ខេត្តប៉ៃលិន ៖ បុរសម្នាក់មានជំងឺលើសឈាមហើយងងឹតមុខមួយភាំងក៏បានបើករថយន្តទៅបុកម៉ូតូបុរសម្នាក់កំពុងឌុបប្រពន្ធមានផ្ទៃពោះ០៦ខែផង ធ្វើឱ្យម៉ូតូបុើងខ្ទាតចម្ងាយ១០ម៉ែត្រ បណ្តាលឱ្យស្លាប់ស្រ្តីម្នាក់រួមជាមួយកូនក្នុងផ្ទៃ០៦ខែពេលបញ្ជូនដល់មន្ទីរពេទ្យហើយបុរសជាប្តីរបួសធ្ងន់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ និងរថយន្តបង្កខូចខាតមួយកំណាត់មុខខ្ទេច។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៦ មេសា ២០១៤ ចំណុចបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន។
ជនរងគ្រោះទី១.មានឈ្មោះ ខាត គាភេទស្រី អាយុ២៧ឆ្នាំ មានផ្ទៃពោះ០៦ខែ ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ ស្រុកកំណើតខេត្តកំពង់ធំ ,ជនរងគ្រោះទី២.ឈ្មោះ ខេម កុល អាយុ៣៥ឆ្នាំ ជាកម្មករ របួសធ្ងន់ ត្រូវជាស្វាមីស្រ្តីដែលស្លាប់ ហើយស្រុកកំណើតខេត្តកំពង់ធំ ចំណែកជនបង្ក ឈ្មោះ យិន ណាមភេទប្រុស អាយុ៥៣ឆ្នាំ ជាអាជីវករ។បច្ចុប្បន្នទាំងជនរងគ្រោះទាំងជនបង្ករស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។
ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូ ហុងសា (ម៉ូតូសង់ចិន) ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០១៣ អត់មានស្លាកលេខឌុបប្រពន្ធដែលមានផ្ទៃពោះ០៦ខែតាមផ្លូវជាតិលេខ៥៧ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត កាម៉ារីមួយគ្រឿង ពណ៌ប៉ៃតងចាស់ស៊េរីឆ្នាំ ៩៥ ពាក់ស្លាកលេខភ្នំពេញ2A-1250 ជិះដោយបុរសម្នាក់ពីលិចទៅកើត បញ្រ្ចាសទិសគ្នាជាមួយម៉ូតូ ដោយអ្នកបើករថយន្តមានជំងឹលើសឈាមបានងងឹតមុខមួយភាំង ក៏បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងធ្វើឱ្យម៉ូតូខ្ទាតចម្ងាយ១០ម៉ែត្រ និងបណ្តាលឱ្យស្រ្តីម្នាក់ដែលមានផ្ទៃពោះ០៦ខែ បាក់ដៃជើង និងឆ្អឹងខ្នងបានស្លាប់រួមគ្នាជាមួយនិងកូនក្នុងផ្ទៃពេលបញ្ជូនដល់មន្ទីរខេត្តបាត់ដំបង ចំណែកបុរសជាប្តី បាក់ជើងម្ខាងដៃម្ខាង របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងតាមក្រោយប្រពន្ធ ម៉ូតូខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុបុរស បង្កបានបើករថយន្ត យកទៅចាក់សោរលាក់ទុកក្នុងផ្ទះ ហើយខ្លួនទៅដេកព្យាបាលរបួសនៅគ្លីនិកជិតផ្ទះ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋតាមទាន់ ក៏ប្តឹងសមត្ថកិច្ចឱ្យនាំរថយន្តបង្កមកវិញ ។ហើយសមត្ថកិច្ចក៏បានចុះមកធ្វើការវាស់វែង យកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ស្នងការនគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ