រាជធានីភ្នំពេញ ៖ វគ្គបំប៉នស្តីពីផែនការ និងទ្រឹស្តីហ្វឹកហាត់ដល់គ្រូបង្វឹក-គ្រូជំនួយ និងអនុរក្សដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៣ មេសា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មកដល់ព្រឹកថ្ងៃទី២៥ មេសា បានបញ្ចប់ដោយជោគជ័យ ។ ពិធីបិទវគ្គបំប៉ននេះស្ថិតក្រោមអធិបតីភាពលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកមុិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសិក្ខាកាមដែលជាគ្រូបង្វឹកជាច្រើននាក់ ។
វគ្គបំប៉នដែលមានរយៈពេល៣ថ្ងៃនេះ គឺបានសិក្សាទៅលើវិសាលភាពនៃការហាត់ហ្វឹកហ្វឺន, ការរៀបចំផែនការហ្វឹកហាត់ និងបង្ហាត់ដែលមានរយៈពេល៧ខែ, ការអនុវត្តផែនការរយៈពេល៧ខែ, បទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងក្រុមជម្រើសជាតិក្នុងមណ្ឌលប្រមូលផ្តុំ, យន្តការនៃការគ្រប់គ្រងការប្រមូលផ្តុំ, នីតិវិធីនៃការផ្លាស់ប្តូរគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ, ការវាយតម្លៃក្នុងសៀវភៅតាមដាន, របបចំណីអាហារ, វិធីសាស្ត្រ និងចិត្តសាស្ត្រ, ការយល់ដឹងពីរាងកាយ និងចលនា, ការសង្គ្រោះបឋម និងការយល់ដឹងពីការប្រឆាំងសារធាតុដូប៉ា (ថ្នាំលើកកម្លាំង) ក្នុងវិស័យកីឡា ។ សម្រាប់វាគ្មិនដែលជាគ្រូឧទ្ទេសនៅក្នុងវគ្គបំប៉នដ៏សំខាន់មានចំនួន៥រូប រួមមានលោកប៊ូ ជុំសេរី លោកអ៊ុក សិទ្ធិជាតិ លោកវ៉ាត់ ចំរើន លោកវេជ្ជបណ្ឌិត ស្តើង ជា និងលោកកែវ សារ៉េត ។ ចំណែកសិក្ខាកាមចូលរួមសរុបមានចំនួន៨០នាក់ ក្នុងនោះជាគ្រូបង្វឹក គ្រូជំនួយមានចំនួន៥៨នាក់មកពីសហព័ន្ធកីឡាជាតិចំនួន២១នាក់ និងអនុរក្សចំនួន២២នាក់ ។
លោកប៊ូ ជុំសេរី មានប្រសាសន៍ថា យោងតាមរបាយការណ៍បានបង្ហាញឱ្យឃើញថា អ្នកពាក់ព័ន្ធក្នុងការដឹកនាំរៀបចំផែនការហាត់ហ្វឹកហ្វឺន ការអនុវត្ត ការហាត់ ការបង្ហាត់ និងការវាយតម្លៃការហ្វឹកហ្វឺន សុទ្ធតែបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបំប៉ននេះ ។ លោកបានធ្វើការបញ្ជាក់បន្ថែមដល់អ្នកដឹកនាំ គ្រប់គ្រង និងកីឡាករ-កីឡាការិនីដែលបានចូលរួមត្រូវមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ លះបង់ពេលវេលា ខិតខំជម្នះគ្រប់ឧបសគ្គ ជាពិសេសនោះគឺត្រូវមានវិន័យ និងក្រមសីលធម៌ ។ ទាក់ទងនឹងវិន័យ គឺត្រូវគោរពពេលវេលាការហាត់ និងការបង្ហាត់ឱ្យបានត្រឹមត្រូវតាមផែនការ, ការហាត់ និងបង្ហាត់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព, បណ្តុះគំនិត និងឆន្ទៈស្នេហាជាតិមាតុភូមិ ។ ចំពោះក្រមសីលធម៌ គឺការប្រើពាក្យសម្តីលើកីឡាករ-កីឡាការិនីឱ្យបានត្រឹមត្រូវ, ការស្លៀកពាក់មកបង្ហាត់ឱ្យបានត្រឹមត្រូវ, ការវាយតម្លៃឱ្យសុក្រឹត ចៀសវាងបក្សពួកគ្រួសារនិយម និងចៀសវាងកុំនាំកីឡាករ-កីឡាការិនីសេពគ្រឿងស្រវឹងក្នុងរូបភាពណាក៏ដោយ ។
សូមបញ្ជាក់ផងដែរថា អត្តពលិកជម្រើសជាតិកម្ពុជានឹងធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនរយៈពេល៧ខែ គឺចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអូឡាំពិកយុវជនលើកទី២ នៅទីក្រុងណានជីង ប្រទេសចិន, ប្រកួតកីឡាអាស៊ីហ្គេមលើកទី១៧ នៅទីក្រុង InCheon ប្រទេសកូរ៉េ ព្រមទាំងប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី១៧ នៅប្រទេសឥណ្ឌូណេស៊ី និងត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗជាច្រើនទៀត៕
ចែករំលែកព័តមាននេះ