រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការរិះគន់ទៅលើអង្គការក្រៅរដ្ឋាភិបាល និង ក្រុមអ្នកច្បាប់មួយចំនួន ដែលចង់បញ្ចេញយោបល់លើសេចក្តីព្រាងច្បាប់នានា មុនដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័ត ដោយសម្តេចតេជោបញ្ជាក់ថា ” អ្នកច្បាប់ទំាងឡាយ សុំមានការខ្មាស់អៀនផង ព្រោះអំណាចរបស់យើង មិនមែនជាអំណាចដែលរាជរដ្ឋាភិបាល ឬក្រសួងយុត្តិធ៌មដែលជាអ្នកព្រាងច្បាប់ហ្នឹងបញ្ជូនទៅឲ្យគាត់ មុនបញ្ជូនទៅគណៈរដ្ឋមន្រ្តី ឬ គណៈរដ្ឋមន្រ្តីត្រូវបញ្ជូនទៅឲ្យគាត់ មុនពេលបញ្ជូនទៅរដ្ឋសភាទេ មិនមែនដូច្នេះទេ ” ។
សម្តេចនាយករដ្ឋមន្រ្តីថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ មេសា ២០១៤ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតចំនួន១៨២៣នាក់នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ ។
ជាការកត់សម្គាល់ការរិះគន់របស់ម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលមួយចំនួន បានដាក់លិខិតសុំឲ្យរាជរដ្ឋាភិបាលផ្អាកការបញ្ជូនសេចក្តីព្រាងច្បាប់ចំនួន៣ ទៅឲ្យរដ្ឋសភាធ្វើការពិភាក្សានិងអនុម័ត ដែលសេចក្តីព្រាងច្បាប់ទំាង៣នោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា បន្ទាប់ពីគណៈរដ្ឋមន្រ្តី បានអនុម័តក្នុងកិច្ចប្រជុំប្រចាំសប្តាហ៏របស់ខ្លួនកាលពីថ្ងៃទី១៨ មេសា ២០១៤កន្លងមកនេះ ដោយលើកហេតុផលថា ទុកឲ្យស្ថាប័នពាក់ព័ន្ឋរួមទំាងសង្គមស៊ីវិលមួយចំនួនបញ្ចេញយោបល់លើសេចក្តីព្រាងច្បាប់ខាងលើនេះជាមុនសិន ។
យ៉ាងណាក៏ដោយបើតាមសម្តេចតេជោ ហ៊ុន សែន សេចក្តីព្រាងច្បាប់ទំាងនោះ ការពិតគឺបានស្តាប់នូវយោបល់ជាច្រើនសាររាប់មិនអស់ ហើយថែមទំាងបានយកមកធ្វើជាសំយោគយូរមកហើយ ។
សម្តេចបានបន្តថា “ការពិតគាត់ចង់ឲ្យយើងទៅពិគ្រោះយោបល់ជាមួយគាត់ រួចគាត់ធ្វើបែបបទទៅសុំលុយពីបរទេស ដើម្បីយកមកធ្វើសិក្ខាសាលារបស់គាត់ទៀត” ច្បាប់នេះគឺយកលំនំាពីប្រទេសបរំាង អូស្រ្តាលី និង ប្រទេសមួយចំនួនទៀត ព្រះរាជអាជ្ញានៅកន្លែងណា ចៅក្រមនៅកន្លែងណា គឺយកតាមរបៀបអន្តរជាតិ ហើយប្រទេសទំាងនេះគេបានជួយឧបត្ថម្ភទំាងស្រុង ជួយសរសេរច្បាប់នោះទៀត គ្រាន់តែយើងអនុម័តមានការយូរ អាណត្តិទី៤ធ្វើអត់បាន ឈានចូលអាណត្តិទី៥ប្រឹងខំធ្វើ ដល់ពេលធ្វើទៅ គេថាលឿនពេក មិនបានពិគ្រោះជាមួយគេ “។
សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៀតថា ” បើចង់អនុម័តច្បាប់ស្អី ចូលរួមបោះឆ្នោតធ្វើសមាជសភាទៅ នោះបានហើយ ហើយអ្នកដែលចង់ពិភាក្សាអ្វី ចូលពិភាក្សាសភាទៅ ច្បាប់គេអត់និយាយតាមចិញ្ចើមថ្នល់ទេ គេអត់ជជែកតាមចិញ្ចើមថ្នល់ទេ ចំពោះបញ្ហាច្បាប់នេះ អ្វីៗក៏ដោយគេយកទៅអនុម័តនៅក្នុងសភាឯណោះ បើនិយាយអំពីច្បាប់ ” ៕
ចែករំលែកព័តមាននេះ