ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលចរាចរណ៏ជើងគោកខេត្ត ចុះសហការគ្នាជាមួយអាជ្ញាធរ ស្រុក ក្រុង នៅរសៀលថ្ងៃទី២៥ មេសា ២០១៤ បានចុះណែនាំ អប់រំត្រួតពិនិត្យយានយន្តដែលផ្ទុកលើសចំណុះ នៅដើមទីដូចជា ក្រុងប៉ោយប៉ែត ក្រុងសិរីសោភណ័ ចូលមកក្នុងខេត្តបន្ទាយមានជ័យ មិនឱ្យមានការដឹកសំពីងសំពោង ហើយត្រូវចេះគោរពច្បាប់ចរាចរណ៏ឱ្យបានត្រឹមត្រូវ។
លោក ឧត្តមសេនីយ៏ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៏ប្រាប់ឱ្យដឹងថាដោយយោងតាមបទបញ្ជាពីថ្នាក់ដឹកនាំយ៉ាងមឺុងម៉ាត់ ទើបលោកដាក់បញ្ជាដល់កម្លាំងសម្ថកិច្ចក្រោមឱវាទទូទាំងខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់ទប់ស្កាត់នូវបទល្មើសទាំងឡាយដែលកើតមាន នៅតំបន់ឈរជើងរៀងៗខ្លួនរបស់ខ្លួនឱ្យខានតែបានដើម្បីឆ្លើយតបទៅនិងយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំ។
លោក ឧត្តមសេនីយ៏ស្នងការបានមានប្រសាសន៏បន្តទៀតថា កម្លាំងសមត្ថកិច្ចការរិយាល័យជំនាញចរាចរណ៏ផ្លូវគោកខេត្តរបស់លោកបានទៅឈរជើង តាមគោលដៅនៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្រុងសិរីសោភ័ណ ដើម្បីឃាត់រថយន្តតាក់ស៊ី តូចធំគ្រប់ប្រភេទដឹកទំនិញសំពីងសំពោងមកពីតំបន់ជាយដែនថៃ ក្រុងប៉ោយប៉ែត ឱ្យឈប់ដើម្បីធ្វើការអប់រំណែនាំ ។
លោកស្នងការបានបញ្ជាក់ថាសមត្ថកិច្ចជំនាញចរាចរណ៏ខេត្តបានចុះអប់រំណែនាំ ដល់ក្រុមអ្នករត់តាក់ស៊ីទាំងអស់នេះអស់រយះពេលបីថ្ងៃ រួចទៅហើយ តែបីថ្ងៃក្រោយនៅតែមិនស្តាប់ការអប់រំណែនាំរបស់សមត្ថកិច្ច ហ៊ានដឹកជញ្ជូនទំនិញសំពីងសំពោងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណះនោះ សមត្ថកិច្ចជំនាញនិងឃាត់រថយន្តពួកគេដើម្បីផាកពិន័យតែម្តង ។
ចែករំលែកព័តមាននេះ