ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងជារបស់មន្ត្រីនគរបាលបានបាត់កាលពីយប់ថ្ងៃទី២៨ មេសា ២០១៤ នៅភូមិស្នោ ឃុំពពេល ស្រុកបរិបូរណ៌ ខណៈមានពិធីបុណ្យឆ្លងព្រះវិហារបណ្តោះអាសន្ននៅវត្តអង្គ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវត្តអង្គមានរៀបចំពិធីបុណ្យឆ្លងព្រះវិហារបណ្តោះអាសន្នរយៈពេល៣យប់៤ថ្ងៃហើយ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ មេសា ដោយមានរបាំកម្សាន្តនៅពេលយប់ និងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ប្រភពដដែលបន្តថា លុះនៅយប់ថ្ងៃទី២៨ មេសា ជាថ្ងៃបង្ហើយស្រាប់តែបាត់ម៉ូតូអស់២គ្រឿងតែម្តង ក្នុងនោះមួយគ្រឿងម៉ាកឌ្រីម ស៊េរី២០១៤ ជាម៉ូតូរបស់លោកសៀ សុហ៊ី នាយរងនគរបាលប៉ុស្តិ៍ឃុំផ្សារដែលបានយកទៅផ្ញើនឹងម្ចាស់ផ្ទះឈ្មោះសៅ នី ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីម ស៊េរី២០១១ បានបាត់ពីមុខវត្តខណៈម្ចាស់មានទីលំនៅក្នុងភូមិពពេល ឃុំខុនរ៉ង បានដាក់ចោល ហើយដើរចូលក្នុងវត្ត។
គួរបញ្ជាក់ថា ក្នុងស្រុកបរិបូរណ៌នេះ មានម៉ូតូមន្ត្រីប៉ូលិសបាត់អស់៣គ្រឿងហើយ គិតទាំងលើកនេះផង ដែលកាលពីលើកមុនបានបាត់ម៉ូតូនាយប៉ុស្តិ៍ឃុំផ្សារ ខណៈមានបុណ្យបញ្ចុះសីមានៅវត្តក្តីក្រៅ និងមួយទៀតបាត់នៅអធិការនគរបាលស្រុកទាំងយប់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ