ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងកូនតូចអាយុជិត១ខួបរងរបួសធ្ងន់ដោយសាររថយន្តកូរ៉េដឹកជ្រូកបុកពេញទំហឹង កាលពីថ្ងៃទី២៧ មេសា ២០១៤ នៅចំណុចភូមិលើ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង។
ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ខាងលើនេះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះបើកក្នុងទិសដៅពីលិចទៅកើតជិះគ្នា២នាក់ម្តាយ និងកូនឆ្លងផ្លូវពីឆ្វេងទៅស្តាំ លុះឆ្លងបានពាក់កណ្តាលផ្លូវ ស្របពេលរថយន្តដឹកជ្រូកមកដល់ក៏បុកពីក្រោយពេញទំហឹងបណ្តាលឱ្យទាំង២នាក់ ម្តាយ និងកូនតូចរងរបួសធ្ងន់ និងស្លាប់តែម្តង។
មន្ត្រីចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះនូ ចាន់ទី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិកោះសំពាយ ស្រុកសៀមបូក ចំណែកអ្នកបើកបររថយន្តឈ្មោះចឹក លៀងសឿន ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកដឹកជ្រូកឱ្យក្រុមហ៊ុនស៊ីភីមកបោះឱ្យម៉ូយនៅខេត្តស្ទឹងត្រែង។
មន្ត្រីចរាចរណ៍ដដែលបានឱ្យដឹងទៀតថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានព្រមព្រៀងចេញសំណងដល់ជនរងគ្រោះ៕
ចែករំលែកព័តមាននេះ