ប្រទេសបេឡារុស ៖ នៅរសៀលថ្ងៃទី២៤ មេសា ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងមីនស្ក៍ នៃសាធារណរដ្ឋបេឡារុស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកអាណាតូលី រ៉ូប៊ីណូវ ប្រធានរដ្ឋសភា និងលោក វីទ័រ ហ្គូមីនស្គី អនុប្រធានសភានៃសាធារណរដ្ឋបេឡារុស ។
ក្នុងជំនួបដែលធ្វើឡើងនៅវិមានសភា ក្នុងទីក្រុងមីនស្ក៍ លោក អាណាតូលី រ៉ូប៊ីណូវ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបេឡារុស ។ លោកមានប្រសាសន៍ថា ប្រទេសយើងទាំង២មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជាស្ថាប័ននីតិប្រតិបត្តិ ព្រោះថាកាលពីពេលកន្លងទៅថ្មីៗនេះថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ហើយពេលនេះទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបេឡារុស ។
តាមរយៈដំណើរទស្សកិច្ចរបស់សម្ដេចតេជោ នៅពេលនេះបង្ហាញឱ្យឃើញថា ប្រទេសយើងទាំងពីរពិតជាមានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាប្រៀបបានបងប្អូននឹងគ្នា ។ពិសេសទៅទៀត យើងពិតជាអាចធ្វើទំនាក់ទំនងកាន់តែស្និទ្ធថែមទៀតលើគ្រប់ផ្នែកនិងគ្រប់វិស័យទាំងអស់ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែសីុជម្រៅថែមទៀត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ