ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិលាចារឹក​ដ៏​ចំណាស់​ជាងគេ​របស់​ខ្មែរ

4 ឆ្នាំ មុន

ភ័ព្វសំណាង​ធំធេង​មួយ​របស់​ប្រជាជន​ខ្មែរ​គឺ កេរដំណែល​វប្បធម៌​ដ៏​លើសលុប ដែល​បុព្វការី​ជន​របស់​ខ្លួន​បាន​បន្សល់​ទុក មិន​គ្រាន់តែ​មាននៅ​កម្ពុជា ថៃ និង​ឡាវ (​លាវ​)​នោះ​ទេ គឺ​មាន​ទាំង​នៅ​វៀតណាម​ខាងត្បូង​ផង​ដែរ ។ វិសាលភាព…

ភ័ព្វសំណាង​ធំធេង​មួយ​របស់​ប្រជាជន​ខ្មែរ​គឺ កេរដំណែល​វប្បធម៌​ដ៏​លើសលុប ដែល​បុព្វការី​ជន​របស់​ខ្លួន​បាន​បន្សល់​ទុក មិន​គ្រាន់តែ​មាននៅ​កម្ពុជា ថៃ និង​ឡាវ (​លាវ​)​នោះ​ទេ គឺ​មាន​ទាំង​នៅ​វៀតណាម​ខាងត្បូង​ផង​ដែរ ។ វិសាលភាព និង​អធិរាជ​ភាព​នៃ​មរតក​វប្ប​ធ៌​ម​បុរាណ​ទាំងនោះ​កាត់ថ្លៃ​ពុំ​បាន​ឡើយ ហើយ គឺ​សិល្បៈ​ស្ថាបត្យកម្ម និង​ផ្ទាំង​សិលាចារឹក​យ៉ាងច្រើន ចំនួន​មិន​តិច​ជាង​២០០០ ផ្ទាំង​នោះ​ហើយ ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភព​មូលដ្ឋាន​គ្រឹះ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ។

ឯកសារ​លោក​បណ្ឌិត​មី សែ​ល​ត្រា​ណេ បង្ហាញ​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​អត្ថបទ​សិលាចារឹក​(​ចារ​លើ​ថ្ម​) នា​សម័យ​បុរាណ​ទាំងនោះ មាន​តែ​សិលាចារឹក​វ៉ូ​កាញ់​ទេ ដែល​មាន​ចំណាស់​ចាស់​ជាងគេ ព្រោះ​ត្រូវ​បាន​ចារ​ឡើងជា​ភាសាសំស្ក្រឹត​នា​ចុង​សតវត្សរ៍​ទី​២ ដើម​សតវត្សរ៍​ទី​៣​នៃ​គ្រឹ​ស្ត​សករាជ​ដ៏​គួរ​ឲ្យ​មោ​ទ​នៈ ។

តាម​ខ្លឹមសារ​នៃ​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ភាសាសំស្ក្រឹត និង​ចារឹក​សាស្ត្រ បានដឹង​អំពី​ស្ថានភាព​សង្គម​-​វប្បធម៌​ខ្មែរ ជា​ពិសេស វិស័យ​សាសនា​នៅ​ដើម​សម័យ​ប្រវត្តិសាស្ត្រ ហើយ​នៅ​ឆ្នាំ​១៩៦៨ ដោយ​លោក Filliozat បាន​សិក្សា​ឡើង​វិញ​ដោយ​បាន​សើរើ​ខ្លឹមសារ​អត្ថបទ​ចារឹក​លើ​ថ្ម ដ៏​មានកេរ្តិ៍ឈ្មោះ​ខាងលើ​នេះ​។ ដូច្នេះ​ជា​ការ​ចាំបាច់​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​កែរ​តម្រូវការ​បកប្រែ​អត្ថបទ​សិលាចារឹក​នោះ​ឡើង​វិញ ឲ្យ​ទាន់​ស្ថានភាព​នៃ​ដំណឹង​ថ្មី ស្តី​ពី​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ចំណុច​មួយទៀត​គឺ ពី​មុន​មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​និយាយ​ថា សិលាចារឹក​នេះ​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​ចាម តែ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​ដ៏​ល្អិតល្អន់ ដោយ​លោក Filliozat ទើប​យើង​ដឹង​ថា ជា​របស់​ខ្មែរ ។ ផ្ទាំង​សិលាចារឹក​បុរាណ​នេះ​សំខាន់​ណាស់ ព្រោះ​មាន​ប្រយោជន៍​សម្រាប់​ខេ​មរ​ជាតិ ។ គឺ​ដោយ​មូលហេតុ​នេះ ហើយ​បានជា​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ គិត​ថា នឹង​លើកយក​ឯកសារ​នេះ​មក​បង្ហាញ​ជូន ម្យ៉ាងទៀត គឺ​ដោយសារ​មានការ​ទាក់ទង​នឹង​ជំនឿ​សាសនា​ខ្មែរ ។

ខ្លឹមសារ​អត្ថបទ​នេះ​គឺជា​ការ​កែតម្រូវ​នូវ​អ្វី​ដែល​គេ​បានដឹង​ពី​មុន ។ តទៅ​នេះ​សូម​ជូន​នូវ​សេចក្តី​បកប្រែ​ទាំងស្រុង​នៃ​អត្ថបទ​សិលាចារឹក វ៉ូ​កាញ់ ពី​សំស្ក្រឹត​ទៅ​ជា​ខ្មែរ ដោយ​វី​រី​យ​ប​ណ្ឌិ​តោ​ភិក្ខុ​ប៉ា​ង​ខាត់ ដែល​ត្រូវ​បាន​យក​ទៅ​សិក្សា ហើយ​បោះពុម្ព ក្នុង​ពុទ្ធិកសិក្សា​ទី​១ លេខ​២ ខែកក្កដា ឆ្នាំ​១៩៥៨ ។

ខ្លឹមសារ​នៃ​សិលាចារឹក​បុ​រេ​អង្គរ​នេះ ព្រះ​ភិក្ខុ​ប៉ា​ង​ខាត់ បាន​ប្រែ​សម្រួល​អត្ថន័យ​ដូច​តទៅ ៖ « តាម​​សេចក្ដី​នៅ​ក្នុង សិលាចារឹក យើង​បានដឹង​ត្រឹមតែ​ថា ព្រះរាជា​ប្រទេស​ខ្មែរ​មួយ​អង្គ ព្រះ​នាម​ព្រះបាទ​ស្រី​មា​រៈ (​គ្រី​មារ​) ជា​រាជ​កុ​ល (​ជា​ព្រះបាទ​ហ្វា​ន់​-​ចេ​-​ម៉ា​ន់ របស់​ចិន?​) ក្នុង​សម័យ​នគរ​ភ្នំ (​ហ្វូ​ណ​ន​) ទ្រង់​ជា​ពុទ្ធមាមកជន ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចារឹក​ទុក ព្រោះ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ដំណើរ​អន្ទោល​ស្លាប់​កើត នៃ​សត្វលោក​ក្នុង​វាលវដ្ដសង្សារ (​គ​តា​គតិ​) ទ្រង់មាន​មេត្តា​ជ្រាលជ្រៅ​ចំពោះ​សត្វលោក ហើយ​បង្គាប់​ឲ្យ​ចំណាយ​ព្រះរាជ​ទ្រព្យ ធ្វើ​ជា​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ ឲ្យ​សម​តាម​ព្រះរាជ​បំណង ដែល​ទ្រង់មាន​ព្រះ​ទ័យ​ប្រកបដោយ​មេត្តាករុណា ប្រាថ្នា​ចង់​ដោះទុក្ខសត្វ ដែល​កំពុង​តែ​ហែល​ឆ្លងកាត់​សមុទ្រ​សាគរ គឺ​សង្សារវដ្ដ ។

ទីបំផុត​ទ្រង់​ត្រាស់​ថា ព្រះរាជា​ទាំងឡាយ​តទៅ​មុខ​ចូរ​ប្រត្តិបត្តិ​តាម​ព្រះរាជ​បញ្ជា​នេះ ហើយ​ប្រឹក្សា​ជាមួយ​អាមាត្យ​ឈ្មោះ វី​រៈ »​។

សូមជ្រាប​ថា កាលបើ​ពិនិត្យ​មើល ដោយ​ហ្មត់ចត់​ទៅ យើង​អាច​ឃើញ​ថា ការ​បកប្រែ​ខាងលើ​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​ណាស់ ប៉ុ​នែ្ដ​មាន​ប្រាសចាក​ខាង​អត្ថន័យ ។ ព្រះ​ភិក្ខុ​ប៉ា​ង​ខាត់​មាន​និន្នាការ​ខាង​មនោ​គម​វិទ្យា​សាសនា លំអៀង​ទៅ​ខាង​ព្រះពុទ្ធ​សាសនា​, តាម​ពិត​ទៅ​ស្រី​មា​រៈ​មិនមែន ក្នុង​នាម​ជា​ពុទ្ធសាសនិក​នោះ​ទេ ប៉ុន្តែ​កំហុសឆ្គង​នេះ​ត្រូវ​បាន​កត់សម្គាល់ ថ្មី​ៗ​នេះ ហើយ​ក៏​មក​ពី​ការ​បកស្រាយ​ខុស ដោយ​អ្នក​ស្រាវជ្រាវ​បារាំង​ដូច​ជា លោក​ហ្វី​៊​ណូ​ត៌ ស៊ឺ​ដេ​ស​ជាដើម​នោះ​ដែរ ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​ថ្មី យើង​អាច​និយាយ​បាន​ថា សិលាចារឹក​ខ្មែរ​ខាងលើ​នេះ មិន​បាន​បញ្ជាក់​ពី​វត្តមាន​ព្រះពុទ្ធ​សាសនា​នោះ​ទេ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពាក់ព័ន្ធ​ទៅ​នឹង ព្រហ្មញ្ញសាសនា យ៉ាង​ប្រាកដ ។ (Filliozat, J. 1969. L’inscription dite “De Vo-Canh “ BEFEO, LV . pp107-121 )

តាម​ពិត​ទៅ​ពុំ​មានការ​ជ្រៀតជ្រែក​ខាង​មនោ​គម​វិទ្យា​សាសនា ឬ​នយោបាយ​ក្នុង​ការ​វិភាគ​នា​ជំនាន់​មុន ដែល​ធ្វើ​ឲ្យ​អ្នកប្រាជ្ញ​ទាំងនោះ​លង់ ក្នុង​មនោសញ្ចេតនា​ផ្ទាល់ខ្លួន​នោះ​ទេ ។ អ្វី​ដែល​យើង​ត្រូវ​ជ្រាប​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​ការ​ចេះ​ដឹង​ខាង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ជា​ជំនាន់​នោះ មាន​កម្រិត​ទាប​នៅឡើយ​តែ​ប៉ុណ្ណោះ ។

សព្វ​ថ្ងៃនេះ​ប្រសិនបើ​យើង​យោង​តាម​ខ្លឹមសារ តែ​អត្ថបទ​នៃ​សិលាចារឹក​ដដែល ដែល​ប្រែជា​ថ្មី​ឡើង​វិញ ដោយ​លោក​ហ្វ៊ី​លី យ៉ូ​ហ្សា យើង​នឹង​បានឃើញ​ច្បាស់​នូវ​ចំណុច​ខ្វះខាត ដែល​ជួយ​ឲ្យ​យើង ពិចារណា​ឡើង​វិញ ចំពោះ​សេចក្តីសន្និដ្ឋាន​ពី​មុន ។

បើ​ពិចារណា​មើល​ឲ្យ​សព្វគ្រប់​ទៅ ចំពោះ​ស្តេច​ស្រី​មា​រៈ មុន​ដំបូង​គេ​ជឿ​ថា ព្រះ​អង្គ​ប្រារព្ធ​លទ្ធិ​ព្រះពុទ្ធ​សាសនា ឥឡូវនេះ​ទ្រង់​បែរជា​ប្រារព្ធ​លទ្ធិ​ព្រហ្មញ្ញសាសនា​ទៅ​វិញ ។ មួយទៀត​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ពួក​អ្នកប្រាជ្ញ​ខាង​អក្សរ​បុរាណ​ខាងលើ យើង​បាន​កត់​សម្គាល់​ផង​ដែរ​ថា ពាក្យ ស្រី​មា​រៈ តាម​ពិត​ទៅ គឺជា​ស្រី​មារ​ញ ទៅ​វិញ ដែល​ជា​គោ​រម្យ​ងារ​នៃ​សន្តតិវង្ស ដែល​មាន​ប្រភព​មក​ពី​ភូមិភាគ​ឥណ្ឌា​ខាងត្បូង កន្លង​មក​ការ​អាន​ខុស បណ្តាល​ពី អត្ថបទ​សិលាចារឹក​មានការ​ខូចខាត ហើយ​ព្យាង្គ​នៅ​ខាង​ចុង​ពាក្យ​ក៏​ត្រូវ​លុប​ដែរ ។

ម្យ៉ាងទៀត​ពាក្យ​វដ្ដសង្សារ​ដែល​តាម​ធម្មតា មិនមែន​មាន​លក្ខណៈ​បែប​ពុទ្ធ​និយម តែ​ម្យ៉ាង​នោះ​ទេ តែ​ក៏​មាន​លក្ខណៈ ព្រហ្ម​ណ៍​និយម​ផង​ដែរ ។ ជា​រួម​តាម​សេចក្តី​សិលាចារឹក​នេះ​យើង​ឃើញ​ថា​មិនមែន​«​ស្រី​មា​រៈ​»​ទេ តែ​គឺជា​«​មារ​ញ​»​ទៅ​វិញ ហើយ​ព្រះ​នាម​នេះ​គឺជា​ព្រះមហាក្សត្រ​នា​សម័យ​នគរ​ភ្នំ ដែល​បាន​ចារ​សិលាចារឹក​នេះ​ឡើង ។ ជា​រួម​ព្រះមហាក្សត្រ​ក្នុង​សម័យ​នគរ​ភ្នំ​ទំនងជា​ប្រារព្ធ​ព្រហ្មញ្ញសាសនា​ទៅ​វិញ​ច្រើន​ជាង​ព្រះពុទ្ធ​សាសនា ។

ដូច្នេះ​ទស្សនៈ​របស់​លោក អា​ដើ​មារ ឡឺ​ក្លែ​រ ក្នុង​សៀវភៅ «​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​»​មិន​សម​ស្រប​តាម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ទេ​។ លោក​សរសេរ​ថា «​ព្រះរាជាណាចក្រ​ចាម​ឬ​ចម្ប៉ា (…) ស្ថិត​នៅ​ពី​ខាងកើត (​នៃ​ប្រទេស​កម្ពុជា​) បាន​កើតឡើង យ៉ាងតិច​ណាស់​ក៏​២​សតវត្សរ៍​មុន​កម្ពុជា​ដែរ មុនគេ​បាន​រក​ឃើញ សិលាចារឹក​សំស្ក្រឹត ដែល​មាន​ចំណាស់​ជាងគេ​នៅ​ក្នុង​ឥណ្ឌូចិន គឺ​នៅ​ចម្ប៉ា​នេះឯង ។ បើ​តាម​សិលាចារឹក​នេះ ប្រទេស​ចម្ប៉ា​មាន​អរិយធម៌​ជឿនលឿន​ជាង​ហ្វូ​ណ​ន (​នគរ​ភ្នំ​) នៅ​សតវត្សរ៍​ទី​៤» ។

តាម​មើលទៅ​ទស្សនៈ​មិន​សម​ស្រប​ខាងលើ​នេះ ប្រហែលជា​បណ្តាល​មក​ពី​អ្នកនិពន្ធ​បាន​គិត​ដោយ​ច្រឡំ​ថា ទីក្រុង​តូ​ម៉ូ (​ទ្មាក់​) ឬ​វ្យា​ធ​វុ​រៈ នៅ​អង្គរបុរី ខេត្តតាកែវ ស្ថិត​នៅ​កោះ​ជ្វា ហើយ​ម្យ៉ាង​វិញទៀត មក​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្តេច​ចាម ដែល​ជា​ជ្វា ឬ​ជ្វា​ព្រាហ្មណ៍​ចំនួន​៦​អង្គ​មុន​ព្រះបាទ​ហ៊ុន ទៀន ឬ កៅ​ណ្ឌិ​ន្យ ដោយ​សំអាង​លើ​រឿងព្រេង​និទាន​បុរាណ​មួយ​ចំនួន ។

ឯកសារ​បណ្ឌិត​មី​សែ​ល ត្រា​ណេ សន្និដ្ឋាន​ថា ប្រសិនបើ​យើង​ស្គាល់​ភាព​ត្រឹមត្រូវ​នៃ​ការ​បកប្រែ​របស់​លោក Filliozat នៅ​ឆ្នាំ​១៩៦៩ យើង​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនាទាន​មួយ​ចំនួន ពាក់ព័ន្ធ​ទៅ​នឹង ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​ប្រាកដ ។ នេះ​សរ​ឲ្យ​ឃើញ​ថា សិលាចារឹក​នៅ​តែ​ជា​ប្រភព​ឯកសារ​ប្រវត្តិសាស្ត្រ​ចម្បង ហើយ​អាច​លាតត្រដាង​នូវ​ការណ៍​ពិត​បាន ដែល​បាន​កើត​មាន​ឡើង​ក្នុង​អតីតកាល​ដ៏​យូរលង់ ។ ជា​រួមការ​ស្រាវជ្រាវ​ថ្មី​បំផុត​ខាងលើ​នេះ បាន​រក​ឃើញ​ផ្ទុយ​ពី​មុន​៖​សិលាចារឹក​វ៉ូ​កាញ់ គឺជា​កម្មសិទ្ធិ​របស់​ប្រជាជន​ខ្មែរ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធិ​ព្រហ្មញ្ញ​សាសនា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ