រាជធានីភ្នំពេញ ៖ អំពើហិង្សាមួយបានកើតឡើងរវាងអ្នកដាក់ឆត្រ័ធំក្នុងផ្សារច្បារអំពៅ២ជាមួយនឹងក្រុមសន្តិសុខដើរយកភាស៊ីក្នុងផ្សារច្បារអំពៅ ក្រោយពេលមានទំនាស់ពាក្យសម្តីគ្នារឿងចាប់ឆត្រ័យកមកទុកនៅទីស្នាក់ការផ្សារបន្លែហើយហៅម្ចាស់មកផាកពិន័យ ខណៈពេលដែលបុរសប្រកបរបរដាក់ឆត្រ័ សាឆត្រ័មិនទាន់តាមកាលកំណត់ដែលខាងអ្នកគ្រប់គ្រងផ្សារអនុញ្ញាតឱ្យ។ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៨ មេសា ២០១៤ នៅចំណុច ស្នាក់ការផ្សារបន្លែ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ជា វាសនា ភេទប្រុស អាយុ៥៣ឆ្នាំ ជាអ្នកដាក់ឆត្រ័ធំក្នុងផ្សារច្បារអំពៅ២ ស្នាក់ផ្ទះជួល នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនមានអំពើហិង្សាកើតឡើងគឺក្រុមសន្តិសុខដើរទារភាស៊ីក្នុងផ្សារបានមកប្រមូលឆត្រ័របស់គាត់ យកទៅដាក់នៅស្នាក់ការបន្លែ ខណៈពេលគាត់ធ្វើការ សាឆត្រ័ទាំងអស់នោះមិនទាន់ពេលកំណត់ដោយសារតែមេឃរកកល់ភ្លៀង ។ ហើយបើតាមច្បាប់ក្នុងផ្សារ គឺគេអនុញ្ញាតឱ្យដាក់ឆត្រ័ចាប់ពីម៉ោង៤ទាបភ្លឺទៅដល់ម៉ោង១២ថ្ងៃត្រង់ ហើយក្នុងឆត្រ័មួយត្រូវបង់អោយថ្លៃភាស៊ី ១០០រៀល (តាមសៀវភៅបន្ទុក)។
បុរសរងគ្រោះបានបន្តទៀតថា នៅម៉ោង៥ល្ងាចខាងសន្តិសុខទារភាស៊ីគេបានហៅ គាត់ឱ្យទៅដោះស្រាយ នៅពេលដែលគាត់ទៅដល់ទីនោះគេផាកពិន័យគាត់ក្នុងឆត្រ័មួយ ថ្លៃ៥០០០រៀល ដោយសារថ្លៃពេកគាត់ក៏បានប្រកែកជាមួយសន្តិសុខទារភាស៊ីផ្សារ ដោយជេប្រមាថគ្នាទៅវិញទៅមក រហូតបង្កឱ្យមានអំពើហិង្សាកើតឡើង ដោយក្រុមសន្តិសុខទារភាស៊ីផ្សារមានគ្នា៣ទៅ៤ នាក់ព្រួតគ្នាវាយមកលើគាត់ ហើយគាត់បានរត់មកក្រៅឱ្យគេជួយ ។ បន្ទាប់ពីវាយគាត់ហើយអ្នកគ្រប់គ្រងផ្សាររច្បារអំពៅ២ហៅគាត់មកចរចារ ដោយផ្តល់ជាសំណង១០០ដុល្លារដើម្បីបញ្ចប់រឿង ហើយគាត់ក៏ព្រមទទួលយក ។ ចំណែកជនបង្កបានរត់គេចខ្លួនបាត់ហើយ ។
សូមបញ្ជាក់ផងដែរថាក្នុងផ្សារច្បារអំពៅ២នេះគឺមានសន្តិសុខដើរទារភាស៊ីម្នាក់ ឈ្មោះខ្មៅ តែងតែវ៉ៃគេនៅពេលមានទំនាស់ពាក្យសម្តីគ្នាម្តងៗដូច្នេះហើយអាជីវករក្នុងផ្សារនេះសំណូមពរដល់អ្នកគ្រប់គ្រងផ្សារកុំឱ្យទទួលយកម្នាក់និងមកធ្វើការនៅក្នុងផ្សារច្បារអំពៅ២ទៀត ។
ចែករំលែកព័តមាននេះ