រាជធានីភ្នំពេញ ៖ សំណង់ជាខ្ទមមិនរៀបរយចំនួន១០ខ្នងដែលអាជ្ញាធរអះអាងថា ជាកន្លែងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វារប្រើកម្លាំងរុះរើវាយកម្ទេចចោលមួយប៉ប្រិចភ្នែក បន្ទាប់ពីជួនដំណឹងអោយរុះរើចេញជាច្រើនលើក មិនព្រមរុះរើ។
ការប្រើវិធានការរដ្ឋបាលនេះ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចដីឡូតិ៍មួយកន្លែងជាប់របងវត្ត ប្រជុំសាគរ ហៅវត្តថ្មីក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ។
លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វា បានអោយដឹងថា សំណង់ដែលអាជ្ញាធររុះរើនាពេលនេះជាសំណង់មិនរៀបរយដែលប្រជាពលរដ្ឋមករស់នៅលើក្នុងដីឡូតិ៍របស់ឈ្មោះ ប៊ុន ជេស្ឋ ហើយធ្លាប់ជាទីតាំងប្រមូលផ្តុំប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ ។
លោកអភិបាលរងក៏បានអោយដឹងទៀតថា ដោយហេតុផលជាកន្លែងប្រមូលផ្តុំជួញដូរនិងប្រើប្រាស់គ្រឿង និងមានការស្នើសុំពីម្ចាស់ ទើបអាជ្ញាធរក៏បានជួនដំណឹងដល់ប្រជាពលរដ្ឋអោយរុះរើសំណង់មិនរៀបរយនោះចេញដោយខ្លួនឯង ហើយប្រជាពលរដ្ឋចំនួន៣គ្រួសារ ក៏បានរុះរើ នៅសល់ប្រមាណ១០គ្រួសារមិនស្តាប់តាមការណែនាំ ទើបរដ្ឋបាលខណ្ឌសម្រេចអនុវត្តវិធានការរដ្ឋបាលនេះតែម្តង។ ទន្ទឹមនោះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញក៏មានការអបអរសាទរផងដែរ។
តាមប្រភពពីលោកប៊ុន ជេស្ឋ បានអោយអ្នកព័ត៌មានដឹងថា ដីឡូត៍មួយកន្លែងខាងលើនោះមិនមែនជាដីរបស់គាត់ទេ គឺជាដីរបស់មិត្តភក្តិគាត់ឈ្មោះលី អេរ៉ូ ដែលអោយគាត់ឈរឈ្មោះទិញអោយ លុះក្រោយមកកម្មកររបស់គាត់សុំស្នាក់នៅក៏បានបង្កើតជាសំណង់មិនរៀបរយតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ