រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិហូឡង់ម្នាក់ជាម្តាយបានស្លាប់ក្នុងថ្លុកឈាម ចំណែកកូនស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ហេតុការណ៍នេះជាករណីឃាតកម្ម ដែលបានកើតឡើងនៅក្នុងផ្ទះលេខ១៧២Z2 ផ្លូវច្រកឌឿងហែម ក្រុមទី៣៧ ក្នុងភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ។
ស្ត្រីរងគ្រោះឈ្មោះ BEERD SANDA PHNA អាយុ៣១ឆ្នាំ និងកូនស្រីដែលរងរបួសឈ្មោះ ដាណា អាយុ២ឆ្នាំ ។ បុរសជាប្តីឈ្មោះ Oele Joris អាយុ៣៤ឆ្នាំ ជាជនជាតិហូឡង់ដូចគ្នា ។ ជនបរទេសមួយគ្រួសារនេះ បានមកជួលផ្ទះខាងលើស្នាក់នៅមានរយៈពេលទើបតែជាង៤ខែប៉ុណ្ណោះ ហើយនៅក្នុងលិខិតកុងត្រាជួលផ្ទះស្នាក់នៅ គឺធ្វើរយៈពេល៥ខែ ។ តាមប្រភពព័ត៌មាន ឱ្យដឹងថា ការភ្ញាក់ផ្អើលដែលដឹងថា ស្ត្រីរងគ្រោះខាងលើស្លាប់ គឺបន្ទាប់ពីអ្នកបម្រើក្នុងផ្ទះបានមកធ្វើការដូចធម្មតា ។ លុះពេលបើកទ្វារចូលដល់ក្នុងផ្ទះ ស្រាប់តែឃើញស្ត្រីហូឡង់រូបនេះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ដែលក្នុងនោះកូនស្រីអាយុ២ឆ្នាំ បានសន្លប់ក្រោមចុងជើងម្តាយ មើលទៅគួរឱ្យសង្វេគណាស់ ។
បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ស្ត្រីអ្នកបម្រើ ក៏ស្រែកឆោឡោ ហៅអ្នកជិតខាង និងរាយការណ៍ទៅសមត្ថកិច្ច ។ ក្នុងនោះដែរ គេសង្កេតឃើញវត្តមានលោកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋាន និងនគរបាលក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដោយមានការបញ្ជាអនុវត្តពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យពិនិត្យយ៉ាងម៉ត់ចត់បំផុត ដោយពុំអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ឬបុគ្គលណាផ្សេងពីសមត្ថកិច្ចជំនាញចូលទៅក្នុងផ្ទះកើតហេតុនោះឡើយ ។
តាមប្រភពព័ត៌មានក្រៅផ្លូវការឱ្យដឹងជុំវិញហេតុការណ៍នៃអំពើវាយសម្លាប់ស្ត្រីជនជាតិបរទេសខាងលើនេះថា ស្ត្រីដែលស្លាប់មានស្លាកស្នាមវាយ និងរុញច្រានផ្ទប់នឹងជញ្ជាំងផ្ទះ ហើយចាក់នឹងវត្ថុរឹងចុងស្រួចជាច្រើនកន្លែង បណ្តាលឱ្យដួលស្លាប់នៅក្នុងបន្ទប់ក្បែរមាត់ទ្វារ ជាមួយនឹងកូនស្រីសន្លប់មិនដឹងខ្លួន ដោយមានស្លាកស្នាមចាក់លើរាងកាយក្មេងស្រីនោះផងដែរ ។ ពេលដែលឃើញសភាពបែបនេះ សមត្ថកិច្ចបានជួយលើកកូនតូចនោះទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍សម្លាប់ពីសំណាក់ជនមិនស្គាល់មុខលើស្ត្រីជាម្តាយ និងកូនរបួសធ្ងន់នេះ បុរសជាប្តី និងជាឪពុកក្មេងស្រីរងគ្រោះ មិនមានវត្តមាននៅក្នុងផ្ទះឡើយ ។ បើតាមការអះអាងរបស់បុរសជាប្តី បានប្រាប់សមត្ថកិច្ចថា លោកនៅឯខេត្តព្រះសីហនុ ដោយជាប់ចុះទៅបំពេញការងារនៅទីនោះ ។ ប៉ុន្តែបន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើង ត្រូវបានសមត្ថកិច្ចប្រាប់តាមមិត្តភក្តិជាជនជាតិបរទេសដូចគ្នា និងជាអ្នករួមការងារ ទូរស័ព្ទប្រាប់ឱ្យត្រឡប់មកផ្ទះជាបន្ទាន់ ព្រោះមានការចាំបាច់ ។
បន្ទាប់ពីទទួលបានដំណឹងខ្លះៗពីសមត្ថកិច្ច បុរសជាប្តីក៏បានធ្វើដំណើរពីខេត្តព្រះសីហនុ មកដល់លំនៅឋានវិញ ឃើញហេតុការណ៍ដែលបានកើតឡើង ក៏កើតក្តីក្តុកក្តួលអួលដើមក និយាយស្តីអ្វីលែងកើត ហើយស្រវាសួរនាំសមត្ថកិច្ច និងមិត្តភក្តិអំពីសុខទុក្ខកូនស្រី និងស្រូតរូតរះទៅមើលកូនស្រីនៅមន្ទីរពេទ្យ ។ លុះមួយស្របក់ក្រោយមក ត្រូវសមត្ថកិច្ចហៅមកសួរនាំដល់ផ្ទះកើតហេតុ ជាមួយនឹងស្ត្រីបម្រើម្នាក់អស់ពេលជាច្រើនម៉ោង ទើបសមត្ថកិច្ចអនុញ្ញាតឱ្យយកសពទៅតម្កល់នៅអគាររក្សាសពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃដដែល រង់ចាំបញ្ជូនសពទៅស្រុកកំណើតនាពេលក្រោយ ។ ប្រភពព័ត៌មានចុងក្រោយបញ្ជាក់ថា ស្ត្រីខាងលើ ស្លាប់ដោយអំពើឃាតកម្ម ប៉ុន្តែមិនទាន់ប្រាកដថា ឃាតកម្មក្នុងគំនុំ ឬក៏ប្លន់ឡើយ ។ ប៉ុន្តែប្រភពភាគច្រើននិយាយថា ជារឿងគំនុំ ព្រោះមិនមានបាត់បង់អ្វីឡើយ គឺបាត់តែប្រាក់ខ្មែរបន្តិចបន្តួច និងកង់មួយគ្រឿងប៉ុណ្ណោះ ។ ចំណែកសម្ភារផ្សេងៗទៀត ដូចជាកុំព្យូទ័រយួរដៃ ជាដើម គឺមិនបាត់បង់ទេ ។
សូមបញ្ជាក់ថា ក្នុងចន្លោះវេលាទៀបភ្លឺ ថ្ងៃទី២៨ មេសា មានករណីបាញ់ប្រហារសម្លាប់នារីម្នាក់ ប្លន់យកម៉ូតូមួយគ្រឿង នៅក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ហើយសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាចោរប្លន់មិនទាន់បាត់ដានស្រួលបួលផង ស្រាប់តែកើតមានអំពើឃាតកម្មលើជនជាតិបរទេស ហើយសមត្ថកិច្ចស្រាវជ្រាវមិនទាន់ឃើញមុខសញ្ញាដែលប្រព្រឹត្តបទល្មើសនៅឡើយទេ ។ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ជុំវិញហេតុការណ៍ទាំងពីរនេះ គឺបែរជាចាប់បោកទូរស័ព្ទដៃមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលចូលទៅថតរូបក្នុងហេតុការណ៍នោះទៅវិញ ដែលអ្នកឃើញហេតុការណ៍គិតថា លោកស្នងការឆេវឆាវណាស់ ៕
ចែករំលែកព័តមាននេះ