រាជធានីភ្នំពេញ ៖ នៅម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៨ មេសា អតីតសហគមន៍បឹងកក់បុរីកីទ្បានិងថ្មគោលប្រមាណ៦០នាក់ ដែលបានទទួលយកដំណេោះស្រាយរួចរាល់ពីអតីតកាលនោះ ត្រូវបានរុញច្រានគ្នាជាមួយក្រុមសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ ខណៈដែលពួកគេព្យាយាមចូលទៅកាន់មុខសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទាមទារសំណងបន្ថែមចំនួន២ម៉ឺនដុល្លារ ក្នុងមួយខ្នងផ្ទះ ឬដីទំហំ៥ម៉ែត្រគុណ១៦ម៉ែត្រ ក្នុង១គ្រួសារ ហើយមានចម្ងាយពី៣ទៅ៥គីទ្បូម៉ែត្រពីតំបន់អភិវឌ្ឍន៍បឹងកក់ ។
ការលើកគ្នាមកទាមទារសំណងបន្ថែមរបស់អតីតអ្នកបឹងកក់ គឺស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ នឹងបើកវេទិកាសាធារណៈ ដើម្បីរកដំណោះស្រាយពីបញ្ហាដីធ្លីនៅថ្ងៃពុធ ទី៣០ មេសា ដោយមានការចូលរួមពីតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិល ។ ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានរារាំងក្រុមអតីតសហគមន៍បឹងកក់ ដែលព្យាយាមទៅប្រមូលផ្តុំដាក់ញត្តិនៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ មេសា ដើម្បីទាមទារសំណងបន្ថែម ក៏ប៉ុន្តែមិនមានអំពើហិង្សាណាមួយឱ្យមានរបួសស្នាមនោះទេ គ្រាន់តែរុញច្រានគ្នាទៅវិញទៅមកប៉ុណ្ណោះ ។
ក្រុមអតីតអ្នកបឹងកក់ឱ្យដឹងថា ការដែលពួកគាត់ស្នើសុំសំណងបន្ថែមនេះ ដោយសារតែការផ្តល់សំណងពីមុនមកតិចតួច ពីការបណ្តេញចេញកាលពីឆ្នាំ២០០៨នោះ ធ្វើឱ្យពួកគាត់រស់នៅមិនបានសមរម្យ និងធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែដុនដាបពី១ថ្ងៃទៅ១ថ្ងៃ ដោយអ្នកខ្លះត្រូវជួលផ្ទះគេស្នាក់នៅក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ និងអ្នកខ្លះទៀតរស់នៅតំបន់ដាច់ស្រយោល ដែលពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ក្រុមអ្នកទាមទារនិយាយថា ធ្លាប់បានជួបពិភាក្សាស្នើសុំដំណោះស្រាយពីលោកអភិបាល និងមន្ត្រីសាលារាជធានីភ្នំពេញ អស់ជាច្រើនលើកមកហើយ តាំងពីលោកអភិបាលចាស់ រហូតដល់លោកអភិបាលអាណត្តិថ្មី ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះទ្បើយ ។
តាមការគ្រោងទុក ប្រជាពលរដ្ឋសហគមន៍អតីតបឹងកក់ដែលចាកចេញ និងបណ្តាញសន្តិភាពសហគមន៍ដីធ្លីប្រមាណ៦០០នាក់ គ្រោងនឹងជួបជុំគ្នាមុខសាលារាជធានីភ្នំពេញ ដើម្បីធ្វើយុទ្ធនាការទាមទារសំណងបន្ថែម និងបោះតង់ដេក ទាំងយប់ទាំងថ្ងៃ នៅមុខសាលារាជធានីភ្នំពេញរហូតទទួលបានដំណោះស្រាយ ។ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃដដែល លោក ទ្បុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សាលារាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញដល់តំណាងសហគមន៍បឹងកក់ បុរីកីទ្បា ថ្មគោលនិងអង្គការសង្គមស៊ីវិល ឱ្យចូលរួមវេទិកាសាធារណៈ ដើម្បីរកដំណោះស្រាយរួមបញ្ហាដីធ្លី ដែលរៀបចំទ្បើងនៅសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ មេសា ខាងមុខ និងមានការចូលរួមពីលោកអភិបាលរាជធានីផងដែរ ។
តំណាងបុរីកីទ្បាដែលបានទទួលលិខិតអញ្ជើញពីសាលារាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតថា អ្នកស្រីនិងចូលរួមវេទិកាសាធារណៈ ដែលរៀបចំទ្បើងដោយសាលារាជធានី ដើម្បីរកដំណោះស្រាយរួម តែអ្នកស្រីសង្ឃឹមតិចតួចថា នឹងមានដំណោះស្រាយដល់សហគមន៍បុរីកីទ្បា។ ពួកគាត់និយាយថា ទោះជាយ៉ាងក៏ដោយ បងប្អូនបុរីកីទ្បាបន្តការតវ៉ា រហូតដល់មានដំណោះស្រាយសមស្របដែលអាចទទួលយកបាន ។ រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃដដែល ប្រជាពលរដ្ឋសហគមន៍បុរីកីទ្បា ថ្មគោល និងអតីតបឹងកក់ បាននាំគ្នារំសាយវិលទៅលំនៅឋានវិញ ក្រោមការឃ្លាំងមើលពីកម្លាំងសមត្ថកិច្ច ៕
ចែករំលែកព័តមាននេះ