រាជធានីភ្នំពេញ ៖ គូសំខាន់ដែលទស្សនិកជនចង់ទស្សនាជាងគេក្នុងការប្រកួតកាលពីរសៀលថ្ងៃទី២៦ មេសា ក្នុងព្រឹត្ដិការណ៍បាល់ទាត់មិត្ដហ្វូនខេមបូឌានលីកនោះគឺការប្រកួតរវាងក្រុមដែលមានពិន្ទុលំដាប់កំពូលតារាង២(ណាហ្គាខប និងភ្នំពេញក្រោន) ដែលត្រូវប្រជែងគ្នាយកកៅអីកំពូលតារាងមកអង្គុយតែម្នាក់ឯង ។ ជាលទ្ធផលក្រុមទាំងពីរនេះនៅតែរក្សាលំដាប់លេខរៀងនិងពិន្ទុដដែល បន្ទាប់ពីប្រកួតស្មើ១ទល់នឹង១ លើទីលានពហុកីឡដ្ឋានជាតិ ។
លទ្ធផលនេះធ្វើឱ្យ៩ប្រកួតរបស់ក្រុមភ្នំពេញក្រោននិងក្រុមណាហ្គាខបមាន២០ពិន្ទុ ដោយឈ្នះ៦ប្រកួត ស្មើ២ប្រកួត ចាញ់១ប្រកួតដូចគ្នា ។ មួយប្រកួតទៀតក្រុមជើងឯករដូវកាលចាស់ខេត្ដស្វាយរៀងបានប្រកួតចាញ់ក្រុមបៀលប្រាយយូណាយធីត០ទល់នឹង១ ។ ពេលនេះ ៩ប្រកួតរបស់ក្រុមស្វាយរៀង មាន១២ពិន្ទុ គឺឈ្នះ៣ប្រកួត ស្មើ៣ប្រកួត និងចាញ់៣ប្រកួត ។ ចំណែក៩ប្រកួតរបស់ក្រុមបៀលប្រាយយូណាយធីតវិញ មាន១៤ពិន្ទុគឺឈ្នះ៤ប្រកួត ស្មើ២ប្រកួត និងចាញ់៣ប្រកួត ។
នៅទីលានស្ដាតចាស់ឯណោះវិញ ក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមចំណូលថ្មី Albirex Niigata ក្នុងលទ្ធផល៤ទល់នឹង១ ។ ជ័យជម្នះនេះធ្វើឱ្យ៩ប្រកួតរបស់ក្រុមក្រសួងការពារជាតិ មាន១០ពិន្ទុគឺឈ្នះ២ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត ឯក្រុម Albirex Niigata វិញនៅតែរក្សាតំណែងបាតតារាងដដែលដោយលេងបាន៩ប្រកួត ឈ្នះ១ប្រកួត និងចាញ់៨ប្រកួត មាន៣ពិន្ទុ ។
មួយប្រកួតទៀត ក្រុមចំណូលថ្មី Tri Asia ប្រកួតចាញ់ក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ០ទល់នឹង២ ។ ពេលនេះ ៩ប្រកួតរបស់ក្រុម Tri Asia មាន១១ពិន្ទុគឺឈ្នះ៣ប្រកួត ស្មើ២ប្រកួត និងចាញ់៤ប្រកួត ឯ៩ប្រកួតរបស់ក្រុមសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបវិញនោះ មាន១២ពិន្ទុ ដោយឈ្នះ៣ប្រកួត ស្មើ៣ប្រកួត និងចាញ់៣ប្រកួត ។
នៅថ្ងៃអាទិត្យទី២៧ មេសា មានលេងតែ២ប្រកួតប៉ុណ្ណោះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបប្រកួតជាមួយក្រុម Western Uni FC និងក្រុមចម្ការកៅស៊ូបឹងកេត ជួបប្រកួតជាមួយក្រុមគីរីវង់សុខសែនជ័យ ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ពេលនេះលេងបាន៨ប្រកួត មាន១១ពិន្ទុគឺឈ្នះ៣ប្រកួត ស្មើ២ប្រកួត និងចាញ់៣ប្រកួត ចំណែកក្រុម Western Uni FC លេងបាន៨ប្រកួត មាន៧ពិន្ទុគឺឈ្នះ១ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត ។ រីឯក្រុមចម្ការកៅស៊ូបឹងកេតវិញលេងបាន៨ប្រកួត មាន១៨ពិន្ទុគឺឈ្នះ៦ប្រកួត ចាញ់២ប្រកួត ខណៈ៨ប្រកួតរបស់ក្រុមគីរីវង់សុខសែនជ័យវិញ ទើបតែរកបាន៤ពិន្ទុប៉ុណ្ណោះ គឺស្មើ៤ប្រកួត និងចាញ់៤ប្រកួត ៕
ចែករំលែកព័តមាននេះ