ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ស្រុក គឺស្រុកថ្មពួក និងស្រុកព្រះនេត្រព្រះ សរុបចំនួន១០៨ខ្នងបានរងនូវការខូចខាតយ៉ាងដំណំដោយសារខ្យល់កន្ត្រាក់ និងផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះហ្មត់ទាំងស្រុងនៅស្រុកព្រះនេត្រព្រះ កាលពីល្ងាចថ្ងៃទី២៧ មេសា ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកឱ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀលដល់ម៉ោង៣រសៀលថ្ងៃទី២៧ មេសា នៅស្រុកថ្មពួក មានភ្លៀងកក់ខែ១មេយ៉ាងខ្លាំងលាយជាមួយខ្យល់កន្ត្រាក់បោកបក់បណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៩៨ខ្នង និងសាលារៀន៣ខ្នង ជង្រុកស្រូវ១ខ្នង ត្រូវរងការខូចខាតលើឃុំចំនួន៣ ក្នុងស្រុកថ្មពួក ។ លោកអធិការបញ្ជាក់ថា លំនៅឋានប្រជាពលរដ្ឋដែលរងការខូចខាត គឺឃុំគំរូ ប៉ះពាល់ចំនួន៤ភូមិ សរុបចំនួន១៣ខ្នង ក្នុងនោះភូមិផ្សារថ្មី របើកដំបូលខូចខាតខ្លាំងចំនួន២ខ្នង ស្រាល១ខ្នង, ភូមិឯកភាព របើកដំបូលស្ទើរទាំងស្រុង១ខ្នង បាក់សំយ៉ាបផ្ទះខូចទាំងស្រុង១ខ្នង និងរបើកដំបូលខូចខាតមធ្យម២ខ្នង, ភូមិគំរូ របើកដំបូលខូចខាតស្រាល៤ខ្នង និងភូមិអណ្តូងថ្លុងរបើកដំបូលខូចខាតធ្ងន់២ខ្នង ។ នៅឃុំថ្មពួកលើរងផលប៉ះពាល់ចំនួន៦២ខ្នង សាលារៀន៣ខ្នង ក្នុងនោះភូមិស្វាយ របើកដំបូលធ្ងន់២ខ្នង ស្រាល២០ខ្នង, ភូមិអ្នកតា របើកដំបូលធ្ងន់៨ខ្នង, ភូមិវត្តចាស់របើកដំបូលធ្ងន់២ខ្នង, ភូមិថ្មពួក របើកដំបូលចំនួន៣០ខ្នង ធ្ងន់២ខ្នង ដួលរលំខូចខាតទាំងស្រុង១ខ្នង ម្ចាស់ផ្ទះម្នាក់រងរបួសស្រាល និងរបើកដំបូលសាលារៀន៣ខ្នង ១ខ្នងរលំដួលដល់ដី ។
ចំណែកឃុំភូមិថ្មី មាន១ភូមិគឺភូមិកាប់ចោរ ប៉ះពាល់សរុបចំនួន២៣ខ្នង របើកដំបូលធ្ងន់ធ្ងរចំនួន៦ខ្នង និងជង្រុកស្រូវ២ខ្នង ។ ដោយឡែក នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ មេសាដដែល នៅស្រុកព្រះនេត្រព្រះ ក៏មានលំនៅឋានប្រជាពលរដ្ឋចំនួន១០ខ្នងរងការខូចខាតដោយខ្យល់កន្ត្រាក់នេះផងដែរបណ្តាលឱ្យរបើកដំបូលនៅភូមិតាបៅ ស្ថិតក្នុងឃុំបុស្បូវ ។ ជាមួយគ្នានេះដែរ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃដដែល មានអគ្គិភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋ១ខ្នងមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដោយឆេះអស់ទាំងស្រុង ក្នុងនោះមានស្រូវចំនួន១៣បាវ និងសម្ភារប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនធំដែលមានម្ចាស់ឈ្មោះញ៉ាញ់ ហាំ ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិកាបៅ ឃុំភ្នំលៀប ។
ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះបណ្តាលមកពីម្ចាស់ផ្ទះដាំស្លរួចមិនពន្លត់ភ្លើងចង្ក្រាន រួចដើរទៅលេងផ្ទះអ្នកជិតខាង ។ នេះបើតាមសេចក្តីរាយការណ៍លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ មេសា ៕
ចែករំលែកព័តមាននេះ