រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់និងស្រាល ដោយសារតែដាច់កន្ត្រកធ្លាក់ទូរទេះភ្លើងមកដី ខណៈពួកគេទាំង៤នាក់កំពុងជិះរទេះភ្លើងលេងក្នុងមណ្ឌលកម្សាន្តសួនសុបិនចម្ការព្រីង ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ មេសា ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់នេះមាន១-ឈ្មោះលី ម៉ានុត ភេទប្រុស អាយុ២៧ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យន័រតុន ស្នាក់នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ របួសធ្ងន់ ២-ឈ្មោះគឹម សឿន ភេទស្រី អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ របួសបែកក្បាលពីក្រោយធ្ងន់ ទាំង២នាក់ត្រូវបានអះអាងថា ជាគូសង្សារនឹងគ្នា ៣-ឈ្មោះជុំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៤-ឈ្មោះភឿក ស្រីភ័ក្រ្ត ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើងដោយសារតែរទេះភ្លើងដែលកំពុងតែរត់ចុះឡើងនោះបានដាច់កង់ចេញពីផ្លូវរត់បណ្ដាលឱ្យធ្លាក់ទាំងទូនិងមនុស្សមកក្រោមតែម្ដង ។ ទូរទេះភ្លើងរត់ចុះឡើងនេះមានកម្ពស់៤ទៅ៥ម៉ែត្រ ។ លោកអធិការបានបញ្ជាក់ថា មណ្ឌលកម្សាន្តសួនសុបិនចម្ការព្រីងត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះអតិថិជនដែលមានគ្រោះថ្នាក់នេះ ។ ដោយឡែក ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៤នាក់ ដើរលេងនៅមណ្ឌលកម្សាន្តសួនសុបិនចម្ការព្រីង ។ បន្ទាប់មកពួកគេនាំគ្នាឡើងជិះរទេះភ្លើង ហើយខណៈពេលកំពុងជិះនោះស្រាប់តែរទេះភ្លើងដាច់កន្ត្រកហើយធ្លាក់ទូមកដល់ដីបណ្ដាលឱ្យអ្នកទាំង៤នាក់រងរបួសធ្ងន់និងស្រាល ។ ភ្លាមៗជនរងគ្រោះ២នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយក្នុងខណ្ឌសែនសុខ ឯជនរងគ្រោះ២នាក់ទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយពេលកើតហេតុ កន្លែងរទេះភ្លើងដាច់ធ្លាក់បណ្ដាលឱ្យរបួសធ្ងន់និងស្រាលនេះត្រូវបានគេរៀបចំយ៉ាងស្អាតឡើងវិញ ។ ទោះជាបែបណា គ្រោះថ្នាក់នេះបានដឹងដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសាកសួរភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ