ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកសំរាមបុករះនឹងតូបលក់ដូរអាជីវករ រួចក៏ជ្រុលចង្កូតទៅបុកប៉ះនឹងម៉ូតូ២គ្រឿងផ្សេងទៀតកៀបជាប់ក្រោមរថយន្ត បង្កឱ្យមានការការភ្ញាក់ផ្អើលកាលពីម៉ោងជិត០៨យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកសំរាមខាងលើគ្មានផ្លាកលេខបើកបរក្នុងល្បឿនលឿនពីលិចទៅកើត លុះមកដល់ចំណុចខាងលើក៏បត់ឆ្វេង តែចៃដន្យជ្រុលចង្កូតទៅបុករះតូបរបស់អាជីវករលក់ដូរនៅក្រោយជាប់ផ្សារលើអស់ចំនួន៥តូប បណ្តាលឱ្យរងការខូចខាតទ្រសម្បត្តិផងដែរ។

ប្រភពដដែលបន្តថា មិនត្រឹមតែប៉ុណ្ណោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅបុក និងប៉ះម៉ូតូចំនួន២គ្រឿងផ្សេងទៀត ដោយមួយគ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ២០១៩ គ្មានផ្លាកលេខ និងមួយគ្រឿងទៀតម៉ាក Honda Dream ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ កណ្តាល 1j-2082 បណ្តាលឱ្យម៉ូតូកៀបជាប់ក្រោមរថយន្តតែម្តង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះម្នាក់ជាតៃកុងរថយន្តត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង២នាក់ទៀតរងរបួសស្រាលរង់ចាំភាគីបង្កមកដោះស្រាយ រីឯវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចបានយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ