត​​មួយ​បាច់​​ធំ អម​ដំណើរ​​​ដោយ​បក្ខ​ពួក​​​ពីរ​បី​នាក់​​ បាន​ចូល​​​ទៅ​ដាក់​ពាក្យ​​ប្តឹង​នៅ​​ខុទ្ទ​កាល័យ​​សាលា​ខេត្ត​ ហើយ​ខុទ្ទ​កាល័យ​​បាន​ទទួល​យក​​​ និង​ប្រាប់​ថា​​ ចាំ​ដាក់​ជូន​​លោក​អភិបាល​ខេត្ត​ ។ ក្រោយ​ពី​ត្រឡប់​​ចេញ​មក​វិញ​ ឈ្មោះ​ ស្ងួន​ ញឿន​ និង​​បក្ស​ពួក​​​​បាន​ប្រាប់​អ្នក​កាសែត​ថា​ ​មក​ដាក់​​​ពាក្យ​តវ៉ា​​​​នៅ​ពេល​នេះ​ ព្រោះ​ឃើញ​មាន​បង្កើត​​​គណៈ​កម្ម​ការ​​​​​​​ ហើយ​ឃើញ​​​អ្នក​ភូមិ​ឡ​ពាង​​​​ដែល​អត់​មាន​ដី​ដូច​គ្នា​ បាន​ទទួល​​​ប្រាក់​ឧប​ត្ថម្ភ​​​​ជា​គោល​​នយោ​បាយ​​​ពី​ក្រុម​ហ៊ុន​​​ ទើប​ពួក​​គេ​មក​ដែរ ក្រែង​​បាន​ខ្លះ​​​ ។ ​នៅ​ព្រឹក​នោះ​​​ គេ​ឃើញ​​ឈ្មោះ អុំ សុភី ត្រូវ​ជាប្រពន្ធ​​របស់​ឈ្មោះ​ ស្ងួន ញឿន​ ​ដែល​២​នាក់​ប្តី​ប្រពន​្ធ​ជា​មេខ្យល់​ ​បាន​ប្រាប់​អ្នក​កាសែត​​ថា ពួក​គាត់​​​​ចំនួន​៥២​គ្រួសារ​​​​នៅ​ភូមិ​​ឡពាង​​​ បាន​ដោះ​ស្រាយ​​មួយ​ចំនួន​ហើយ​​​ នៅ​សល់​​១៧​គ្រួសារ​​ទៀត​ ដែល​​មិន​ទាន់​​បាន​ទទួល​​ការ​ចរ​ចា​ដោះ​ស្រាយ​ ។​

ពេល​អ្នក​កាសែត​សួរ​ថា​ ចុះ​ពេល​ហៅ​ចរចា​​ ម៉េច​បាន​​ចេះ​តែ​ងើប​ចេញ​​​ ឈ្មោះ អុំ​ សុភី​ បាន​ឆ្លើយ​ថា​ ការ​ហៅ​​​ចូល​​ទៅ​ចរចា​​​ម្តង​ម្នាក់​បែប​នេះ​​មិន​អាច​ទទួល​យក​បាន​ទេ​ ពួក​គេ​ត្រូវ​ការ​ចរចា​​ជា​សាធារណៈ​​​ មាន​ការ​ចូល​រួម​​​​ពី​ប្រជា​ពលរដ្ឋ​​​ ពី​អង្គ​ការ​ឈ្មោះ សំ ចាន់​គារ ​​ដែល​ជួញ​រុញ​ពី ក្រោយ​ ព្រោះ​​ពួក​គាត់​​ខ្លះ​មិន​ចេះ​អក្សរ​ផង​ គាត់​មិន​ត្រូវ​ការ​​​ជួប​ចរចា​ដោះ​ស្រាយ​​​ម្តង​ម្នាក់​​​​ទេ ។ ​ អ្នក​កាសែត​​សួរ​ថា មាន​ឯក​សារ​សម្គាល់​ដី​ទេ ពួក​គេ​ឆ្លើយ​ថា​អត់​មាន​ទេ​ ព្រោះ​​ឈ្មោះ​ ញឿន​ ធានា​ថា​​នឹង​បាន​ប្រាក់​ខ្លះ​​​​មិន​ខាន​​​ បាន​​ជា​ប្រឹង​​មិន​ខ្លាច​ខ្មាស់​​គេ​ ។ ជំុ​វិញ​ករណី​​​ប្រជា​ពលរដ្ឋ​​​បាន​ដាក់​ពាក្យ​​ប្តឹង​ចំនួន​​​​​៤០​គ្រួសារ​​​​នេះ​ ក្នុង​នោះ​​អ្នក​ភូមិ​បឹង​កក់​​​៣១​គ្រួសារ​​ អ្នក​ភូមិ​​សំរោង​​​៣​គ្រួសារ​ និង​អ្នក​ភូមិ​ឡពាង​​​៦​គ្រួសារ​​​ សុទ្ធ​តែ​​ជា​ឈ្មោះ​ថ្មី​ ឈ្មោះ​​ក្រៅ​បញ្ជី​ ។ ​សកម្ម​ភាព​អាក្រក់​បំផុត​នេះ​ត្រូវ​បាន​​គេ​ដឹង​ច្បាស់​ថា​​​ នេះ​គឺ​បណ្តាល​​​​មក​​ពី​ឃើញ​​អ្នក​ភូមិ​​ឡពាង​​​​មួយ​ភាគ​ធំ​​​ បាន​ទទួល​​ប្រាក់​​​គោល​នយោ​បាយ​​ពី​ក្រុម​ហ៊ុន​​​ ដែល​អាណិត​​​ខ្ជិល​រឿង​​ឈ្លោះ​​វែង​ឆ្ងាយ​ ម្លេ៉ោះ​ហើយ​​​​​ពេល​នេះ​ប្រឹង​​ប្រែង​មក​​ជាមួយ​គេ​ដែរ​​​ ក្រែងបាន​ខ្លះ ។

ដែល​តាម​​ដឹង តាំង​ពី​ដើម​រៀង​មក​​​ ក្រុម​នេះ​មិន​ដែល​​ចេញ​មុខ​មក​​តវ៉ា​ទេ​ ។ ហើយ​បើតាម​​ពាក្យ​បណ្តឹង​វិញ​បាន​ដាក់​​ថា​ បាន​តវ៉ា​តាំង​ពី​ឆ្នាំ​​​២០០១​ ខណៈ​​ដែល​ក្រុម​ហ៊ុន​​ទើប​នឹង​ទិញ​​ដី​នៅ​ឆ្នាំ​​​២០០៧​​​សោះ​ ។ សូម​បញ្ជាក់​​ថា ក្រុម​​ហ៊ុន​​បាន​សម្បទាន​​​ ដោះ​ស្រាយ​​​ប្រាក់​គោល​នយោ​បាយ​​​​ជូន​ប្រជា​ពលរដ្ឋ​​នៅ​ភូមិ​ឡពាង​​ចំនួន​៥២​គ្រួសារ​ ដោយ​បាន​ដោះ​ស្រាយ​​​អស់​មួយ​ចំនួន​ធំ​​​ នៅ​សល់​តែ​​១៦​គ្រួសារ​​ប៉ុណ្ណោះ​​​ ដែល​ភាគ​ច្រើន​គឺ​ជា​ក្រុម​គ្រួសារ​​​​ឈ្មោះ រាជ សីម៉ា ហៅ​ញេន ​ដែល​ជា​មេ​ខ្យល់​​​​អុក​ឡុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ ។ ក្នុង​នោះ​​ ស្ងួន ញេន ហៅ​ រាជ សីមា, ឈ្មោះ ស្ងួន ញឿន​ ត្រូវ​ជា​បង​បង្កើត​របស់​​​ រាជ សីមា​ និង​ឈ្មោះ​ អ៊ុន ទុំ​ ត្រូវ​ជា​ម្តាយ​​​ រាជ សីមា, ឈ្មោះ កែវ ខា ជា​កូន​យាយ​​ អ៊ុន ទុំ​, និង​ឈ្មោះ​​ សាន សុខុម​​​ ជា​ចៅ​យាយ​ អ៊ុន​ ទុំ​​ ។ ទាំង​៥​នាក់​​​ជា​កូន ជា​បង​ប្អូន​​​ និង​ជា​ចៅ​​​ តែ​ពួក​គេ​​បំបែក​​គ្នា​ជា​៥​គ្រួសារ ដែល​​ទាម​ទារ​ដី​កេរ​ ដែល​​មេ​កេរ​​ឈ្មោះ​យាយទុំ​​​នោះ​​​​ អត់​មាន​ដី​មួយ​ចំអាម​សោះ​ ។

លោក​ ថៃ ហុី​ ​តំណាង​ក្រុម​ហ៊ុន​ បាន​និយា​យ​ពី​ប្រវត្តិ​ យាយ អ៊ុន ទុំ​ ថា ក្រោយ​ពី​លែង​លះ​​គ្នា​ជាមួយ​ប្តី​​​ គាត់​គ្មាន​ដី​​នៅ​ទេ​​​​ ហើយ​កាល​ណោះ​​​ គាត់​បាន​​សុំ​ដី​របស់​ក្រុម​ហ៊ុន​​​ស្នាក់​នៅ​​​ ដោយ​មាន​លិខិត​ស្នាម​​​​ត្រឹម​ត្រូវ​​ ដែល​ក្រុម​ហ៊ុន​​ឱ្យ​ស្នាក់​នៅ​ ដើម្បី​ជួយ​បោច​ស្មៅ​​ និង​រើស​អាចម៍​គោ​-ក្របី​ ។ កាល​ណោះ​ឈ្មោះ​​ ស្ងួន ញេន​ ហៅ រាជ សីមា និង​ឈ្មោះ ស្ងួន ញឿន​​ នៅ​​ស្រាត​នៅ​ឡើយ​​​ ​នៅ​ជា​ក្មេង​បៀម​ដៃ​ នេះ​មិន​​និយាយ​ដល់​ចៅ​យាយ​ អ៊ុន ទុំ​​ ផង​ ដែល​កាល​ណោះ​ទើប​តែ​ចេះ​រត់​ ។ ប៉ុន្តែ​អ្នក​ទាំង​នោះ​​​ ពេល​ឆ្លើយ​​ជាមួយ​គណៈ​កម្ម​ការ​​ សុទ្ធ​តែ​ឆ្លើយ​​ដូចគ្នា​ថា​ ដី​កេរម៉ែ​​​​ចែក​ឱ្យ​​ទាំង​​អស់ ។ សួរ​ថា​​​ម៉ែ​​មាន​ដី​ពីណា​​​មក​ចែក​​ឱ្យ​​ បើ​ដី​​សុំ​គេ​​​នៅ​សោះ​ហ្នឹង​ ។ ដូច្នេះ​ក្រុម​នេះ​ មាន​ដី​មក​​ពី​ណា​ ហើយ​ក្រុម​ហ៊ុន​ទេ​​ ជា​អ្នក​ជួយ​ឧប​ត្ថម្ភ​​​ប្រាក់​គោល​នយោ​បាយ​​​ ទោះ​ដឹង​ថា​ក្រុម​នេះ​​គ្មាន​ដី​មួួយ​ចំអាម​​យ៉ាង​ណា​​ក្តី ព្រោះ​មិន​ចង់​ទាស់​ជាមួយ​ ។ រឿង​អី​​​មក​ដាក់​គំនាប​​​ឱ្យ​ក្រុម​ហ៊ុន​​ដោះ​ស្រាយ​ជា​សាធារណៈ​​​​នោះ ។ ក្រុម​ហ៊ុន​ដោះ​ស្រាយ​​គោល​​នយោ​បាយ​​​ ឱ្យ​នរណា​ប៉ុនណា​​​ វា​ជា​រឿង​​​ភាគី​ក្រុម​ហ៊ុន​ធ្វើ​សម្បទាន​​​ ហើយ​ចាំ​បាច់​អី​​​ ដោះ​ស្រាយ​ជា​​សាធារណៈ និង​មាន​​អង្គ​ការ​​ចូល​រួម​​ ដូច​​ស្ត្រី​ឈ្មោះ អុំ សុភី​ លើក​ឡើង​នោះ​ ។

​ចំពោះ​មូល​​ហេតុ​​​​ដែល​ក្រុម​អ្នកនៅ​សេស​សល់​ ពិសេស​ឈ្មោះ រាជ សីម៉ា​ ជាមេខ្យល់​​នេះ តវ៉ា​​ចង់​ឱ្យ​មាន​ការ​ចរចា​ជា​សាធារណៈ​​​ គឺ​ដោយ​សារ​​​ក្រុម​នេះ​​ចង់​ឱ្យ​ក្រុម​ហ៊ុន​​ដោះ​ស្រាយ​​ថវិកា​ជា​កញ្ចប់​ ហើយ​ចង់​​យក​មក​បែង​ចែក​​គ្នា​​​ ព្រោះ​សង្ស័យ​មាន​មេ​ខ្យល់​ទាម​ទារ​ចំណែក​​​ ដែល​តែង​​តែ​នៅ​ពី​ក្រោយ​ខ្នង​​​ជួយ​រុញ ។ ម៉្លោះ​ហើយ ទើប​ក្រុម​នេះ​​​មិន​ទទួល​យក​​ការ​ចូល​​ជួប​​​ដោះ​ស្រាយ​​​ម្តង​ម្នាក់​​ ដូច​អ្នក​មុនៗ​​​ ។ ចំណែក​​ឈ្មោះ​ រាជ សីមា វិញ​​ ក្រោយ​ពី​ដឹង​ថា​​​អស់​អ្នក​ភូមិ​ឡ​ពាង​​​ គាំទ្រ​ខ្លួន​ហើយ​​នោះ (នៅសល់​ដែរ​តែ​មួយ​ដំបរ​ស្វាជាក្រុម​គ្រួសារ​ខ្លួន) ក៏ងាក​ទៅកៀង​គរ​អ្នក​ភូមិ​បឹង​កក់​​​មក​បន្ថែម​​ជា​កម្លាំង​​​ ភ្លេច​គិត​ថា​ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​​ក្នុង​បញ្ជី​​​ទេ​ ។ មេខ្យល់​​បង​ប្អូន​ក្រៅ​សង​្គម​២​នាក់​នេះ​​​ តាម​ដឹង​នៅ​មាន​បណ្តឹង​​មួយ​នៅ​តុលាការ​​​នៅ​ឡើយ គឺ​​រឿង​ចូល​ដុត​ផ្ទះ​អ្នក​ចាំ​ដី​​​របស់​ក្រុម​ហ៊ុន​​​ ដែល​ជា​បទ​​ល្មើស​ព្រហ្ម​ទណ្ឌ​​​ អាច​ជាប់​គុក​​បាន​គ្រប់​ពេល​វេលា​​​យ៉ាង​ស្រួល​ ។

អ្នក​ខេត្ត​កំពង់​ឆ្នាំង​និយាយ​ថា​ ប្រសិន​គ្មាន​មនុស្ស​ខូច​ គ្មាន​ឈ្មោះ​ សំ ចាន់​គារ ញុះ​ញង់​​ពី​ក្រោយ​ទេ​ ម្លេ៉ះ​ខេត្ត​កំពង់​ឆ្នាំង​មាន​រោង​ចក្រ​ធំ​មួយ​​បោះ​ទី​តាំង​​ គ្រាន់កូន​ចៅ​អ្នក​ស្រុក​​មាន​ការងារ​ធ្វើ ​និង​ជា​មុខ​មាត់​​របស់​ខេត្ត​ ខាង​វិស័យ​សេដ្ឋ​កិច្ច ។ និយាយ​​ច្រើន​ពេក​ទៅ​ ពួក​គេ​អាណិត​​លោក​អភិ​បាល​ខេត្ត​​ជាង​​គេ​ ព្រោះ​ស្លូត​ពេក​​ទុក​ឱ្យ​មនុស្ស​មួយ​ក្តាប់​តូច​អុក​ឡុក​​​ស្រេច​តែ​ចិត្ត​ ។ ​ចំណែក​​មេ​សិទ្ធិ​មនុស្ស​ម្នាក់​​​ប្រចាំ​ខេត្ត​ឈ្មោះ សំ ចាន់​គារ​ លូក​ជ្រៅ​ហួស​ព្រំ​ដែន​កំណត់​ បង្កើត​​បាន​នូវ​​បរិយា​កាស​អាក្រក់​​ក្នុង​តំបន់​ឃុំ​តាជេស។ លោក ចាន់​គារ មាន​ភារកិច្ច​ត្រឹម​តែ​តាម​ដាន​​ការ​អនុវត្ត​​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​បែរ​​ជា​លូក​ជ្រៅ​ណាស់​ រហូត​ចូល​រួម​​ក្នុង​គណៈ​កម្ម​ការ​ដោះ​ស្រាយ​ ដោយ​មិន​ទទួល​ខុស​ត្រូវ​ទៀត ។ លោក ចាន់ សាវេត​ ក៏​លូក​ជ្រៅ​ដែរ​ ធ្វើ​ឱ្យ​​អាជ្ញាធរ​​ខេត្ត​​កំពង់​ឆ្នាំង​​​មុខ​ក្រហម​មិន​តិច​ឡើយ ។

​មហា​ជន​​កំពុង​​រង់​​ចាំ​​មើល​ អាជ្ញា​ធរ​ខេត្ត​​​កំពង់​ឆ្នាំង​ តើ​អាច​​វះ​កាត់​​​ជា​គំរូ​បាន​ហើយ​ឬ​នៅ​ ព្រោះ​អ្នក​ទាំង​នោះ​កំពុង​ធ្វើ​ព្យុះ​​ ធ្វើ​ភ្លៀង​​ក្នុង​ខេត្ត​ និង​​ដូច​សង្គម​អត់​មាន​ច្បាប់ ៕