ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីជោគជ័យនៃការទាមទារវត្ថុបុរាណខ្មែរ ដោយបញ្ជាក់ថា វិទ្យាស្ថានស្មិតសូនីញាន (Smithsonian Institution) នៃសហរដ្ឋអាមេរិកបានយល់ព្រមប្រគល់វត្ថុបុរាណចំនួន៣ រូបមកឱ្យកម្ពុជាវិញ ។

ជាក់ស្តែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីធ្វើការចរចា អស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជាជាមួយសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការ ប្រគល់វត្ថុបុរាណខ្មែរចំនួន៣ រូបជូនមកកម្ពុជាវិញ ដែលរួមមាន ៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា0x017d7) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២ ។

សូមបញ្ជាក់ថា ៖ វត្តមាននៃរូបចម្លាក់ដ៏មានតម្លៃទាំងនេះ គឺព្រះសិរហរិហរៈ, ទេពស្រី, និងព្រះនាងប្រាជ្ញាបារមី គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការវប្បធម៌ និងការខិតខំប្រមូលព្រលឹងដូនតាឱ្យវិលត្រឡប់មកវិញ ៕
ចែករំលែកព័តមាននេះ