វ្ល៉ាឌីមៀ ឃ្លីតស្កូ បានបន្តភាពឈ្នះរបស់ខ្លួនរយៈពេល១០ឆ្នាំទៅមុខបន្ថែមទៀតក្រោយពីបានផ្តួលកីឡាករអូស្ត្រាលីអាឡិច លីផៃ ឱ្យសន្លប់ក្នុងទឹកទី៥ នៅក្នុងការប្រកួតការពារខ្សែក្រវាត់មួយនៅសង្វៀន König Pilsener Arena ប្រទេសអាល្លឺម៉ង់ កាលពីរាត្រីថ្ងៃសៅរ៍ម្សិលមិញ។
បើទោះជាមានវ័យ៣៨ឆ្នាំហើយក្តី ក៏ប៉ុន្តែវ្ល៉ាឌីមៀ ដណ្តើមបានពិន្ទុ និងស្នូរទះដៃភ្លាមៗបន្ទាប់ពីរូបគេវាយដៃគូឱ្យដួលលើក្តារតាពី ខណៈការប្រកួតក្នុងទឹកទី១ ទើបចាប់ផ្តើមបានប្រហែលជា១នាទី ។ ការប្រកួតបន្ត៣ទឹកបន្ថែមទៀត កីឡាករអ៊ុយក្រែនរូបនេះនៅតែបន្តគ្របសង្កត់លើគូប្រកួតជាដដែល ។ ដោយឡែក អាឡិច លីផៃ វិញ បើទោះជារូបគេមានរហ័ស្សនាមជាកំពូលកណ្តាប់ដៃដែកក្តី ប៉ុន្តែគ្មានវិនាទីណាមួយដែលគេមានឱកាសប្រើកណ្តាប់ដៃវាយចេញចំគោលដៅបានឡើយ ។
ដោយមើលឃើញថា លីផៃ គ្មានឱកាសដៃនឹងវ្ល៉ាឌីមៀ អាជ្ញាកណ្តាលក៏សម្រេចបញ្ចប់ការប្រកួតត្រឹមទឹកទី៥ ហើយប្រគល់ជ័យជម្នះឱ្យទៅវ្ល៉ាឌីមៀ ។ ថ្លែងក្រោយប្រកួត វ៉្លាឌីមៀ បានបញ្ជាក់ថា ៖ «ការប្រកួតនេះមិនងាយស្រួលទេ។ គ្មានគូប្រកួតណាម្នាក់ដែលងាយស្រួលផ្តួលនោះទេ»។
តាំងពីបរាជ័យក្រោមថ្វីដៃកីឡាករ Lamon Brewster នាឆ្នាំ២០០៤ មក វ្ល៉ាឌីមៀ ពុំដែលស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ។ អ្វីដែលជាការកត់សម្គាល់គឺថា អត្រាភាគរយផ្តួលដៃគូឱ្យសន្លប់របស់គេមានដល់៨០ភាគរយនៃចំនួនប្រកួតសរុប៦៤លើក ៕
ចែករំលែកព័តមាននេះ