ខេត្តកំពត ៖ ករណីស្រី្តជនជាតិបារាំងជាអ្នកទេសចរប្តឹងចោទបុរសខ្មែរ៣នាក់ ពីបទចាប់រំលោភសេពសន្ថវៈ កាលពីវេលាទៀបភ្លឺថ្ងៃទី១១ តុលា នៅលើរថយន្តត្រូវបាននគរបាលតាមស្រាវជ្រាវយ៉ាងសកម្មបំផុតហើយបានឈានទៅដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ។ ជុំវិញការចាប់ខ្លួនបាននាពេលនេះ ត្រូវបានមន្ត្រីប៉ូលិសឱ្យដឹងថា ដំបូងដោយសារនារីរងគ្រោះបានចង្អុលកន្លែងចេញដំណើរ និងកន្លែងត្រឡប់វិញ មិនចំទីតាំង ធ្វើឱ្យការស្រាវជ្រាវ របស់សមត្ថកិច្ច ពុំអាចចាប់ផ្តើមស៊ើបអង្កេតបាន ព្រោះកាមេរ៉ាសុវត្ថិភាពនៅចំណុចដែលបានបង្ហាញនោះមិនឃើញនារីរងគ្រោះឡើងរថយន្ត ឬចុះក៏ពុំឃើញដែរ ។
លុះថ្ងៃទី១៥ តុលា សមត្ថកិច្ចបានស្រាវជ្រាវ ពីដើមដំបូងមកវិញ គឺតាំងពីកន្លែងដែលនារីបរទេសរងគ្រោះផឹកស៊ីនៅហាងGOLDEN TIME ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឃើញថា នារីរងគ្រោះត្រូវបានបុរសទាំងនោះរុញឡើងរថយន្តនៅខាងត្បូងមន្ទីរពេទ្យកំពត ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ហើយចុះមកវិញនៅជិតមន្ទីរសាធារណការខេត្តកំពត ។
តាមរយៈនេះ សមត្ថកិច្ចអាចកំណត់បានមុខសញ្ញា និងសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ (ស្រុកព្រៃនប់) ឈានដល់ការតាមឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ស្រ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ បឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកស៊ីឈ្នួលរត់តាក់ស៊ី ត្រូវបានឃាត់ខ្លួនថ្ងៃទី១៥ តុលា វេលាម៉ោង៥និង៣០នាទី ។
ជនសង្ស័យឈ្មោះ សេង ស្រ៊ុន បានសារភាពថា ពិតជាបានរំលោភនារីរងគ្រោះជាស្ត្រីបរទេសជនជាតិបារាំង អាយុ៤៣ឆ្នាំ ពិតមែន គឺរំលោភនៅលើរថយន្តតាមផ្លូវនៅក្រុងកំពត កាលពីវេលាទៀបភ្លឺថ្ងៃទី១១ តុលា ពិតប្រាកដមែន ។ នៅរសៀលថ្ងៃទី១៦ តុលា ជន២នាក់បន្ថែមទៀត ដែលជាបក្សពួកក្នុងករណីរំលោភបូកលើស្ដ្រីជនបរទេសនេះ ត្រូវកម្លាំងនគរបាលខេត្ត តាមចាប់ខ្លួនបានហើយ ខណៈពួកគេបានគេចទៅលាក់ខ្លួននៅលើភ្នំបូកគោ ព្រោះពួកគេទាំង២ជាកម្មករតទឹកនៅទីនោះ ។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ទៅដល់លើភ្នំបូកគោ បានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនបក្សពួកម្នាក់ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ដោយមានសហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ ជនដៃដល់ក៏បានសារភាព និងប្រាប់ពីតម្រុយបន្ថែមចំពោះបក្សពួក២នាក់ទៀតដែលរត់គេចខ្លួន ទើបកម្លាំងបានប្រើប្រាស់វិធានការជំនាញឈានដល់ចាប់ខ្លួនបានទាំងអស់តែម្ដង ។ លោកឧត្តមសេនីយ៍ទោស្នងការបានឱ្យដឹងថា ជន២នាក់ដែលត្រូវបានចាប់ខ្លួន ម្នាក់ឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិពន្ធ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាកម្មករតទឹកនៅលើភ្នំបូកគោ និងម្នាក់ទៀតឈ្មោះ ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ជាកម្មករតទឹកនៅលើភ្នំបូកគោដូចគ្នា ។
បើតាមលោកឧត្តមសេនីយ៍ស្នងការថា រហូតមកដល់ពេលនេះជនដៃដល់ទាំង៣នាក់ ដែលពាក់ព័ន្ធករណីនេះត្រូវកម្លាំងនគរបាលរបស់លោក តាមចាប់ខ្លួនបានអស់ហើយ ហើយពួកគេក៏បានសារភាពថា ពិតជាបានប្រព្រឹត្តអំពើរំលោភបូកទៅលើស្ដ្រីជនជាតិបារាំង នៅក្រុងកំពត កាលពីពេលកន្លងទៅប្រាកដមែន ។ ពេលនេះជនទាំង៣កំពុងត្រូវបានសាកសួរកសាងសំណុំរឿងចាត់ការបន្ដទៅតាមនីតិវិធី ។
គួររំលឹកថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ តុលា ស្ដ្រីជនជាតិបារាំង អាយុ៤៣ឆ្នាំ ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភបូក ក្នុងរថយន្តម្តងម្នាក់ៗនៅចំណុចតាមផ្លូវចាក់បេតុងក្នុងព្រៃស្ងាត់មួយកន្លែង នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត ។ ក្រោយមកក្រុមជនដៃដល់ទាំងនេះក៏បានដឹកមកទម្លាក់ជនរងគ្រោះចុះពីរថយន្ត រួចគេចខ្លួនបាត់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ