ខេត្តស្វាយរៀង ៖ មានការប៉ះទង្គិចគ្នាមួយប្រាវរវាងកម្មករ កម្មការិនីរោងចក្របេសវ៉េ(Best Way) ដំឡើងកង់ជាមួយសមត្ថកិច្ចកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ មេសា ២០១៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត បណ្តាលឱ្យរងរបួសទាំងសងខាង ខណៈកម្មកររោងចក្របេសវ៉េប្រមាណជាង១ពាន់នាក់នាំគ្នាចេញពីរោងចក្រ ហើយយកដុំថ្មគប់រោងចក្រផ្សេងទៀតឱ្យកម្មករចេញមកក្រៅ ព្រមទាំងដុតផាវគ្រាប់ធំៗផ្ទុះលាន់ដូចបាញ់ប្រហារគ្នាបណ្តាលឱ្យកម្មករផ្អើលរត់ចេញប្រសាច ។
បើតាមសមត្ថកិច្ចដែលឈរជើងការពារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនបានឱ្យដឹងថា កម្មករ កម្មការិនីចំនួន៦រោងចក្របានធ្វើកូដកម្មអហិង្សាមិនចូលធ្វើការចាប់តាំងពីថ្ងៃទី១៩ មេសា ២០១៤ មក ខាងអាជ្ញាធរ និងម្ចាស់តំបន់សេដ្ឋកិច្ចពិសេស និងថៅកែរោងចក្របានបើកកិច្ចប្រជុំដោះស្រាយដោយគ្មានតំណាងកម្មករ ឬតំណាងសហជីពចូលរួមទេ ហើយលទ្ធផលក៏គ្មានដែរ ទើបក្រុមកម្មករ កម្មការិនីបន្តធ្វើកូដកម្មរហូតដល់ថ្ងៃទី២៥ មេសា នេះក៏បានផ្ទុះហិង្សារហូតប៉ះទង្គិចជាមួយសមត្ថកិច្ចមួយប្រាវបណ្តាលឱ្យមានអ្នករបួសតែម្តង។
សមត្ថកិច្ចរូបនោះបន្តថា តាមពិតពួកកម្មករដុតផាវគ្រាប់ធំៗផ្ទុះលាន់ដូចបាញ់គ្រាប់កាំភ្លើងធ្វើឱ្យកម្មករក្នុងរោងចក្រចំនួន២០ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនផ្អើលរត់ចេញប្រសាច ហើយរោងចក្រត្រូវបានបិទទាំងស្រុងនៅវេលាម៉ោង៩ព្រឹក ចំណែករោងចក្រចំនួន១៦ទៀតក្នុងតំបន់សេដ្ឋកិច្ចតាយសេងក៏ត្រូវបិទទ្វារដែរ ដោយខ្លាចមានអំពើហិង្សា៕
ចែករំលែកព័តមាននេះ