តាមឯកសារទស្សនីយភាពខ្មែរ លើកឡើងថា ស្បែកតូច ជាប្រភេទសិល្បៈដែលស្ថិតក្នុងក្រុមល្ខោនស្រមោលដូចស្បែកធំដែរ ប៉ុន្តែជាចម្លាក់ដែលឆ្លាក់នៅលើស្បែកគោ មានទំហំ តូចៗ ហើយមិនមែនជាចម្លាក់នឹងថ្កល់ដូចសិល្បៈស្បែកធំ ឬស្បែកលាបពណ៌ឡើយ ។ ផ្ទុយទៅវិញ វាជាចម្លាក់ដែលធ្វើចលនាកម្រើកបាន ដូចជាលើកដៃ លើកជើង ឬក៏ហាមាត់និយាយ និងច្រៀងបាន ។ ម្យ៉ាងទៀតសិល្បៈស្បែកធំ ជាប្រភេទសិល្បៈសក្ការៈ ដែលសម្តែងមានលក្ខណៈហ្មត់ចត់ ស្រគត់ស្រគំ សម្តែងរឿងសាសនា (សម្តែងតែរឿងរាមកេរ្តិ៍មួយគត់) ។
ចំណែកស្បែកតូចវិញ ជាប្រភេទសិល្បៈប្រជាប្រិយ មានលក្ខណៈកំប្លុកកំប្លែងងាយមើល ងាយយល់ ហើយព្រមទាំងអាចសម្តែងរឿងជាច្រើន ដូចជារឿងព្រេងនិទាន រឿងប្រវត្តិសាស្ត្រ ឬរឿងទាក់ទងនឹងបច្ចុប្បន្នភាពរបស់សង្គមទៀតផង ។
នៅប្រទេសកម្ពុជា មានពាក្យបីម៉ាត់សម្រាប់សម្គាល់ ឬក៏ដាក់ឱ្យជាឈ្មោះដល់ទម្រង់សិល្បៈនេះ គឺ ១-ស្បែកតូច ២-អាយ៉ង ៣-ណាំងតាលុង ឬណាំងកាលុង ទៅតាមការនិយមរបស់តំបន់ នីមួយៗខុសគ្នា ។ ម្យ៉ាងទៀត បើពឹងផ្អែកទៅលើការនិយមរបស់ជនជាតិខ្មែរដែលយល់ថា ពាក្យតុក្កតា និងពាក្យអាយ៉ង មានន័យដូចគ្នា គឺសម្រាប់សម្គាល់វត្ថុឥតវិញ្ញាណទាំងឡាយ ទោះបីមានទំហំមាឌ ឬក៏សំប៉ែត ដូចជារូបចម្លាក់ធ្វើអំពីឈើ អំពីកំណាត់ញាត់សំឡី រូបចម្លាក់ធ្វើពីដីឥដ្ឋ រូបចម្លាក់ធ្វើអំពីស្បែក ហើយសព្វថ្ងៃមានធ្វើពីក្រដាស និងជ័រប្លាស្ទិកទៀតផង ហើយវត្ថុទាំងនេះត្រូវជើត ឬញាក់ ឬជំរុញឱ្យធ្វើសកម្មភាពដោយអ្នកដទៃ «សិល្បករអ្នកជើត» នោះអ្នកស្រាវជ្រាវជឿថា សិល្បៈប្រភេទនេះប្រាកដជាមានចំណាស់ច្រើនសតវត្សណាស់មកហើយនៅលើទឹកដីកម្ពុជា ។
ចំពោះកាលបរិច្ឆេទកំណើត ឬប្រភពរបស់សិល្បៈស្បែកតូច ឬអាយ៉ងនេះវិញ អ្នកស្រាវជ្រាវបានជួបប្រទះឯកសារជាច្រើន ដែលអស់លោកអ្នកប្រាជ្ញរាជបណ្ឌិតទាំងជនជាតិកម្ពុជា ទាំងបរទេសបានបន្សល់ទុកឱ្យដោយមតិខ្លះប៉ាន់ស្មានថា ស្បែកតូច ឬអាយ៉ងខ្មែរ ប្រហែលជាបានយោនយកកំណើតមកពី Wayang ម៉ាឡេសុី ? ឯមតិខ្លះទៀតបានសន្និដ្ឋានថា អាយ៉ងខ្មែរប្រហែលជាមានដើមកំណើតនៅភូមិម៉ាល់យ៉ង់ ទឹកដីភាគខាងលិចខេត្តបាត់ដំបង ។ ខ្លះមានយោបល់ថា អាយ៉ងប្រហែលមានដើមកំណើតនៅម្តុំខ្ពបតាយ៉ង គឺវត្តបទុមវតី រាជធានីភ្នំពេញ តាំងពីយូរលង់ណាស់មកហើយ ដោយសំអាងទៅលើការសិក្សាស្រាវជ្រាវពីឈ្មោះអាយ៉ងនេះ ដែលសម្គាល់ដល់តួអង្គត្លុកដ៏ល្បីល្បាញរបស់ទម្រង់សិល្បៈនេះនៅភ្នំពេញ ហើយដែលប្រជាជនទូទាំងប្រទេសមានការនិយមរាប់អាន ។ ឯតំបន់ដទៃទៀតដែលមានស្បែកតូចដែរ ប៉ុន្តែគ្មានត្លុកឈ្មោះអាយ៉ងដូច្នេះទេ ? និងមានមតិខ្លះទៀតបានផ្តោតទៅលើភូមិកំពង់ត្រយង ស្ថិតក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីទីក្រុងអង្គរ ហើយដែលមានទំនៀមផលិត និងសម្តែងតុក្កតាធ្វើអំពីឈើ…តាំងពីយូរលង់ណាស់មកហើយផង ។
រីឯចំណុចមួយដ៏សំខាន់ទៀតដែលទាក់ទងដល់ដើមកំណើតតុក្កតា ឬអាយ៉ងនោះ គឺការសិក្សាសិលាចារឹកខ្មែររបស់អ្នកស្រីពៅ សាវរស់ ដែលបានបញ្ជាក់ឱ្យដឹងថា នៅក្នុងសិលាចារឹកមុនសម័យអង្គរលេខ K-155 មានចែងអំពីសិល្បការិនីសម្តែងតុក្កតា (KU TUKTAR) ក្នុងពិធីបូជាថ្វាយចំពោះព្រះអាទិទេព «សរស្វតិ» ដែលជាអាទិទេពតំណាងឱ្យសំនួនវោហារដ៏ពីរោះ និងសិល្បៈ ។ នេះជាភស្តុតាងដែលធ្វើឱ្យអ្នកស្រាវជ្រាវដឹងថា ទម្រង់សិល្បៈនេះមានកំណើតតាំងពីមុនសម័យកសាងប្រាសាទអង្គរម៉្លេះ ។
សៀវភៅទស្សនីយភាពខ្មែរបញ្ជាក់ថា ដោយឡែកអ្នកចងក្រងឯកសារទទួលបានព័ត៌មាន ឬក៏ឯកសារដ៏មានសារសំខាន់មួយទៀតដែលទាក់ទងនឹងសិល្បៈល្ខោនស្រមោលស្បែកតូច នៅកម្ពុជាគឺនៅឆ្នាំ២០០០ លោក Hamzah Awang Amat ជាសាស្ត្រាចារ្យអ្នកដឹកនាំសិល្បៈល្ខោនស្រមោល wayang Kulit ដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេសុី បានទទួលពានរង្វាន់ជ័យលាភីសិល្បៈ និងវប្បធម៌ របស់ «The Fokuoka Asian Culture prize 2000” ។ នៅក្នុងអត្ថបទរបស់លោក បានបញ្ជាក់ថា «ល្ខោនស្រមោល Wayang Kulit ខេត្តកេឡាន់តាន់ ក្នុងប្រទេសម៉ាឡេសុី មានប្រភពនៅក្នុងប្រទេសកម្ពុជា ហើយបានហូរចូលទៅជ្រោយម៉ាឡេ តាមប្រទេសថៃ ភាគខាងត្បូង» ។
ចំណុចមួយសំខាន់ទៀតនៅប្រទេសកម្ពុជា រហូតដល់សព្វថ្ងៃនេះ គេសង្កេតឃើញមានក្រុមសិល្បៈស្បែកតូច ឬអាយ៉ង មានវត្តមាននៅច្រើនខេត្ត-ក្រុង ក្នុងផ្ទៃប្រទេសទាំងមូល ដូចជានៅខេត្តសៀមរាប (មានស្បែកតូចច្រើនវង់) នៅខេត្តបន្ទាយមានជ័យ នៅខេត្តបាត់ដំបង និងនៅរាជធានីភ្នំពេញ (ក៏មានច្រើនវង់ដែរ) ។
ចំណែកខាងវង់តន្ត្រីជូនស្បែកតូចទាំងអស់នោះវិញ មានលក្ខណៈមិនដូចគ្នាទាំងអស់ទេ ពោលគឺវង់ស្បែកតូចនៅខេត្តសៀមរាប និងវង់ស្បែកតូចនៅភ្នំពេញ ប្រើវង់ភ្លេងពិណពាទ្យសម្រាប់ជូនការសម្តែង ហើយភាគច្រើនជាភ្លេងពិណពាទ្យវង់តូច ដែលមានឧបករណ៍ប្រាំមុខ គឺរនាតឯក គងវង់ធំ ស្រឡៃ សម្ភោរ និងស្គរធំ ។ ឯបទភ្លេងវិញ គឺភាគច្រើនខ្ចីពីវង់ភ្លេងមហោរី ។
ដោយឡែកក្រុមស្បែកតូច នៅខេត្តបាត់ដំបងវិញ គេមិនប្រើវង់ភ្លេងពិណពាទ្យទេ ។ ផ្ទុយទៅវិញសម្រាប់ជូនសិល្បៈស្បែកតូច ឬអាយ៉ងនេះ អ្នកបាត់ដំបង ប្រើវង់ភ្លេងមួយវង់ដែលមានឧបករណ៍ ១-ស្គរតូចមួយ (រាងដូចស្គរធំ ភ្លេងពិណពាទ្យ វាយដោយអន្លូង តូចៗមួយគូ), ២-ស្គរដៃមួយគូ (ស្គរអារក្ស), ៣-ស្រឡៃតូចមួយ, ៤-គងដោះតូចមួយ (គងម៉ង់) និង៥-ពេលខ្លះមានក្រាប់កំណាត់ដើមឫស្សីផង ៕
ចែករំលែកព័តមាននេះ