ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋភូមិឡពាង និងបឹងកក់ប្រមាណជាង៦០នាក់ កាលពីព្រឹកថ្ងៃទី២៤ មេសា ២០១៤ បានលើកគ្នាមកកាន់ស្នងការដ្ឋានខេត្ត ព្រោះតែឈ្មោះរាជ សេម៉ា ត្រូវបានស្នងការដ្ឋានកោះហៅមកសាកសួរពីរឿងដើរញុះញង់ប្រជាពលរដ្ឋឱ្យជួយតវ៉ា
រឿងវិវាទដីធ្លី ហើយពួកគាត់ខ្លាចមានការឃុំឃាំងណាមួយពីបទញុះញង់ ទើបលើកគ្នាមកយ៉ាងច្រើនបែបនេះ។
លោកវរសេនីយឯកលី វីរៈ ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកសន្តិសុខ បានមានឱ្យថា ការហៅឈ្មោះរាជ សេម៉ា នេះ គឺគ្រាន់តែហៅមកសាកសួរតែប៉ុណ្ណោះ ពីរឿងដើរញុះញង់ប្រជាពលរដ្ឋរហូតមានកោះហៅប្រជុំគ្នាទៀតផង កាលពីថ្ងៃអាទិត្យ ទី២០ មេសា កន្លងមក ដោយគ្មានអាជ្ញាធរភូមិ-ឃុំបានដឹងឡើយ ។
ពេលសាកសួរឈ្មោះនេះបានសារភាពថា ខ្លួនពិតជាបានជួបជុំគ្នាពិភាក្សារឿងដីនេះមែន ។ ឈ្មោះរាជ សេម៉ា ក្រោយពីចេញមកពីក្នុងស្នងការដ្ឋានវិញ បានប្រាប់អ្នកកាសែតថា ខ្លួនមិនត្រូវបានសម្លុតគំរាមកំហែងក្នុងការសាកសួរនេះទេ គឺគ្រាន់តែសួររឿងដើរញុះញង់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ។
គួបញ្ជាក់ផងថា វិវាទដីធ្លីរវាងប្រជាពលរដ្ឋភូមិឡពាងជាមួយក្រុមហ៊ុន K.D.C បានកើតឡើងជាយូរឆ្នាំណាស់មកហើយ គឺក្នុងខណៈដែលក្រុមហ៊ុនបានទិញដីស្របច្បាប់តពីក្រុមហ៊ុនមួយផ្សេងនៅឆ្នាំ២០០៧ ដោយមានប្លង់ត្រឹមត្រូវ ។ ចាប់តាំងពីក្រុមហ៊ុនបានទិញដីនេះមក ប្រជាពលរដ្ឋភូមិឡពាង បានលេចមុខមកទាមទារដីពីក្រុមហ៊ុនវិញ ហើយបានអូសបន្លាយពីពេលនោះមក ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ